សេចក្តីបំភ្លឺ! មិនមែនរកស៊ីលក់ដូរមាសតាមអនឡាញនោះទេ គឺបើកហាងលក់ដូរទិញមាសសុទ្ធពិតប្រាកដមែន ដោយហាងនៅក្នុងផ្សារណាត់ខេត្តបាត់ដំបង
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង ៩ និង៣៤នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ត្រីម្នាក់ ជាអាជីវករលក់ដូរមាសនៅផ្សារណាត់ ខេត្តបាត់ដំបង សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានថា នាងរកស៊ីទិញលក់ដូរមាសតាមអនឡាញ ដោយសារនាងមានហាងពិតប្រាកដមែន ។ គួររំលឹកថា បុរសម្នាក់ រងគ្រោះ ព្រោះការឆបោកទិញលក់មាស តាមអនឡាញ អស់រាប់ម៉ឺនដុល្លារ
បើតាមការបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានកាលពីម្សិលម៉ិញ ស្ត្រីម្នាក់ ឈ្មោះ ទី ម៉ីយ៉ាវ អាជីវករលក់ដូរមាសនៅផ្សារណាត់ ខេត្តបាត់ដំបង បានបំភ្លឺឱ្យដឹងថា ៖ ដំបូងឡើយ នាងអត់ស្គាល់គ្នាជាមួយនឹងបុរសម្នាក់ ឈ្មោះ នាក់ ង៉យ នោះទេ ដោយគាត់បានស្គាល់គ្នាជាមួយនឹងអ្នកលក់ដូរមាសនៅផ្សារប៉ៃលិន ហើយក៏ធ្លាប់ទិញលក់ដូរមាសជាមួយនឹងគេ ។ ពេលនោះនាងក៏បានបង្ហើបឱ្យគាត់ដឹងថា បើចង់រកស៊ីទិញលក់ដូរមាសមិនបាច់ឆ្លងកាត់ច្រើនដំណាក់កាលពីរបីដង ពីអ្នកលក់ដូរនៅខេត្តប៉ៃលិនទៅបាត់ដំបងនោះទេ គឺទាក់ទងទៅនាង ជាមេផ្ទាល់នៅផ្សារខេត្តបាត់ដំបងផ្ទាល់តែម្តងទៅ ។
ស្ត្រីរូបនេះ បានបន្តទៀតថា ពេលនោះ ឈ្មោះ នាក់ ង៉យ ជាអតិថិជនរស់នៅខេត្តប៉ៃលិន បានភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធហ្វេសប៊ុកជាមួយនាង ហើយក៏ទិញមាសដំបូងចំនួន១០ដំឡឹង ដោយទាក់ទងតាមទូរស័ព្ទ អត់ទាន់បានទៅជួបផ្ទាល់នោះទេ ។ ដោយសារតែខ្លាចក្រែងគាត់ប្រែក្រឡាស់ ព្រោះហាងឆេងមាសប្រែប្រួលលឿន ក៏ឱ្យគាត់កក់ប្រាក់ចំនួន១០០០(១ពាន់)ដុល្លារសិន។ រួចមកប៉ុន្មានថ្ងៃក្រោយ គាត់ក៏បានទៅជួបផ្ទាល់ ដោយទៅយកមាសសុទ្ធពីផ្ទះរបស់ខ្លួនផ្ទាល់ ហើយគាត់ក៏វេរប្រាក់ចេញពីទូរស័ព្ទឱ្យគ្រប់ចំនួនដែរ ។ ស្ត្រីរូបនេះ បានបន្ថែមទៀតថា ក្រោយមកបុរសខាងលើ ក៏បានទាក់ទងទៅនាងថា គាត់ចង់ទិញមាស៥ដំឡឹងទៀត ដើម្បីលេងហាងឆេងមាស ។
