រាជធានីភ្នំពេញ ៖ ជនល្បីឈ្មោះខាងឆបោកខ្ចីម៉ូតូយកទៅបញ្ចាំម្នាក់ត្រូវប៉ូលិសប៉ុស្តិ៍សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ខ្លួនកាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ សីហា នៅពេលធ្វើសកម្មភាពខ្ចីម៉ូតូធុន C100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1I-1698 មួយគ្រឿង ទៅបញ្ចាំយកប្រាក់លេងល្បែងចាញ់អស់។ជនសង្ស័យដែលមានឈ្មោះល្បីនោះឈ្មោះម៉ៅ វ័ន ហៅអូវិន ភេទប្រុស អាយុ៤៧ឆ្នាំ ។
តាមឈ្មោះកែវ សុផល ភេទប្រុស អាយុ៥៣ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាម្ចាស់ម៉ូតូបានឱ្យដឹងថា នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១២ សីហា ឈ្មោះម៉ៅ វ័ន ហៅអូវិន ដែលធ្លាប់ស្គាល់គ្នា មកខ្ចីម៉ូតូរបស់គាត់ដោយប្រាប់ថា ទៅផ្ទះមួយភ្លែត ហើយយកម៉ូតូនោះទៅបញ្ចាំចំនួន២២០ដុល្លារ ។ បន្ទាប់មកគាត់បានទូរស័ព្ទសួររកម៉ូតូ ស្រាប់តែជននោះត្រឡប់មកវិញ ប្រាប់ថា ម៉ូតូត្រូវប៉ូលិសចាប់ដោយសុំមួក និងសុំកាតគ្រី ដើម្បីទៅយកម៉ូតូមកវិញ ។ ដោយមានការសង្ស័យគាត់បានទៅតាម និងទូរស័ព្ទហៅបងប្អូនប្តឹងប៉ូលិសឱ្យឃាត់ខ្លួនតែម្តង។ ប្រភពបន្តថា នៅថ្ងៃទី១២ សីហា សមត្ថកិច្ចបានរកឃើញលិខិតបញ្ចាំម៉ូតូចំនួន២គ្រឿង ដែលមួយគ្រឿងទៀតម៉ាកឆាលី។
ព័ត៌មានពីមន្ត្រីសមត្ថកិច្ចឱ្យដឹងថា ជនឈ្មោះម៉ៅ វ័ន ហៅអូវិន នេះ ជាជនល្បីឈ្មោះខាងឆបោកខ្ចីម៉ូតូ យកទៅបញ្ចាំលេងល្បែង ដែលកន្លងមកមានម៉ូតូ ជាច្រើនគ្រឿង រួមទាំងម៉ូតូរបស់ប៉ូលិសសង្កាត់ទួលសង្កែផង ក៏ត្រូវជននោះខ្ចីយកទៅបញ្ចាំ រួចគេចខ្លួនបាត់។
គួរបញ្ជាក់ថា ឈ្មោះម៉ៅ វ័ន ហៅអូវិន នេះកាលពីមុនជាថៅកែផ្ទះសំណាក់មួយនៅសង្កាត់ទួលសង្កែ ហើយជិះរថយន្តទំនើប ដោយសារតែញៀនល្បែង ចាញ់អស់ ហើយដើរខ្ចីម៉ូតូគេយកទៅបញ្ចាំលេងល្បែង ប្រពន្ធចេញលុយនោះឱ្យគេ និងណែនាំមិនស្តាប់ ក៏បានលែងលះគ្នា តែទីបំផុតត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារ ៕
ចែករំលែកព័តមាននេះ