ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​​2​នាក់​​​បងប្អូន​​បាន​ផ្ទះថ្ម​អំណោយ​លោក​ជំទាវ​​ប៊ុន រ៉ានី ហ៊ុន សែន

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ផ្ទះមួយខ្នងទំហំ៤ម៉ែត្រ​×៥ម៉ែត្រ ធ្វើអំពីថ្ម ដំបូលហ្វ៊ីប្រូស៊ីម៉ង់ត៍​រួមទាំង​អណ្តូងស្នប់មួយ ដែលជាអំណោយ​ដ៏ថ្លៃថ្លា​របស់​លោកជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវ​បានរៀបចំ​ធ្វើពិធីប្រគល់ជូនលោកយាយសួស ថន អាយុ​៨៥ឆ្នាំ និងលោកយាយសួស ធឿង​ អាយុ៦៥ឆ្នាំ

ខេត្ត​កំពង់​ឆ្នាំង​ ៖ ផ្ទះមួយខ្នងទំហំ៤ម៉ែត្រ​×៥ម៉ែត្រ ធ្វើអំពីថ្ម ដំបូលហ្វ៊ីប្រូស៊ីម៉ង់ត៍​រួមទាំង​អណ្តូងស្នប់មួយ ដែលជាអំណោយ​ដ៏ថ្លៃថ្លា​របស់​លោកជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវ​បានរៀបចំ​ធ្វើពិធីប្រគល់ជូនលោកយាយសួស ថន អាយុ​៨៥ឆ្នាំ និងលោកយាយសួស ធឿង​ អាយុ៦៥ឆ្នាំ ពីរនាក់បងប្អូន ដែលក្រីក្រលំបាក​និង​មានជំងឺ រស់​នៅក្នុងភូមិត្រពាំងគ ឃុំជ្រៃបាក់​ស្រុរលា​ប្អៀរ ។ ពិធីនេះបានប្រព្រឹត្តធ្វើ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ក្រោមអធិបតីភាព លោកទូច ម៉ារីម ប្រធានកិត្តិយស​សាខា​កាក​បាទក្រហម ​​ខេត្ត​​​និងជាអភិបាលខេត្ត និង​លោក​ជំទាវ ដោយ​មានការអញ្ជើញចូលរួមពី​លោកអ៊ុន សំអុល ប្រធានគណៈកម្មាធិការ​សាខា លោកហ៊ី ណាត ហិរញ្ញិក គណៈកម្មាធិការ​សាខា សមាជិក​​​-សមា​ជិកាយុវជនកាកបាទក្រហម​លោកអភិ​បាល​ស្រុក ​មេឃុំ និងប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត ។

លោកប្រាក់ សោភ័ណ នាយកសាខាកាក​បាទក្រហមខេត្តបានថ្លែង​ថា ដោយមើល​ឃើញ​ទុក្ខលំបាករបស់លោកយាយទាំងពីរតាម​រយៈ​ការចុះផ្សាយរបស់សារ​ព័ត៌មានកោះសន្តិ​ភាព​សាខាកាកបាទក្រហមដោយមានការ​ណែនាំ​ពីលោកប្រធានកិត្តិយសសាខា ក៏បាននាំ​យក អំណោយមកផ្តល់ជូនលោកយាយ​ជា​បន្ត​បន្ទាប់​​ពេលកន្លងមក។ ជាពិសេស ថ្មីៗនេះ លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា បានផ្តល់ជូននូវផ្ទះមួយខ្នង​មានទំហំ៤ម៉ែត្រ​×៥ម៉ែត្រ​ធ្វើអំពីថ្មក្រាលឥដ្ឋ​ការ៉ូ ទ្វារ បង្អួចដែកនិងកញ្ចក់ ប្រក់ដំបូលហ្វ៊ី​ប្រូ​ស៊ីម៉ង់ដ៍​ មានបន្ទប់ទឹក១ ដែលសាខាកាក​បាទ​ក្រហមខេត្តរៀបចំជួលជាងកសាង មានរយៈ​ពេល១៣ថ្ងៃគិតពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី​៣ ខែសីហា រួចរាល់ជាស្ថាពរដោយចំណាយ​អស់​ទឹកប្រាក់សរុបចំនួន២.២៥០ដុល្លារ​។ ក្រៅពី​នេះ​ ក៏បានកសាងអណ្តូងទឹកស្នប់មួយទៀតមាន​តម្លៃ២០០ដុល្លារ និងបានឧបត្ថម្ភរទេះរុញ​ចំនួន​មួយផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកទូច ម៉ារីម បានពាំនាំនូវការសាកសួរសុខទុក្ខនិង​នឹក​រលឹករបស់​សម្តេចទាំង៣ ដែលជាប្រមុខដឹកនាំ​​ ជានិច្ចកាលតែងជួយ​ប្រជាពលរដ្ឋក្រីក្រជួប​ការលំបាក ។​ ដូចលោកយាយទាំងពីរនាក់បង​ប្អូន​ដែល​ក្រីក្រនិងគ្មានផ្ទះសំបែង រស់នៅក្នុងខ្ទម​ធ្លុះ​ធ្លាយរកកន្លែងជ្រកមិនបាននិងមានជំងឺ​ហើម​ស្ពឹក​ទៀត គឺលំបាកពេកណាស់ ទើបលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដោយក្តី​មេត្តា អាណិតអាសូរក៏បានផ្តល់ជូននូវផ្ទះ​ថ្មយ៉ាងរឹង​មាំ​ប្រកបដោយផា​សុកភាពនេះជូន​លោកយាយ​ទាំង​ពីរ​នាក់បងប្អូនហើយ​​ប្រគល់ជូនលោក​យាយ​ទាំងពីរនាក់ឱ្យចូល​រស់នៅចាប់ពីពេល​នេះ​តទៅ។ ក្នុងឱកាសនោះដែរ លោកអភិបាល​ខេត្ត​​បាន​ឧបត្ថម​លោក​យាយទាំងពីរនាក់​នូវ​ថវិកា​២០ម៉ឺនរៀល និងឧបត្ថម្ភ​ក្រុមកាយឫទ្ធិ​និង​សមត្ថកិច្ចការពារ១០ម៉ឺន៦ពាន់​រៀលផង​ដែរ។

លោកយាយសួស ធឿង ជាប្អូន បាន​លើក​ដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវ​មហា​​គុណដ៏ធំធេងរបស់លោកជំទាវ​ប៊ុន រ៉ានី ហ៊ុន សែន និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ   ក្នុង​​លោក​តាម​ជួយបីបាច់ថែរក្សាលោកជំទាវ និង​សម្តេច​ព្រមទាំងបុត្រជួបតែសេចក្តីសុខសុភ​មង្គល និង​ប្រកបដោយពុទ្ធពរទាំង៤ប្រការ​ កុំបីឃ្លៀង​ឃ្លាត​ឡើយ។ ​លោកយាយក៏មិនភ្លេច​ថ្លែង​អំណរ​គុណសារព័ត៌​មានកោះសន្តិភាព ដែល​បានចុះ​ផ្សាយ​ពីជីវិតនិង​ទុក្ខលំបាក​របស់​លោក​យាយពី​ពេលកន្លងទៅ​ទើបធ្វើឱ្យមាន​ថ្ងៃ​នេះ ៕