ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​ប្រណាំងទូក​.​ង​ ​នៅ​ទំនប់​ស្ពាន​ស្រែង ដើម្បី​អបអរក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ផ្តើមបើកកម្មវិធី នារសៀលនេះ​

2 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ​រសៀល​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ ២០២៦ នេះ​ លោក សុខ ណា​រ៉េ​ត អភិ​បាល នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ បាន​ថ្លែង​ក្នុង «​ពិធី​បើក​កម្មវិធី​ប្រណាំងទូក ​ង​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​» ស្ថិត​នៅ​ទំនប់​ស្ពាន​ស្រែង ក្នុងភូមិ​ស​សៃ​ពង ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ដោយ​មាន​ការនិមន្ត និងអញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះ​អង្គ ឡ​ន ម៉ក់ ព្រះ​ធម្មធរ​អនុគណ​ស្រុក​ក្រឡាញ់ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ និង​លោក លោក ស្រី មន្ត្រី​រាជ​ការ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ លោក​មេ​ឃុំ ក្រុមប្រឹក្សា​ឃុំ​តា​អាន ស្រុក​ក្រឡាញ់ និង ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក និង​ក្រុម​យុវជន បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​កិត្តិយស និង​បងប្អូន​កីឡាករ​ទូក «​ង​» ទាំង​អស់ ដែល​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​។ គួររំលឹកថា ខេត្តសៀមរាប រៀបចំ​ពិធី​ប្រណាំងទូក​.​ង រយៈពេល​២​ថ្ងៃ នៅ​ទំនប់​ស្ពាន​ស្រែង ដើម្បី​អបអរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

លោក​អភិបាលស្រុក មាន​សេចក្តី​សោមនស្ស​រីករាយ និង​រំភើប​ញាប់​ញ័រ​យ៉ាង​ក្រៃ​លែង ដែល​បាន​មក​ចូលរួម​ជា​អធិបតី​ក្នុង «​ពិធី​បើក​កម្មវិធី​ប្រណាំងទូក ​ង​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​» លើ​ទឹកដី​ប្រវត្តិសាស្ត្រ និង​ទេសភាព​ដ៏​ត្រកាល​នៃ​ទំនប់​ស្ពាន​ស្រែង ស្ថិត​ក្នុងភូមិ​ស​សៃ​ពង ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប នា​ពេល​នេះ​។ ក្នុង​នាម​រដ្ឋបាល​ស្រុក​ក្រឡាញ់ លោក​សូម​សម្តែង​នូវ​ការ​កោតសរសើរ និង​អរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​គំនិត​ផ្តួច​ផ្តើម និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ព្រះ​ចៅអធិការ​វត្ត ព្រះ​នាម មេត្តា​ព​លោ ឡ​ន ម៉ក់ ព្រះ​ធម្មធរ​អនុគណ​ស្រុក​ក្រឡាញ់ និង​គណៈកម្មការ​វត្ត​ចន្ទ​សា​យស​ត្ថា​រាម (​ហៅ​វត្តស​សៃ​ពង​) ដែល​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋបាល​ឃុំ និង​ទទួល​បានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក​ផង​ដែរ ។‎

ទន្ទឹម​នឹង​នេះ លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល ខេត្តសៀមរាប ដែល​បាន​ផ្ដល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្មវិធី​នេះ ព្រមទាំង​បាន​បញ្ជូន​ក្រុម​កីឡាករ​ទូក ង ចំនួន ២ គ្រឿង មក​ចូលរួម​ប្រកួត​មិត្តភាព ដកស្រង់​បច្ចេក​ទេស និង​ផ្លាស់​ប្តរ​បទ​ពិសោធន៍ ជាមួយ​កីឡា​ករ ក្នុង​មូលដ្ឋាន​យើង ដែល​នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​លើក​ស្ទួយ​វិស័យ​កីឡា​ទូក​ប្រពៃណី និង​ពង្រឹង​សាមគ្គីភាព​ក្នុង​ខេត្ត​។

