ទីក្រុងបាងកក ៖ មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំង លោក ណាត់ថាភុង រឿងផាន់យ៉ាវុធ (Natthaphong Ruengpanyawut) បានជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) អញ្ជើញប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) មកទស្សនកិច្ចនៅប្រទេសថៃឱ្យបានមុនពេលលោកទៅទស្សនកិច្ចនៅកម្ពុជានាអំឡុងខែវិច្ឆិកាខាងមុខនេះ ដើម្បីដោះស្រាយវិវាទព្រំដែនដ៏តានតឹងរវាងប្រទេសទាំងពីរ (ថៃ-កម្ពុជា)។ នេះបើតាមប្រភពពី Thai Enquirer ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលលោក អានុទីន ធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង ចាប់ពីថ្ងៃទី ២១-២៧ ខែឧសភា ឆ្នាំ២០២៦។ ដ្បិតមេបក្សប្រឆាំងវ័យ៣៨ឆ្នាំរូបនេះ បានរិះគន់ដំណើរទស្សនកិច្ចរដ្ឋាភិបាលថៃទៅប្រទេសបារាំងថា ខ្វះយុទ្ធសាស្ត្រអន្តរជាតិច្បាស់លាស់ និងជំរុញឱ្យប្រទេសថៃប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីជំរុញកំណែទម្រង់ប្រឆាំងនឹងអំពើពុករលួយ ទាក់ទាញការវិនិយោគ និងដោះស្រាយភាពតានតឹងជាមួយប្រទេសកម្ពុជា។
លោកថា គណៈប្រតិភូដ៏ច្រើនដែលអមដំណើរលោក អានុទីន នឹងត្រូវចំណាយថវិការដ្ឋយ៉ាងច្រើន ហើយគួរតែផ្តល់នូវលទ្ធផលការទូត និងសេដ្ឋកិច្ចជាក់ស្តែងត្រឡប់មកវិញ។ ប្រទេសថៃគួរតែដាក់ខ្លួនជាសសរស្តម្ភកណ្តាលនៃអាស៊ាន និងជាស្ពានភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ជាមួយសហភាពអឺរ៉ុប (EU) និងបណ្តាប្រទេសសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនជាមួយប្រទេសមហាអំណាច។
លោកបានលើកឡើងផងដែរថា ប្រទេសថៃត្រូវបំពេញតាមស្តង់ដារ OECD ស្តីអំពីតម្លាភាព ដោយដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវការសូកប៉ាន់ ការទូទាត់ប្រាក់ក្រៅប្រព័ន្ធ និងបទប្បញ្ញត្តិតឹងរ៉ឹងហួសហេតុ ដោយលោកអំពាវនាវរដ្ឋាភិបាលប្តេជ្ញាចិត្តជាសាធារណៈនៅលើឆាកអន្តរជាតិក្នុងការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលមិនចាំបាច់។
លោកក៏បានស្នើបន្ថែមថា លោក អានុទីន គួរអញ្ជើញប្រធានាធិបតីបារាំងឱ្យមកទស្សនកិច្ចប្រទេសថៃឱ្យបានដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក ម៉ាក្រុង ទៅកាន់ប្រទេសកម្ពុជានៅចុងឆ្នាំនេះ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophone) ព្រោះការឈប់នៅប្រទេសថៃអាចបង្កើតឱកាសល្អសម្រាប់ការចរចា ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងថៃ និងកម្ពុជា។
បន្ថែមលើសពីនេះ លោកបានរំលេចថា ការធ្វើដំណើរទស្សនកិច្ចនៅបារាំង ក៏គួរតែផ្តោតលើការទាក់ទាញការវិនិយោគបរទេសមានគុណភាពខ្ពស់ ដើម្បីបង្កើតការងារជំនាញ និងគាំទ្រផែនការផ្លាស់ប្តូរថាមពលរបស់ប្រទេសថៃផងដែរ។ លោកកត់សម្គាល់ថា ខណៈពេលដែលប្រទេសចិនបច្ចុប្បន្ននាំមុខគេក្នុងបច្ចេកវិទ្យាថាមពលព្រះអាទិត្យ (Solar) និងអាគុយក៏ពិតមែន ប៉ុន្តែប្រទេសបារាំងមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការផលិតអគ្គិសនីដែលមានកាបូនទាប និងថាមពលនុយក្លេអ៊ែរ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការបណ្តាញអគ្គិសនីរបស់ប្រទេសថៃ និងអាស៊ាន៕


ចែករំលែកព័តមាននេះ