ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃដល់​កា.ប់​សង្សារ​របួ.សធ្ងន់​ ត្រូវ​បាន​ម្ដាយ​និង​ពូ​ជូន​ទៅ​សារភាព​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជន​ដៃដល់​ដែល​បាន​កាប់​ប្រហារ​នារី​ជា​សង្សារ ដែល​ជា​និស្សិត​ស្រី និង​ជា​បុគ្គលិក​ហាង​បណ្ដាល​ឲ្យ​នាងរង​របួសធ្ងន់ ព្រោះតែ​ខឹង​នាង​សុំ​ផ្ដាច់​ស្នេហ៍​នោះ​ត្រូ​បាន​ម្ដាយ​និង​ពូ​បង្កើត​របស់​ខ្លួន​ម្នាក់​ដែល​ជា​សន្តិសុខ​សាលា​ខណ្ឌ​សែន​សុខ​លួងលោម​តាម​ទូរស័ព្ទ​ឲ្យ​ទទួលកំហុស ។ បន្ទាប់​មក​ពួក​គាត់​ក៏​ហៅ​ម៉ូតូ​កង់​បី​ដឹក​ជូន​ជន​នោះ​ទៅ​សារភាព​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦​ហើយ បន្ទាប់​ពី​រត់​ខ្លួន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក ។ គួររំលឹកថា ចាប់ខ្លួន​បាន​ហើយ យុវជន​ដៃដល់​ដែល​កាប់​សង្សារ​មិន​ប្រណី​ដៃ​ពេល​នាង​សុំ​បែក ក្រោយ​រស់នៅ​ជាមួយ​គ្នា​៩​ខែ

ជន​ដៃដល់​រូប​នោះ​ឈ្មោះ​ឡុ​ក បូ​ណា អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​រត​ត់​តុ​ហាង ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​សូ រិ​យា អាយុ​២០​ឆ្នាំ ដែល​តាម​សមត្ថកិច្ច​ប្រាប់​ថា នាង​ជា​និស្សិត​ឆ្នាំ​ទី​៣ និង​ជា​បុគ្គលិក​ហាង​ជាមួយ​គ្នា ។ សព្វថ្ងៃ​អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​លេខ​៤១B ជាន់​ទី​១ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ជាមួយ​គ្នា​ដូច​ជា​ប្ដី​ប្រពន្ធ​មិន​ទាន់​រៀប​ការ​ដែរ ។

ក្រោយ​ពេល​ចូល​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ នគរបាល​បាន​វាយ​ខ្នោះដៃ​ទៅ​ក្រោយ ហើយ​ជន​ដៃដល់​ខាងលើ​បាន​ប្រាប់​នគរបាល​ថា ខ្លួន​និង​នារី​រង​គ្រោះ​បាន​ស្រលាញ់​និង​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ មិនមែន​ទើបតែ​៩​ខែ​នោះ​ទេ និង​បាន​ប្រើ​ទូរស័ព្ទ​តែ​មួយ​ជាមួយ​គ្នា​ទៀត​ផង ។ ដោយឡែក​មូលហេតុ​ដែល​ឈាន​ដល់​មាន​ទំនាស់​គ្នា​ធ្វើ​ឲ្យ​ខ្លួន​ទប់ចិត្ត​មិន​បាន​កាប់​នាង​នោះ​ទី​១,​គឺ​ខ្លួន​ខឹង​នាង​សុំ​បែក និង​ទី​២,​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៦ ពេល​នាង​ទៅ​ធ្វើការ​បាត់ ខ្លួន​បាន​យក​ទូរស័ព្ទ​ឆែក​មើល ។ ខណៈនោះ​ស្រាប់តែ​ឃើញ​សារ​នាង​ឆាត​ឆ្លើយឆ្លង​ជាមួយ​ប្រុស​ម្នាក់​ផ្សេង​ទៀត ហើយ​ខ្លួន​មិនដឹង​ថា​ប្រុស​នោះ​ជា​នរណា​នោះ​ទេ ប៉ុន្តែ​បាន​ឆាត​បបួល​នាង​ដើរ​លេង​ជាមួយ​គ្នា ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ផ្ទុះ​ការ​ប្រច័ណ្ឌ​យ៉ាង​ខ្លាំង ។

