រាជធានីភ្នំពេញ ៖ ទីបំផុត យុវជនដៃដល់ ដែលកាប់នារីជាអតីតសង្សារ(និស្សិតឆ្នាំទី៣) ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគបាលចោមចៅទី៣ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ នៅវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ។
រឿងរ៉ាវគូស្នេហ៍១គូ ដែលសមត្ថកិច្ចទទួលបានព័ត៌មានជំហានដំបូងថា ខាងស្រីជានិស្សិតឆ្នាំទី៣ និងយុវជនជាសង្សារមិនទាន់ដឹងពីសមាសភាពពិតប្រាកដនៅឡើយនោះ ក្រោយស្រលាញ់គ្នា និងរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធរយៈពេល៩ខែមកហើយ។ ស្រាប់តែចុងក្រោយ មិនដឹងជាមានរឿងអ្វីកើតឡើងជាកំហុសនរណានោះទេ ទើបខាងស្រីសម្រេចចិត្តផ្ដាច់ចំណងស្នេហ៍ ដែលធ្លាប់តែផ្អែមល្ហែមជាមួយគ្នាកន្លងមក ពេលនោះបានធ្វើឲ្យយុវជនដែលជាសង្សារ មានការខឹងសម្បារ ក៏កាប់នាងជាច្រើនកាំបិត បណ្ដាលឲ្យនាងរបួសធ្ងន់ធ្ងរ រួចគេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង០២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ៤១B ជាន់ទី១ ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
គូស្នេហ៍ខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណទាំង២នាក់នៅឡើយ គ្រាន់តែមានប្រភពខ្លះ បានអះអាងប្រាប់សមត្ថកិច្ចថា ខាងស្រីដែលជាជនរងគ្រោះ គឺជានិស្សិតឆ្នាំទី៣ ហើយកំពុងត្រូវបានវះកាត់សង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យព្រះកុសមៈនៅឡើយ ព្រោះនាងរបួសធ្ងន់ធ្ងរណាស់ ។
សមត្ថកិច្ចបានប្រាប់ថា តាមការប្រមូលបានព័ត៌មាននៅកន្លែងកើតហេតុ នាងរងគ្រោះ និងជនដៃដល់បានស្រលាញ់គ្នា និងបានរស់ជាមួយគ្នា៩ខែមកហើយ រហូតមកដល់ពេលថ្មីៗកន្លងមកនេះ មានភាពរកាំរកូស មិនចុះសម្រុងគ្នា កើតឡើង។ នារីរងគ្រោះដាច់ចិត្តផ្ដាច់និស្ស័យស្នេហ៍ ដោយពុំទាន់ដឹងថា ការសុំបែកនេះ ជាកំហុសខាងណា ឬក៏ព្រោះតែជនកំណាចរូបនោះជាមនុស្សចោរម្សៀតមិនបានការ ឬបែបណានោះឡើយ ។ ប៉ុន្តែក្រោយមកជនកំណាចខាងលើបានតាមអង្វរសុំការសន្ដោសប្រណីពីនាង និងសុំត្រូវរ៉ូវគ្នាវិញ ប៉ុន្តែពេលនោះនាងអត់ព្រមដាច់ខាត បន្ទាប់មក ជននោះក៏បានសុំជួបនិយាយគ្នាជាមួយនាងជាលើកចុងក្រោយ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកក៏បានទាស់ពាក្យសម្ដីគ្នា ហើយជនកំណាចនោះ ក៏ទាញកាំបិតប៉័ងតោកាប់ប្រហារនាងជាច្រើនកាំបិតឥតញញើតដៃ បណ្ដាលឲ្យនាងរងរបួសធ្ងន់ដួលដេកនៅក្នុងថ្លុកឈាមក្នុងបន្ទប់ជួល រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្នុងពេលនោះដែរ អ្នកជិតខាងបានឮស្នូរក្ឌុងក្ឌាំងខ្លាំងៗ ក៏នាំគ្នាចេញទៅមើល ស្រាប់តែឃើញនិស្សិតស្រីរងគ្រោះ ដួលដេកក្នុងថ្លុកឈាមបាត់ទៅហើយចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ ទើបពួកគាត់រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅពិនិត្យមើលតែម្ដង ។
នគរបាលបានប្រាប់ថា និស្សិតស្រីរូបនោះបានរងរបួសធ្ងន់ណាស់ និងត្រូវបានបញ្ជូនទៅទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ភ្លាមៗទាំងយប់ ហើយរហូតដល់វេលារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នគរបាលបាលនៅមិនទាន់អាចសួរនាំនាងបាននៅឡើយ។ ហើយកម្លាំងនគរបាល កំពុងធ្វើការស្រាវជ្រាវ រហូតឈានទៅចាប់ខ្លួនជនដៃដល់បាន នៅវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ។
ព័ត៌មានទទួលបាននៅម៉ោង០៩និង៤០នាទីយប់ថ្ងៃដដែលនេះ បានឲ្យដឹងថា ៖ ជនដៃដល់មានឈ្មោះ ឡុក បូណា អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកហាង ចំណែកនារីរងគ្រោះឈ្មោះ សូ រិយា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ ។ អ្នកទាំង២ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុជាមួយគ្នា ៕










ចែករំលែកព័តមាននេះ