ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី១១ សីហា នៅព្រលានយន្តហោះខេត្ត មានរៀបចំពិធីកម្ទេចគ្រាប់មីន និងកាកសំណល់សង្គ្រាម ក្រោមអធិបតីភាពលោកប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា។
ក្នុងពិធីកម្ទេចគ្រាប់មីន និងកាកសំណល់សង្គ្រាមនៅក្នុងភូមិសាស្ត្រភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែងខាងលើ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឡូយ សុផាត អភិបាលខេត្ត លោកសែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិបោសសំអាតមីន និងកាកសំណល់សង្គ្រាម នាយទាហាន ពលទាហាន យោធភូមិភាគទី១ កងរាជអាវុធហត្ថ នគរបាល និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោកប្រាក់ សុខុន បានមានប្រសាសន៍ថា នេះជាលើកទី៥ហើយ ដែលលោកបានមកទីនេះ ដើម្បីចូលរួមកម្ទេចគ្រាប់មីន និងកាកសំណល់ពីសង្គ្រាម។ ជាពិសេសកាកសំណល់ទាំងអស់ដែលត្រូវកម្ទេចនៅថ្ងៃនេះ គឺជាគ្រាប់សល់ពីសម័យអាមេរិកាំងទម្លាក់គ្រាប់នៅកម្ពុជា ដែលបានធ្វើឱ្យប្រជាពលរដ្ឋទទួលរងគ្រោះរហូតក្លាយជាជនពិការ ហើយខ្លះទៀតទទួលគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។
លោកប្រាក់ សុខុន បានបន្តទៀតថា មជ្ឈមណ្ឌលជាតិបោសសំអាតមីន និងកាកសំណល់ សង្រ្គាមនៅតែបន្តស្វែងរកគ្រាប់មិនទាន់ផ្ទុះ ដែលកប់នៅក្នុងដីរហូតទាល់តែអស់ ដោយត្រូវចំណាយពេលវេលាដ៏វែងឆ្ងាយក្នុងការបោសសំអាត ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ចៀសផុសពីការគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះ។ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវខិតខំស្វែងយល់ពីគ្រោះថ្នាក់នៃគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ បើឃើញវានៅទីណាត្រូវរាយការណ៍មកសមត្ថកិច្ចភ្លាម។ ហើយចំណុចសំខាន់ៗដែលមជ្ឈមណ្ឌលជាតិរកឃើញគ្រាប់មិនទាន់ផ្ទុះមាននៅចំណុចវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង សាលាបឋមសិក្សាស្រះឫស្សី សាលាពេទ្យស្ទឹងត្រែង និងព្រលានយន្តហោះស្ទឹងត្រែង។
បន្ទាប់ពីមានមតិសំណេះសំណាលរួច លោកប្រាក់ សុខុន បានពាំនាំនូវអំណោយមួយចំនួនរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មានជាថវិកា និងសារុង ជូនដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធដែលមានវត្តមានក្នុងពិធីនោះ ហើយមជ្ឈមណ្ឌលជាតិបោសសំអាតមីន និងកាកសំណល់សង្គ្រាម បានជូនម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១១ មួយគ្រឿងដល់ចៅសង្កាត់ស្រះឫស្សី ដែលបានសហការល្អជាមួយមន្រ្តីមជ្ឈមណ្ឌលជាតិប្រចាំខេត្តស្ទឹងត្រែង។
មន្រ្តីមជ្ឈមណ្ឌលជាតិបោសសំអាតមីន និង កាកសំណល់សង្រ្គាមបានឱ្យដឹងថា គ្រាប់ដែលត្រូវកម្ទេចចោលនៅពេលនេះមានចំនួន១.២៧៣គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់ blu 42 bumblet, blu 61 bumblet, 12,7 កាំភ្លើងយន្ត M30 កាំភ្លើងយន្ត និងគ្រាប់ជាច្រើនទៀត៕
ចែករំលែកព័តមាននេះ