ជន​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ភ្លាម​នោះ​ខ្លួន​មិន​បាន​ធ្វើ​អ្វី​ទេ រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ពេល​នាង​ត្រលប់​ទៅ​ដល់​បន្ទប់​ជួល​វិញ ខ្លួន​ក៏​បាន​សួរនាំ​ពី​រឿង​នោះ ប៉ុន្តែ​នាង​មិន​និយាយ​ប្រាប់​ខ្លួន​ឡើយ ហើយ​ខ្លួន​និង​នាង​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ជាមួយ​គ្នា រហូត​ដល់​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែឧសភា ក៏​បាន​ឈ្លោះ​គ្នា​ខ្លាំង​ឡើង ។ ពេល​នោះ​ខ្លួន​ក៏​ជ្រុល​កាប់​នាង​តែ​ម្ដង ដោយ​កាប់​៤​ទៅ​៥​កាំបិត​ចិតបន្លែ ត្រូវ​កដៃ​ទាំង​សងខាង ស្មា និង​ក្បាល បណ្ដាល​ឲ្យ​នាង​ដួល​ដេក​ក្នុង​បន្ទប់​ជួល​នោះ ហើយ​ភ្លាម​ៗ​នោះ​ខ្លួន​មិន​បានដឹង​ថា​នាង​ស្លាប់​ឬ​រស់​នោះ​ទេ ខ្លួន​ក៏​បាន​រត់​ចូល​ទៅ​ក្នុង​បន្ទប់ទឹក រួច​យក​ដង​អំបោស​ដាក់​គង​លើ​បន្ទប់ទឹក​នោះ ។ បន្ទាប់​មក​យក​យក​ខ្សែ​គោ​ទៅ​ចង​ជាប់​ជាមួយ​ដង​អំបោស​ហើយ​ចងក​សម្លាប់​ខ្លួន​តាម​ក្រោយ ប៉ុន្តែ​មិន​ស្លាប់ ដោយសារ​តែ​បាក់ដង​អំបោស​ធ្លាក់​មក បណ្ដាល​ឲ្យ​សន្លប់​មួយសន្ទុះ​ទើប​ដឹងខ្លួន​វិញ រួច​ក៏​រត់​ចេញ​ក្រៅ​គេចខ្លួន​ទៅ​ដេក​នៅ​ហាង​ដែល​ខ្លួន​ធ្វើការ ។

ឡុ​ក បូ​ណា បាន​សារភាព​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៨ ដដែល​ខ្លួន​ក៏​បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ​ចាក​ចេញពី​កន្លែងធ្វើការ​ទៅ​ដេក​នៅផ្ទះ​សំណាក់​ម្ដុំ​ផ្សារ​អូ​ឡាំ​ពិ​ក រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ដដែល​នោះ ទើប​ខ្លួន​ខ​ល​ទៅ​កាន់​ម្ដាយ​ឲ្យ​ទៅ​យក​ខ្លួន​មក​ចូល​សារភាព​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣​តែ​ម្ដង ។ សូម​បញ្ជាក់​ថា ត្រង់​ចំណុច​នេះ បើ​តាម​ម្ដាយ​និង​ពូ​បង្កើត​ជន​នោះ ដែល​ជា​សន្តិសុខ​សាលា​ខណ្ឌ​សែន​សុខ​បាន​ប្រាប់​នគរបាល​ថា ជន​ដៃដល់​បាន​ខ​ល​ទៅ​ពួក​គាត់ ហើយ​ពួក​គាត់​ក៏​បាន​លួងលោម​ឲ្យ​ទទួលកំហុស​កុំ​ឲ្យ​រត់គេច​ខ្លួន​តទៅ​ទៀត ។ លុះ​ពេល​ជន​នោះ​យល់ព្រម​ហើយ ទើប​ម្ដាយ​និង​ពូ​ហៅ​ម៉ូតូ​កង់​បី​ជិះ​ទៅ​យក​ជន​នេះ​ពី​ផ្ទះសំណាក់​នៅ​ម្ដុំ​ផ្សារ​អូ​ឡាំ​ពិ​ក ឆ្ពោះទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចូលខ្លួន​សារភាព​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពេល​ជន​ដៃដល់​ចូល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ស្ត្រី​ជា​ម្ដាយ​បាន​អង្គុយ​យំ​នៅ​លើ​បង់​ថ្ម​ក្បែរ​ប៉ុស្តិ៍ ដោយ​គាត់​សោកស្ដាយ​នូវ​ទ​ង្វើ​ដែល​កូន​បាន​ប្រព្រឹត្ត​ឃោរឃៅ​លើ​នារី​រង​គ្រោះ បណ្ដាល​ឲ្យ​ក្លាយជា​អ្នកទោស​បែប​នេះ ។ បន្ទាប់​មក​នគរបាល​បាន​សាកសួរ​ចម្លើយ​ជន​នោះ​ត្រួស​ៗ ហើយ​កន្លះ​ម៉ោង​ក្រោយមក កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ទៅ​ដល់ រួច​បាន​នាំ​ខ្លួន​ជន​នោះ​ដឹក​តាម​រថយន្ត​ទៅ​កាន់​ការិយាល័យ​ដើម្បី​សាកសួរ​និង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ។

សូម​រម្លឹក​ផង​ដែរ​ថា អំពើ​ហិង្សា​ខាងលើ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៤១B ជាន់​ទី​១ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន ២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ៕​