គួរ​បញ្ជាក់​ថា ‎​កន្លង​មក ព្រះ​អង្គ និង​គណៈកម្មការ​វត្ត តែងតែបាន​រៀបចំ​កម្មវិធី​ប្រណាំងទូក «​ង​» ជា​រៀង​រាល់​ឆ្នាំ​ក្នុង​លក្ខណៈ​បងប្អូន និង​ក្នុង​ឆ្នាំ​២០១៧ ក៏​ធ្លាប់​បាន​រៀបចំ​ជា​ព្រឹត្តិការណ៍​ធំដុំ ប្រកបដោយ​បរិយាកាស​រីករាយ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​កុះករ​រួច​មក​ហើយ​។ សម្រាប់​ឆ្នាំ​នេះ លោក​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​សាមគ្គីភាព និង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វាហាប់​របស់​គណៈកម្មការ​រៀបចំ​កម្មវិធី អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​រួម​គ្នា​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ដ៏​អធិកអធម​នេះ​ឡើង​។ ការ​រៀបចំ​នេះ មិន​ត្រឹមតែ​ជា​ការ​បង្កើត​បរិយាកាស​សប្បាយ រីករាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​ចូល រួមចំណែក យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា លើក​ស្ទួយ​ប្រពៃណី ទំនៀមទម្លាប់ និង កីឡា​ប្រពៃណី​ជាតិ​របស់​ដូនតា ខ្មែរ យើង បានឱ្យ​គង់វង្ស យូរអង្វែង​។

‎​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដែល​មាន​ទូក «​ង​» ចូលរួម​ប្រកួតប្រជែង​សរុប​ចំនួន ១០ ទូក នា​ពេល​នេះ លោក​សូម​ផ្តាំផ្ញើ​ដល់​បងប្អូន​កីឡាករ​ទាំងអស់ សូម​ចូលរួម​ប្រកួត​ដោយ​ឈរ​លើ​ស្មារតី «​កីឡា ដើម្បី​សុខភាព មិត្ត​ភាព និង​សាមគ្គីភាព​»​តាម​បទបញ្ជា​នៃ​ការ​ប្រកួត ដោយ​ស្មោះត្រង់ យោគយល់​អធ្យាស្រ័យ​គ្នា និង​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់​។

ទន្ទឹម​នឹង​បរិយាកាសយ៉ាង​​សប្បាយ​រីករាយ​នេះ ដើម្បី​ឱ្យ​កម្មវិធី​ប្រណាំងទូក​របស់​យើង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន សុវត្ថិភាព និង​ទទួល​បាន​ជោគជ័យ​ទាំងស្រុង ចាប់តាំងពី​ពេល​ចាប់ផ្ដើម​រហូត​ដល់​បញ្ចប់ លោក សូម​អំពាវ នាវ និង​សង្កត់ធ្ងន់​លើ​ការ​ចូលរួម​អនុវត្ត​ដូច​ខាងក្រោម​៖

-​សុវត្ថិភាព​ចរាចរណ៍​ផ្លូវទឹក (​ចំណុច​បន្ថែម​សំខាន់​)៖ ដោយសារ​កម្មវិធី​នេះ​ប្រព្រឹត្ត ទៅ​នៅ​លើ​ផ្ទៃ​ទឹក ទំនប់​ស្ពាន​ស្រែង លោក សូម​អំពាវនាវ​ដល់​បងប្អូន​កីឡាករ​ទូក «​ង​» ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយ​ត្រូវ​បំពាក់​ឧបករណ៍​សុវត្ថិភាព និង​ពាក់អាវ​ពោង​ឱ្យ​បាន​គ្រប់​ៗ​គ្នា មុន​នឹង​ចុះទូក​ប្រកួត​។ ក្រុមការងារ​បច្ចេកទេស និង​ក្រុម​សង្គ្រោះ​បឋម ត្រូវ​ប្រចាំ​ការ​ឱ្យ​បាន​ម៉ត់ចត់​ជា​ប្រចាំ ដើម្បី​ត្រៀមខ្លួន​អន្តរាគមន៍​បាន ទាន់​ពេលវេលា​ក្នុង​ករណី​មាន​គ្រោះថ្នាក់​ជាយ​ថា ហេតុ​។ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជិះទូក​លេង កម្សាន្ត​តាម​ដងទឹក ក៏​ត្រូវ​ប្រុង ប្រយ័ត្ន​ខ្ពស់ និង​ជៀសវាង​ការ​ផ្ទុក​លើស​ទម្ងន់​។

