ខេត្តកណ្តាល ៖ ចោរលួចខ្សែភ្លើងជាជនជាតិវៀតណាម២នាក់បានត្រូវកម្លាំងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួល និងប៉ូលិសប៉ុស្តិ៍ឃុំពើកចាប់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមផ្ទះប្រជាពលរដ្ឋពេលយប់បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ សីហា ឆ្នាំ២០១១ នៅក្នុងភូមិអង្គស្នួលទី១ ភូមិអង្គស្នួលទី៣ និងភូមិស្រះសង្គម ស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល។
ជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះយូ ទៀង អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះផាម យ៉ាំងសង អាយុ២៨ឆ្នាំ ដូចគ្នា ពួកគេមានទីលំនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានមុខរបរជាជាងសំណង់ ។ ចំណែកឯខ្សែភ្លើងដែលជនជាតិវៀតណាមទាំង២នាក់នេះ លួចមានទម្ងន់១៨គីឡូក្រាមកន្លះ ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ៣នាក់គឺឈ្មោះជា វណ្ណៈ ភេទស្រី អាយុ៣៩ឆ្នាំ ជាកម្មកររោងចក្រ រស់នៅក្នុងភូមិអង្គស្នួលទី១ ឈ្មោះសួន ទូច ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិស្រះសង្គម និងឈ្មោះអ៊ឹម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមជនសង្ស័យបានជិះម៉ូតូ១គ្រឿង ធុន C100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ រ-០៩៥៨ ភព១ ឌុបគ្នាចេញពីផ្ទះជួល ក្នុងភូមិព្រៃទា ដើរធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមផ្ទះប្រជាពលរដ្ឋដោយចាប់ផ្តើមធ្វើសកម្មភាពមុនដំបូងនៅក្នុងភូមិអង្គស្នួលទី៣ បានសម្រេច រួចច្រកចូលបាវ បន្ទាប់មកបន្តទៅកាត់នៅក្នុងភូមិស្រះសង្គមទៀត ។ ខណៈនោះពួកគេធ្វើសកម្មភាពបានសម្រេចទៀត ហើយម្ចាស់មិនបានដឹងឡើយ ក្រោយមក ពួកគេបានត្រឡប់ក្រោយវិញ រួចចូលទៅធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងភូមិអង្គស្នួលទី១ បន្តទៀត ។
ប្រភពដដែលបន្តថា ការធ្វើសកម្មភាពចុងក្រោយនេះត្រូវបានម្ចាស់គេទាន់ ក៏ទូរស័ព្ទប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍ ភ្លាមៗនោះ ប៉ូលិសបានចេញទៅកាន់កន្លែងកើតហេតុ ហើយក្រុមជនសង្ស័យបានស្រាយខ្សែភ្លើងចូលបាវរួចដាក់លើរានកណ្តាលម៉ូតូ ជិះចេញគេចខ្លួនយ៉ាងប្រញាប់ប្រញាល់បំផុត។ ពេលនោះប៉ូលិសបានជិះម៉ូតូដេញតាមរហូតដល់ចំណុចភូមិកៅ ឃុំបែកចាន ចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២គីឡូម៉ែត្រ ទើបចាប់បាននាំយកទៅសាកសួរ។ ពួកគេសារភាពថា ពិតជាបានធ្វើសកម្មភាព លួចកាត់ខ្សែភ្លើងនោះមែន ហើយប៉ូលិសក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