ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណី​ឪពុកជា​អគ្គនាយករង​នៃ​ក្រសួង​រ៉ែ និង​ថាមពល បើក​ឡាន​ដេញបំបុ.កឡាន​ព្រូស និងផ្ទុះអាវុ.ធច្រើនគ្រា.ប់ បែរជាត្រូវ​កូនបង្កើត​ រងរបួ.ស​ ផ្អើល​ខណ្ឌព្រែកព្នៅ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉ក់ សុ​ភ័​ក្ដ្រា អគ្គនាយករង​នៃ​ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ ដែល​បណ្ដាល​ឱ្យ​កូនប្រុស​បង្កើត​របស់​លោក​រង​របួស ក្រោយ​ការ​បើករថយន្ត​ដេញ​បំ​បុក​គួរ​ឱ្យ​ញ៉ាក់សាច់ ។ គួររំលឹកថា ឪពុក​បើកឡាន​ដេញ​បំ​បុ​.​ក​ឡាន​ព្រូស និង​ផ្ទុះ​អា​វុ​.​ធ​ច្រើន​គ្រា​.​ប់ បែរជា​ត្រូវ​កូន​ខ្លួនឯង រងរ​បួ​.​ស ផ្អើល​ខណ្ឌ​ព្រែក​ព្នៅ

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ជាបឋម​ភ្លាម​ៗ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​លោក ម៉ក់ សុ​ភ័​ក្ដ្រា បាន​បើករថយន្ត​ដេញ​តាម​រថយន្ត​របស់​ប្រពន្ធ​លោក ដោយសារ​មានការ​សង្ស័យ​ថា ប្រពន្ធ​កំពុង​ធ្វើ​ដំណើរ​ជាមួយ​បុរស​ផ្សេង ។ បើ​និយាយ​ឱ្យ​ចំ​ទៅ​លោក​បាន​ចោទ​ប្រពន្ធ​លោក​ថា​មាន​ប្រុស​សហាយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​កំហឹង លោក​បាន​ដក​អាវុធ​បាញ់​គំរាម ក្នុង​គោលបំណង​ស្ទាក់​ឃាត់​រថយន្ត​ប្រពន្ធ ប៉ុន្តែ​គ្រាប់កាំភ្លើង​បាន​បណ្ដាល​ឱ្យ​ត្រូវ​ក្បាលពោះ​កូនប្រុស​បង្កើត​របស់​លោក ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ពិនិត្យ និង​ចាត់វិធានការ​តាម​នីតិវិធី ។ ទោះជា​យ៉ាងណា តាម​ប្រភព​ព័ត៌មាន​ខាងលើ នៅ​ពេល​សមត្ថកិច្ច​ទៅ​ដល់ គេ​មិន​បានឃើញ​ប្រពន្ធ​របស់​លោក និង​បុរស​ដែល​ត្រូវ​បាន​សង្ស័យ​ថា​រួម​ដំណើរ​ជាមួយ​នោះ​ឡើយ ។ ករណី​នេះ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អាវុធ ដែល​បណ្ដាល​ឱ្យ​សមាជិកគ្រួសារ​រង​របួស ។

សូម​បញ្ជាក់​ថា ព័ត៌មាន​ខាងលើ​ផ្អែក​លើ​ការ​រាយការណ៍​ពី​ប្រភព​សមត្ថកិច្ច​ដែល​បាន​លើក​ឡើង ហើយ​ព័ត៌មាន​លម្អិត​អំពី​ហេតុការណ៍ ស្ថានភាព​ជន​រង​គ្រោះ និង​ចំណាត់ការ​ផ្លូវការ​របស់​សមត្ថកិច្ច នៅ​ត្រូវការ​បញ្ជាក់​បន្ថែម ។ ការ​ចោទប្រកាន់ និង​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ជីវិត​ឯកជន​របស់​បុគ្គល​ណាមួយ មិន​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ពិត​ភ្លាម​ៗ​នោះ​ទេ ។

ភ្លាម​ៗ​គេ​មិនដឹង​ថា ទំនាស់​គ្រួសារ​នេះ​មានរឿង​រ៉ាវ​យ៉ាងណា​ទេ ដែល​បុរស​ម្នាក់​គេ​ស្គាល់​ថា ជា​អគ្គនាយករង​ក្រសួង​រ៉ែ និង​ថាមពល​បាន​បើករថយន្ត​ម៉ាក Ford Ranger ពាក់​ផ្លា​ក​លេខ​រដ្ឋ ដេញ​តាម​កាក់ និង​បំ​បុក រថយន្ត​ម៉ាក Toyota Prius រហូត​ដល់​ការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ទៅ​ត្រូវ​កូនប្រុស​ខ្លួនឯង​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​ជន​ដៃដល់​ជា​ឪពុក ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ បាតុភាព​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៦ នៅ​ចំណុច​ម្តុំ​លក់​ទឹកត្នោតជូរ​មួយ​កន្លែង ក្នុងភូមិ​ជ្រេ​ស សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​២​គ្រឿង មួយ​គ្រឿង ម៉ាក Toyota Prius ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AV 5381 ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ តែ​ប្រភព​ខ្លះ​ទៀត​ថា​ជិះ​គ្នា​៤​នាក់ ក្នុង​រថយន្ត​ព្រូស ។

ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក Ford Ranger ពណ៌​ស ពាក់​ផ្លា​ក​លេខ រដ្ឋ ១៣២.១៩៦៩ ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់​និង​ស្រី​ម្នាក់ មិនដឹង​ថា​មាន​បញ្ហា​អ្វី​នោះ​ទេ បាន​បើក​ដេញ​គ្នា​តាម​ពីក្រោយ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់​ឃើញ​រថយន្ត Ford Ranger បើក​បំ​បុក​រថយន្ត Toyota Prius ពីក្រោយ​ដោយ​មាន​មនុស្ស​រត់​ចុះ​ពីលើ​រថយន្ត និង​មាន​សំឡេង​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ បណ្ដាល​ឱ្យ​បុរស​ម្នាក់​ត្រូវជា​កូនប្រុស​ដែល​រួម​ដំណើរ​រង​របួស​ពោះ​ចំហៀង​ខាងឆ្វេង ។ លុះ​ពេល​សមត្ថកិច្ច​សួរនាំ​ទៅ ទើប​ដឹង​ថា បុរស​ជា​ឪពុក​បាន​បាញ់​ត្រូវ​កូន​ខ្លួនឯង បាន​បញ្ជូន​ទៅ​សង្គ្រោះ​តាម​រថយន្ត​សា​មុ​យ យក​ទៅ​មន្ទីរពេទ្យ​ផង​ដែរ ។ ទោះជា​បែប​ណា ការ​រង​របួស​នោះ ខណៈ​ដែល​បុរស​ជា​ឪពុក​បាញ់​ទៅ​លើ​បុរស​ម្នាក់​ដែល​ចោទ​ជា​ប្រុស​សហាយ​ហើយ​កូនប្រុស​ក៏​ស្ទុះ​ចូល​ទៅ​ឃាត់​ក៏​ត្រូវ​របួស​តែ​ម្តង ។

ដោយឡែក​បុរស​ជា​ឪពុក រួម​ទាំង​វត្ថុ​តាង​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក K59 ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ និង​អនុវត្ត​និ​តិ​វិធី​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ។

ករណី​នេះ​ភ្លាម​ៗ បុរស​ជា​ឪពុក​បាន​និយាយ​ថា មិនមែន​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ ហើយ​គាត់​បាញ់​ដើម្បី​បង្អាក់ដំណើរ​រថយន្ត Toyota Prius តែ​ត្រូវ​ចំ​កូនប្រុស​របស់​គាត់ ។

កូនប្រុស​ដែល​រង​របួស​ឈ្មោះ សុ​ភ័​ក្ត្រា វរៈ​បុត្រ អាយុ​២២​ឆ្នាំ ជា​និស្សិត ត្រូវ​ក្បាលពោះ​១​គ្រាប់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​លោក​អគ្គនាយករង បាន​ផ្ទុះ​កំហឹង​ដក​កាំភ្លើងខ្លី​មួយ​បាញ់​ចំនួន​៣​គ្រាប់ ដែល​២​គ្រាប់​បាញ់​គំរាម និង​១​គ្រាប់​បាញ់​តម្រង់​ទៅ​បុរស​ម្នាក់​ដែល​លោក​ចោទ​ថា​ជា​សហាយ តែ​អកុសល​ទៅ​ត្រូវ​កូនប្រុស​របស់​ខ្លួន​ដែល​បាន​ស្ទុះ​ទៅ​ឃាត់​បុរស​ជា​សហាយ​នោះ ។ បន្ទាប់​ពី​កើតហេតុ​បង្ក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដែល​ស្ថិត​នៅ​ជិត​នោះ​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​បង្ក​បញ្ជូន​មក​សាកសួរ ។ ចំណែក​កូនប្រុស​រង​របួស​ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​តាម​ទាន់​ប្រពន្ធ​ជិះ​រថយន្ត​ជាមួយ​ប្រុស​សហាយ គឺ​បុរស​ជា​ប្តី និង​កូន​បាន​តាមដាន តាម​រយៈ​ប្រព័ន្ធ GPS ដែល​បាន​លួច​បង្កប់​ក្នុង​រថយន្ត​របស់​ប្រពន្ធ​ហើយ​បាន​មក​ទាន់​ប្រពន្ធ ក៏​បាន​បើករថយន្ត​ដេញ​កាក់​ឱ្យ​ឈប់ តែ​មិន​ព្រម​ឈប់​ក៏​បើក​ដេញ​បុក​និង​ដក​កាំភ្លើង​បាញ់​តែ​ម្តង ។

តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ហេតុការណ៍​ផ្ទុះអាវុធ​នេះ​ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ តាម​ទាន់​ប្រពន្ធ​ជិះ​រថយន្ត​ជាមួយ​ប្រុស​សហាយ ។ តាម​លោក ម៉ក់ សុ​ភ័​ក្ដ្រា ដែល​ជា​អគ្គនាយករង​បានឱ្យ​ដឹង​ថា គាត់​បាន​បើករថយន្ត​មក​កាក់​ឱ្យ​ឈប់​និយាយ​គ្នា តែ​ពុំ​ព្រម​ឈប់​ក៏​បាន​បើករថយន្ត​ដេញ​បុក​និង​បាញ់​គំរាម​តែ​បែរជា​ត្រូវ​កូន​ខ្លួនឯង ។

ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​លោក​អគ្គនាយករង​រូប​នោះ បាន​លួចលាក់​មាន​សហាយស្មន់​ជាមួយ​អង្គរក្ស​ពិត​ឬ​យ៉ាងណា​នោះ​ទេ ? បន្ទាប់​ពី​ការ​ផ្ទុះអាវុធ ជន​បង្ក​រួម​នឹង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