ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កាក​បាទ​ក្រហម​រួម​ជា​មួយ​ព្រះ​សង្ឃ​​ចែក​អំណោយ​​ជូន​ដល់​គ្រួសារ​​ផ្ទុក​មេ​​រោគអេដស៍ និង​ចាស់​ជរា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​កម្មាធិការ​​អនុ​សាខា​កាក​បាទក្រហម​​ខណ្ឌ​ឫស្សី​កែវ រួម​ជា​មួយ​ព្រះ​តេជ​គុណ​ ​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ​ប្រធាន​​សហ​គម​ន៍មូល​និធិ​​នគរ​​កាយ​វត្ត​ព្រះ​ពុទ្ធ​​សាសនា​កម្ពុជា​ និង​ជា​ចៅ​អធិ​ការ​វត្ត​ញាណ​​រង្សី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ សីហា បាន​នាំ​អំណោយ​យក​ទៅ​​ឧបត្ថម្ភ​​ដល់​គ្រួសារ​​

រាជធានីភ្នំពេញ ៖ គណៈ​កម្មាធិការ​​អនុ​សាខា​កាក​បាទក្រហម​​ខណ្ឌ​ឫស្សី​កែវ រួម​ជា​មួយ​ព្រះ​តេជ​គុណ​ ​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ​ប្រធាន​​សហ​គម​ន៍មូល​និធិ​​នគរ​​កាយ​វត្ត​ព្រះ​ពុទ្ធ​​សាសនា​កម្ពុជា​ និង​ជា​ចៅ​អធិ​ការ​វត្ត​ញាណ​​រង្សី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ សីហា បាន​នាំ​អំណោយ​យក​ទៅ​​ឧបត្ថម្ភ​​ដល់​គ្រួសារ​​ប្រជា​ពល​រដ្ឋ​​ផ្ទុក​មេរោគ​​អេដស៍​​ និង​ចាស់​ជរា​ចំនួន​១០​គ្រួសារ ​​រស់​នៅ​ក្នុង​មូល​ដ្ឋាន​​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ ​ ។

អំណោយ​​ដែល​នាំ​យក​ទៅ​​ចែក​ជូន​ក្នុង​ឱកាស​​នោះ​ក្នុង​មួយ​គ្រួសារ​​ទទួល​បាន អង្ករ​​៥៥​គីឡូ​ក្រាម ​ចាន​ស្រាក់​១ តែ​​៩​កញ្ចប់ ​ស្ករ​ស​​៤​គីឡូ​ក្រាម ​ទឹក​ដោះ​គោ​​៥​កំប៉ុង ​ធុង​ទឹក​កក​១ ទឹក​ត្រី​​៩​ដប ទឹក​ស៊ី​អ៊ីវ​៨​ដប មី​២​កេស និង​១០​កញ្ចប់​ ត្រី​ខ​​​៥​​កំប៉ុង តម្បៀត​ចាប់​ភ្លើង​​១ ឆ្នាំង​​ដាំ​បាយ​១ ចង្អើរ​​អាំង​ត្រី​១ ​កំសៀវ​១ វែក​២ និង​ថវិកា​១០​មឺុន​រៀល ។ អំណោយ​​ទាំង​នេះ​ជា​អំណោយ​​រួម​គ្នា​​រ​បស់​គណៈ​​កម្មាធិ​ការ​​អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជាខណ្ឌឫស្សី​កែវ សហ​គមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​​សាសនា​កម្ពុជា និង​ចៅ​អធិ​ការ​​វត្ត​ប្រជុំ​សាគរ ។

