ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​អំណោយ​សប្បុរស​ជន​នៅ​ឯនាយ​សមុទ្រ​ដល់​សព​លោក​តា​ប្រាក់​ ព្រាប​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ សីហា កន្លង​ទៅ​នេះ​ លោក​ទ្រី វន្ថា ភ្នាក់​ងារ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​នាំ​យក​អំណោយ​របស់​សប្បុ​រស​ជន​ ចំនួន​១០០​ដុល្លារ​​អាមេរិក​ដែល​បាន​ប្តូរ​យក​ជា​ប្រាក់​​រៀល​ទៅ​ជូន​​លោក​ តា​ប្រាក់​ ព្រាប​ អាយុ​៦៥​ឆ្នាំ​ ដែល​ទទួល​​រង​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ថ្ងៃ​ទី

ខេត្ត​ព្រះ​វិហារ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ សីហា កន្លង​ទៅ​នេះ​ លោក​ទ្រី វន្ថា ភ្នាក់​ងារ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​នាំ​យក​អំណោយ​របស់​សប្បុ​រស​ជន​ចំនួន​១០០​ដុល្លារ​​អាមេរិក​ដែល​បាន​ប្តូរ​យក​ជា​ប្រាក់​​រៀល​ទៅ​ជូន​​លោក​តា​ប្រាក់​ ព្រាប​ អាយុ​៦៥​ឆ្នាំ​ ដែល​ទទួល​​រង​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ថ្ងៃ​ទី ២០​ មិថុនា ដោយ​សារ​ងងឹត​មុខ​​ដួល​ចូល​ភ្នក់​ភ្លើង​បណ្តាល​ឱ្យ​ឆេះ​រលាក​ពេញ​ខ្លួន​ ហើយ​ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាព​ស្រុក​ជ័យ​សែន​តែ​ដោយ​មណ្ឌល​សុខ​ភាព​ស្រុក​មិន​មាន​លទ្ធ​ភាព​ព្យា​បាល​ នៅថ្ងៃ​ទី​២៤​ មិថុនា ក៏​​បញ្ជូន​លោក​តា​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​១៦​មករា​ ក្រុង​ព្រះ​វិហារ​។

ជា​អកុសល​ការ​រលាក​ភ្លើង​របស់​លោកតា​​ប្រាក់ ព្រាប មាន​ស​ភាព​ធ្ងន់​ធ្ងរ​ ហើយ​ក្រុម​គ្រូពេទ្យ​​សង្គ្រោះ​អស់​លទ្ធ​ភាព​មិន​បាន​ទទួល​ជោគ​ជ័យ​លោក​តា​ក៏​ស្លាប់​បាត់​បង់​ជីវិត​​កាល​ពី​ថ្ងៃ​ទី​២៤​ កក្កដា ដោយ​បន្សល់​ទុក​តែ​ស្ត្រី​​ជា​ប្រពន្ធ​​ក្នុង​វ័យ​ចំណាស់​ជាមួយ​កូន​ស្រី​មេម៉ាយ​​ម្នាក់​ដែល​រស់​នៅ​ក្នុង​ជីវភាព​ខ្សត់​ខ្សោយ​ពីរ​នាក់​ម្តាយ​ និង​កូន​។

ថវិកា​១០០​ដុល្លារ​អាមេរិក​របស់​សប្បុរស​ជន​ត្រូវ​​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ប្តូរ​យក​ជា​ប្រាក់​រៀល​នៅ​កន្លែង​វេ​រប្រាក់​គ្រប់​ចំនួន​ជាង​៤០​មឺុន​រៀល​យក​ទៅ​ប្រគល់​ជូន​ស្ត្រី​ជា​កូន​បង្កើត​ឈ្មោះ​ប្រាក់​ មុំ ចំណាយ​សំរាប់​ធ្វើ​បុណ្យនៅ​ក្នុង​វត្ត​ពើង​អង្កាម​ក្បែរ​ជើង​ភ្នំ​ត្បែង​ដែល​មាន​ព្រះ​សង្ឃ​ តា​ជី យាយ​ជី​ ក្នុង​វត្ត​ចូល​រួម​ដឹង​ឮ។

ពេល​នោះ​ដែរ​ក៏​មាន​ព្រះ​សង្ឃ​ប័ង្សុ​កូល ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​ លោក​តា​ប្រាក់​ ព្រាប និង​ផ្តល់​ជា​បុណ្យ​កុសល​ដល់​ម្ចាស់​​អំណោយ​ទាន​ផង​ដែរ​។ ស្ត្រី​ជា​កូន​បង្កើត​របស់​លោក​តា​ប្រាក់ ព្រាប បាន​លើក​ដៃ​បួង​សួង​ និង​ថ្លែង​​អំណរ​គុណ​ដល់​ម្ចាស់​អំណោយ​ទាន​ទាំង​ទឹក​មុខ​រីក​រាយ​ និង​សេចក្តី​ត្រេក​អរ​ជា​អនេក​ដែល​សប្បុរស​ជន​បាន​​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន​នេះ​សម្រាប់​សព​​ឪពុក​។

ថវិកា​ខាង​លើ​កោះ​សន្តិ​ភាព​បាន​ទទួល​ពី​សប្បុរស​ជន​ Seng Vannisa ចំនួន​២០​ដុល្លារ​, Angsopheak Kanara ២០​ដុល្លារ​, Sam Meo ១៥ដុល្លារ, Ti heng meang ៥ដុល្លារ, Kong Monika ១០ដុល្លារ, Kang Sotheara ២០​ដុល្លារ​, Nelson Yim ១០​ដុល្លារ​ ៕