សមាគមស្បៀងអាហារវៀតណាម(VFA) កាលពីថ្ងៃសុក្របានច្រានចោលពាក្យចចាមអារ៉ាមថា ពាណិជ្ជករចិនបានទិញអង្ករវៀតណាមក្នុងចំនួនដ៏ច្រើន និងដឹកចេញដោយខុសច្បាប់ចូលប្រទេសចិន។
សមាគមស្បៀងអាហារវៀតណាមក៏តំរូវឲ្យអ្នកនាំអង្ករចេញធានាអង្ករបំរុងរបស់ពួកគេដើម្បីស្ថិរភាពតំលៃអង្ករក្នុងស្រុក។ លោក Truong Thanh Phong ដែលជា ប្រធានVFA និយាយក្នុងកិច្ចប្រជុំអ្នកនាំអង្ករ ចេញនៅទីក្រុងហូជីមិញកាលពីថ្ងៃសុក្រថា អង្ករភាគច្រើនរបស់ប្រទេសវៀតណាមត្រូវបាននាំចេញទៅលក់នៅប្រទេសចិនឆ្នាំនេះដោយស្របច្បាប់ ហើយគ្មានពាណិជ្ជករចិនណាម្នាក់ទៅទិញអង្ករដល់ដីស្រែតាមពាក្យចចាមអារ៉ាមនោះទេ។
លោក Phong បានតំរូវឲ្យសមាជិកនៃសមាគមស្បៀងអាហារវៀតណាមធានាចំពោះអង្ករបំរុង ដើម្បីបញ្ជៀសតំលៃអង្ករដែលអាចកើនឡើងសំរាប់ឆមាសទី២។ លោកបន្តថា ប្រទេសវៀតណាមបានចុះកិច្ចសន្យានាំអង្ករចេញចំនួន១លានតោនក្នុងខែកក្កដា ហើយពាក់កណ្តាលនោះត្រូវប្រទេស ឥណ្ឌូណេស៊ីជាអ្នកទិញ។ ប្រទេសឥណ្ឌូណេស៊ីនឹងបន្តទិញច្រើនថែមទៀតក្នុងឆមាសទី២ឆ្នាំនេះ ស្របពេលដែលប្រទេសផ្សេងៗដូចជាហ្វ៊ីលីពីន ម៉ាឡេស៊ី បង់ក្លាដេស ក៏ត្រូវការអង្ករផងដែរ។ ប្រទេសវៀតណាមត្រូវការអង្ករចំនួន១,៥៦៤តោនសំរាប់ដឹកចេញក្នុងខែសីហា ប៉ុន្តែពេលនេះមានអង្ករស្តុកចំនួនតែ១,៤លានតោនប៉ុណ្ណោះ។
លោក Thanh Phong ស្នើឲ្យសមាជិកVFA ទាំងអស់មានការប្រុងប្រយ័ត្នក្នុងការលក់ផលិតផលរបស់ខ្លួនលើទីផ្សារ។ លោកក៏បានស្នើអ្នកនាំអង្ករចេញត្រូវគោរពច្បាប់តាមអនុក្រឹត្យរបស់រដ្ឋាភិបាលលេខ១០៩ ដែលចែងថា អ្នកនាំអង្ករចេញត្រូវស្តុកទុកអង្ករផ្សេងមួយផ្នែកទៀតសំរាប់ផ្គត់ផ្គង់តំរូវការក្នុងស្រុក និងរក្សាតំលៃអង្ករឲ្យមានស្ថិរភាព៕
ចែករំលែកព័តមាននេះ