លោក​នុត ពុធ​ដារ៉ា ប្រធាន​គណៈ​ក​ម្មាធិ​ការ​​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ឫស្សី​កែវ បាន​ឱ្យ​ដឹង​ថា ដោយ​សារ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​​អាជ្ញា​ធរ​ភូមិ​សង្កាត់​​ដែល​បាន​ចុះ​ផ្ទាល់​ជា​មួយ​ប្រជា​ពល​រដ្ឋ​ ​ស្រាវជ្រាវ​រក​​គ្រួសារ​ងាយ​រង​គ្រោះ ​​ផ្ទុក​មេ​​រោគ​​អេដស៍ ចាស់​ជរា និង​ជន​ពិការ​​​ ហើយ​បាន​​រាយ​ការណ៍​មក​អនុ​សាខា​កាក​​បាទ​ក្រហម​​ខណ្ឌ​ឫស្សី​កែវ សហ​ការជា​មួ​យ​សហ​គមន៍​​មូល​និធិ​​នគរ​​កាយ​វត្ត​​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ ដែល​មាន​ព្រះតេជ​គុណ​សុវណ្ណ​ ជោតិ ខឹម សម្បត្តិ ​ជា​ប្រធាន​ និង​ជា​ចៅ​​អធិ​ការ​វត្ត​ញាណ​រង្សី នាំ​អំណោយ​​មក​ចែក​ជូន​នៅពេល​នេះ ។

លោក​នុត ពុធ​ដារ៉ា បាន​បន្ត​ទៀត​ថា ​កន្លង​មក អនុ​សាខា​កាក​បាទ​ក្រហម​​ខណ្ឌ​​​​ឫស្សី​កែវ ​បាន​យក​ចិត្ត​ទុកដាក់​​យ៉ាង​ខ្លាំង​ចំពោះ​ប្រជា​ពល​​រដ្ឋ​​ក្នុង​មូល​ដ្ឋាន​ ហើយ​​តែង​តែ​នាំ​អំណោយ​​ចុះ​ទៅ​ជួយ​ឧបត្ថម្ភ​​ដល់​គ្រួសារ​ងាយ​រង​​គ្រោះ​​រាល់​ខែ ។ ​កាក​បាទ​ក្រហម​​កម្ពុជា ដែល​មាន​​លោក​ជំទាវ​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន ជា​ប្រធាន ​តែង​យក​ចិត្ត​ទុកដាក់​​ចំពោះ​គ្រួសារ​​ផ្ទុក​មេ​រោគអេដស៍ ជន​ពិការ ចាស់​ជរា​គ្មាន​​ទីពឹង​​ និង​ជន​រងគ្រោះ​គ្រប់​ប្រភេទ​ដោយ​មិន​រើស​អើង​និន្នា​ការ​នយោ​បាយ​ ជាតិ​សាសនា និង​ពណ៌​សម្បុរ​​ឡើយ ។ ទីណា​មាន​ជន​រងគ្រោះ ទី​នោះ​​មាន​កាក​បាទ​ក្រហម​កម្ពុជា ។

លោកបាន​ថ្លែង​អំណរគុណ​​ដល់​ព្រះ​តេជ​គុណ​សុវណ្ណ ​ជោតិ ខឹម សម្បត្តិ ​រួម​ជា​មួយ​សប្បុរស​ជន​ដទៃ​ទៀត​ដែល​បាន​​ជួយ​ឧបត្ថម្ភ​​ដល់​​អនុ​សាខា​កាក​បាទ​ក្រហម​​ខណ្ឌ​ឫស្សី​កែវ ដើម្បី​ជួយ​ដល់​​ជន​រងគ្រោះ​​ក្នុង​នាម​មនុស្ស​ធម៌  ។ លោកក៏​បាន​ផ្តាំ​ផ្ញើ​​ដល់​គ្រួសារ​​ផ្ទុក​មេ​រោគ​​អេដស៍​​ត្រូវ​ចេះ​តស៊ូ​ក្នុង​ជីវិត​​កុំ​អស់​សង្ឃឹ​ម​ ហើយ​នាំ​គ្នា​ទៅ​​បើក​ថ្នាំ​​ពន្យារ​​ជីវិត​ឱ្យ​បាន​ទៀង​ទាត់ ៕