ពាក់ព័ន្ធនឹងរឿងទិញដូរមាស បើសិនជាអតិថិជនយកប្រាក់ទៅប្រគល់ជូន នោះអ្នកលក់នឹងប្រគល់មាសសុទ្ធជូនវិញដែរ ។ តែបើចង់ទិញ ឬលេងហាងឆេងមាស យកប្រាក់ចំណេញ គឺវេរតាមទូរស័ព្ទក៏បានដែរ។ បន្ទាប់ពីទិញបាន៥ដំឡឹង គាត់ក៏ទាក់ទងកក់៥ដំឡឹងទៀត ដោយពេលនោះមាសឡើងថ្លៃ គាត់ក៏បានប្រាក់ចំណេញ ហើយនាងក៏ទូរទាត់បាញ់លុយជូនគាត់វិញទាំងដើមទាំងការគ្រប់ចំនួន ។ នាងបញ្ជាក់ទៀតថា បុរសរូបនេះ បានធ្វើបែបនេះរឿយៗ ដោយសារតែទិញមាសរួចឡើងៗ ហើយពេលមាសឡើងនោះ នាងពិតជាលក់ដាច់ណាស់រកតែពេលលើកទូរស័ព្ទគ្មានផង ដោយរវល់ខ្លាំងមែនទែន ដល់ពេលអញ្ចឹងទៅ គេចោទប្រកាន់ថា នាងខ្ញុំរកស៊ីអនឡាញ ។ តែតាមពិតនាង មានកន្លែងរកស៊ីលក់ដូរពិតប្រាកដត្រឹមត្រូវ ដោយមុខរបរតវង្សត្រកូលពីឪពុកម្តាយតាំងពីដើមមក ដែលមានយីហោឈ្មោះ«ជាងស្រ៊ានដេញមាស»(ស្រ៊ានប៉ូលីន) នៅខេត្តបាត់ដំបង ។
ក្រោយមកបុរសរូបនោះបានទិញមាស១០០ដំឡឹង ដូច្នេះ នាងតម្រូវឱ្យគាត់កក់១ម៉ឺនដុល្លារ ហើយគាត់ទិញកាន់តែច្រើនឡើងៗ ដោយនៅចុងក្រោយក្នុងខែមករា ឆ្នាំ២០២៦ ដោយ១ដំឡឹង មាសឡើងជាង៦៨០០ដុល្លារ គាត់ក៏ទិញថែម ម្តង២០០ដំឡឹង ម្តង៣០០ដំឡឹង ដោយនាងខ្ញុំមិនទាន់បានធ្វើបញ្ជីទូរទាត់ប្រាក់ចំនេញអោយគាត់ ក៏យកលុយនោះធ្វើជាលុយកក់សិន ដោយនាងខ្ញុំរវល់ខ្លាំង ស្រាប់តែមាសចុះពីល្ងាច ដល់ព្រឹក ៥០០លេខ ដោយ១ដំឡឹងត្រូវខាតអស់ច្រើន ។ ពេលនោះចុះច្រើនរហូតដល់ខាតចូលទាំងដើមរបស់ខ្លួនទៀត។ ដូច្នេះ នាងក៏ឱ្យវេរផ្ញើប្រាក់ ដើម្បីកក់បន្ថែមទៀត បើមិនផ្ញើទេ សូមឱ្យលក់មាសឃ្លាខ្លះទៅ ដើម្បីកុំឱ្យខាតកាន់តែច្រើន។ គាត់ក៏លក់២០០ដំឡឹង ដោយនៅសល់ត្រឹម៣០០ដំឡឹងទៀត ហាងឆេង៦៧៨៥ដុល្លារនៅនឹងនាង ដោយកាន់ខាតឱ្យគាត់រាល់ថ្ងៃនេះ។ បន្ទាប់មកទៀត ដោយសារតែមាសធ្លាក់ចុះកាន់តែខ្លាំងឡើងៗ ឱ្យគាត់វេរលុយមកបន្ថែម តែគាត់មិនព្រមទាល់តែសោះ ដោយនិយាយថា គាត់រលីងរលត់អស់ហើយ គ្មានលទ្ធភាពសងទេ ចង់ធ្វើម៉េចក៏ធ្វើទៅ។
នាងក៏សុំឱ្យបុរសខាងលើសងជំពាក់ចំនួន៦ម៉ឺនដុល្លារប៉ុណ្ណោះ ហើយគាត់ក៏លែងតបឆាត និងលែងទាក់ទង ទើបចុងក្រោយនាងសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅតុលាការខេត្តប៉ៃលិន ដោយដំបូងមិនចង់ដាក់ពាក្យប្តឹងនោះទេ គឺនៅតែទាក់ទងឱ្យគាត់សងប្រាក់ជំពាក់ ។ គាត់ក៏អត់បានចូលបំភ្លឺដែរ ដោយគេចវេសម្តងទៅពីរដង មិនត្រឹមប៉ុណ្ណឹងគាត់ថែមទាំងដាក់ពាក្យបណ្តឹងចោទប្រកាន់នាងខ្ញុំរកសុីលក់មាសអនឡាញទៅវិញ ចំណែកការចុះផ្សាយថា នាងរកស៊ីអនឡាញបោកប្រាស់នោះ គឺមិនមែនទេ គឺបើកហាងលក់ដូរទិញមាសពិតប្រាកដមែន ដោយលក់ដូរនៅផ្សារណាត់ ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