ការ​បង្ការ​គ្រោះថ្នាក់​លង់ទឹក (​ពិសេស​កុមារ​) អាណាព្យាបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​មើលថែ​កូនចៅ​តូច​ៗ ឱ្យ​បាន​ដិត​ដល់​បំផុត ដោយ​មិន​ត្រូវ​បណ្តោយ​ឱ្យ​ចុះ​លេង​ទឹក​ដោយ​គ្មាន​ការ​ត្រួត ពិនិត្យ​នោះ​ឡើយ​។

-ការ​ចៀសវាង​គ្រឿង​ស្រវឹង និង​គ្រឿងញៀន សូម​បងប្អូន​ប្រជាពលរដ្ឋ និង យុវជន ទាំងអស់ ជៀសវាង​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​សារធាតុ​ញៀន និង​ការ​ពិសារ​​គ្រឿង​ស្រវឹង​ហួសប្រមាណ​រហូត​បាត់បង់​ម្ចាស់​ការ ដែល​នាំ​ឱ្យ​កើត​មាន​ជម្លោះ ឬ​អំពើ​ហិង្សា​ក្នុង​ពេល​កម្សាន្ត​។

-​ការ​លុប​បំបាត់​ល្បែងស៊ីសង និង អំពើ​ហិង្សា ហាម​ដាច់ខាត​ការ​លួចលាក់​បើក ឬ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ និង ត្រូវ​រួម​គ្នា​រក្សា​ភាព​ស្ងប់ស្ងាត់ យោគយល់​អធ្យាស្រ័យ​គ្នា ដើម្បី​បង្ការ​អំពើ​ហិង្សា​គ្រប់​រូបភាព​។

-​ការ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​គោក​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​មក​កម្សាន្ត​និង​ត្រឡប់​ទៅ​ផ្ទះ​វិញ សូម​ធ្វើ​ដំណើរ​ដោយ​ប្រុង​ប្រយ័ត្ន បើកបរ​គោរព​ច្បាប់​ចរាចរ ណ៍ និង​ពាក់មួក​សុវត្ថិភាព និង​ប្រកាន់ខ្ជាប់​គោល ការណ៍ ក្នុង​ពេល​«​បើកបរ​មិន​ត្រូវ​ពិសារ​​គ្រឿង​ស្រវឹង​»​។ ‎​

បន្ថែម​ពី​នេះ លោក​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី កង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សូម​បង្កើន​កិច្ច​សហ ការ​សម្រួល​ចរាចរណ៍​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ទាំងអស់ ចូលរួម​ថែរក្សា​អ​នា​ម័​យ បរិស្ថាន វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ក្នុង​ធុងសំរាម​ឱ្យ​បាន​ត្រឹមត្រូវ​។

សូម​បងប្អូន​ទាំងអស់​គ្នា​បំផុសស្មារតី​ចូល​រួម​គាំទ្រ​ដំណើរ​ការ​កម្មវិធី​នេះ​ឱ្យ​បាន​ផុសផុល ដើម្បី​ធានា​ថា ព្រឹត្តិការណ៍​របស់​យើង​ទទួល​បាន​ជោគជ័យ​ត្រចះ ត្រចង់ នាំ​មក​នូវ​មោទនភាព​សម្រាប់​ស្រុក​ក្រឡាញ់​យើង​ទាំងមូល ផង​ដែរ ៕
‎