ខេត្តពោធិ៍សាត់ ៖ បុគ្គលិកមន្ទីរពេទ្យខេត្តម្នាក់បានបាត់បង់ប្រាក់អស់ចំនួន១៩.០០០ដុល្លារ និង៦២០.០០០រៀល ដោយសារចោរគាស់ផ្ទះចូលលួច ខណៈពេលម្ចាស់មិននៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៨ សីហា ឆ្នាំ២០១១ នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ប៉ុន្តែម្ចាស់ផ្ទះទើបតែដឹងនៅល្ងាចថ្ងៃទី៩ សីហាប៉ុណ្ណោះ លុះព្រឹកឡើងថ្ងៃទី១០ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។
លោកប៉ិច ប៊ុនធឿន អាយុ៥០ឆ្នាំ ជាម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា លោកបម្រើការងារជាមន្ត្រីពេទ្យស្រុកប្រតិបត្តិសំពៅមាស មានផ្ទះពីរកន្លែង មួយកន្លែងជាផ្ទះចាស់ ស្ថិតនៅភូមិព្រែកស្តី សង្កាត់លល.កស ក្រុងពោធិ៍សាត់ និងមួយកន្លែងទៀតជាផ្ទះធ្វើថ្មីនៅម្តុំផ្លូវចាក់សំរាម ភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ដែរ ។ កាលពីយប់ថ្ងៃទី៨ សីហា ឆ្នាំ២០១១ លោកដេកនៅផ្ទះចាស់ក្នុងភូមិព្រែកស្តី មិនបានសម្រាកនៅផ្ទះថ្មីកន្លែងកើតហេតុភូមិទួលម្កាក់នោះទេ ។ ព្រឹកឡើងថ្ងៃ៩ សីហា លោកបានចុះទៅបំពេញបេសកកម្មការងារនៅឃុំស្យា ស្រុកកណ្តៀង លុះដល់ម៉ោង៤រសៀលត្រឡប់មកវិញ លោកបានទៅផ្ទះថ្មីឯភូមិទួលម្កាក់ ។ ពេលចាក់សោចូលក្នុងផ្ទះលោកស្រឡាំងកាំងយ៉ាងខ្លាំង ដោយសារឃើញបង្អួចបន្ទប់កណ្តាលផ្នែកខាងលិចមានស្នាមគាស់ចម្រឹងដែកពីក្រៅរបើកអាចឱ្យមនុស្សចូលបាន ។ ពេលក្រឡេកមើលថតទូ និងប្រអប់គ្រែឃើញរបើកទៀតកាន់តែធ្វើឱ្យលោកតក់ស្លុតថែមទៀត លុះពេលទៅបើកមើលស្រាប់តែលុយនៅក្នុងនោះចំនួន១៩.០០០ដុល្លារ និង៦២០.០០០រៀល បាត់អស់រលីងតែម្តង ។
លោកអនុសេនីយ៍ទោ ឡែន គឹមឈាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាបឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះភ្លាម លោកវរសេនីយ៍ត្រី ឡែន សុង អធិការនគរបាលក្រុងពោធិ៍សាត់ បានចាត់ឱ្យកម្លាំងរបស់លោកសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យដល់ទីកន្លែងកើតហេតុ ។ ផ្ទះរបស់ លោកប៉ិច ប៊ុនធឿន ជាផ្ទះតៀមឆ្ងាយពីផ្ទះអ្នកជិតខាង ជាហេតុធ្វើឱ្យពួកចោរងាយធ្វើសកម្មភាពគាស់បង្អួចចូលលួចយកលុយបាន ។ នេះចោរគាស់ត្រឹមតែបង្អួច បើគាស់ទ្វារវិញអាចលើកយកគ្រឿងសង្ហារិមធ្វើពីឈើប្រណីតអស់ជាមិនខាន។ ភ្លាមៗសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានយ៉ាងណានៅឡើយទេ និងកំពុងតែសហការគ្នាធ្វើការស៊ើបអង្កេតបន្តទៀត ៕
ចែករំលែកព័តមាននេះ