ធនាគារកណ្តាលអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួននឹងបន្តរក្សាការប្រាក់ឱ្យនៅទាបយ៉ាងហោចណាស់ក៏២ឆ្នាំទៀតដែរ។ បន្ទាប់ពីមានកិច្ចប្រជុំនយោបាយលើកទី៥ ក្នុងឆ្នាំនេះ ធនាគារកណ្តាលបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ផ្សារហ៊ុនអាមេរិក និងធ្វើឱ្យមានការប្រែប្រួលគួរឱ្យកត់សម្គាល់ចំពោះសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។
ធនាគារកណ្តាលអះអាងថា ផែនការក្នុងការរក្សាអត្រាការប្រាក់ទាបនឹងធ្វើឡើងបន្តរហូតយ៉ាងហោចណាស់ក៏ដល់ត្រឹមពាក់កណ្តាលឆ្នាំ២០១៣ ដែរដើម្បីបង្កើតស្ថានភាពស្តារសេដ្ឋកិច្ចឡើងវិញ។ ការបង្កើតអត្រាការប្រាក់ទាបគឺជាគន្លឹះក្នុងការលើកស្ទួយសេដ្ឋកិច្ច ពីព្រោះវានឹងបង្កើនការចំណាយនិងការខ្ចីប្រាក់។ ធនាគារកណ្តាលអាមេរិកបានរក្សាអត្រាការប្រាក់ទាបក្បែរសូន្យចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះ និងបានបញ្ជាក់ថា នឹងបន្តយន្តការនោះទៅមុខទៀត។
ស្របពេលជាមួយគ្នានោះដែរ អ្នកវិនិយោគ បានបាត់បង់ប្រាក់របស់ខ្លួនចំនួន១សែនកោដិក្នុងផ្សារហ៊ុនកាលពីថ្ងៃចន្ទ ដោយសារវិបត្តិប្រាក់បំណុលអឺរ៉ុប ព័ត៌មានសេដ្ឋកិច្ចស្រអាប់មិនច្បាស់ណាស់ និងស្របពេលដែលអត្រាឥណទានអាមេរិកបានធ្លាក់ចុះ។ ផ្សារហ៊ុន Wilshire 5000 Tital Market ធ្លាក់ចុះ៧ភាគរយកាលពីថ្ងៃចន្ទ ដែលមានតម្លៃ ប្រហែលនឹង១សែនកោដិ៕
ចែករំលែកព័តមាននេះ