ក្រុងប៉ោយប៉ែត ៖ រទេះលក់នំបញ្ចុក និងលក់បាយចំនួន២រទេះ ត្រូវបានមន្ត្រីកាំកុងត្រូលសហការជាមួយសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឆែកឆេររកឃើញសាច់មាន់ចម្រុះខូចគុណភាពជិត៣០០គីឡូក្រាម។ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០១១ ខណៈម្ចាស់រទេះទាំង២អូសត្រឡប់ពីលក់នៅផ្សាររុងក្លឿទឹកដីសៀមវិញ។
រទេះទាំង២ដែល១គ្រឿងលក់នំបញ្ចុកជារបស់ឈ្មោះអែក ហួន ភេទស្រី អាយុ៥៥ឆ្នាំ និងរទេះលក់បាយមានម្ចាស់ឈ្មោះកៀន ចាន់ធឿន ភេទស្រី អាយុ២៤ឆ្នាំ។ អ្នកទាំង២មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែតជាមួយគ្នា។
ក្រោយពេលមន្ត្រីជំនាញ និងសមត្ថកិច្ចឆែកឆេររកឃើញសាច់មាន់ចម្រុះខូចគុណភាពដាក់បង្កប់ក្នុងឃ្លុបរទេះផ្នែកខាងក្រោម លោកសួរនាំម្ចាស់រទេះលក់នំបញ្ចុកឈ្មោះអែក ហួន បានឆ្លើយថា គាត់ស៊ីឈ្នួលដឹកឱ្យគេបាន៥ដងហើយបើគិតទាំងលើកនេះ ចំណែកឈ្មោះកៀន ចាន់ធឿន ជាម្ចាស់រទេះលក់បាយបានប្រាប់ថា ខ្លួនទើបតែស៊ីឈ្នួលដឹកឱ្យគេ បាន២លើកប៉ុណ្ណោះ។ រទេះឈ្មោះអែកហួន ដឹកប្រហែល១០០គីឡូក្រាម ឯរទេះរបស់ឈ្មោះកៀន ចាន់ធឿន ដឹកជិត២០០គីឡូក្រាម។ ទាំងរទេះនិងម្ចាស់ទាំង២ក្រោយការដឆែកឆេររកឃើញសាច់ខូចគុណភាពហើយ ត្រូវបានបញ្ជូនមកកាន់ស្នងការកាំកុងត្រូលដើម្បីសួរនាំ និងធ្វើកំណត់ហេតុ។
ជុំវិញបញ្ហាខាងលើនេះ ត្រូវបានលោកអ៊ុត សុភាពប្រធានសាលាកាំកុងត្រូលខេត្តប្រាប់តាមទូរស័ព្ទថា ក្រោយការសួរនាំម្ចាស់រទេះទាំង២ ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការនាំយកសាច់ខូចគុណភាពបន្តទៀត ហើយបានឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែលោកថា សម្រាប់រទេះទាំង២គ្រឿងមិនឱ្យវិញទេ ដោយសារកន្លងមករទេះលក់បាយជាច្រើនគ្រឿងចេញចូលលក់នៅថៃពុំត្រូវបានឆេកឆេរទើបហ៊ានលោតឆត្រ៕
ចែករំលែកព័តមាននេះ