ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ឋានន្តរស័ក្តិ​មន្ត្រី​នគរ​បាល​ជាតិ​ឡើង​វិញ

14 ម៉ោង មុន
  • ភ្នំពេញ

រចនាសម្ព័ន្ធ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អង្គភាព​នគរបាល​នានា​នឹង​រៀបចំ​ឋានន្តរស័ក្តិ​ឡើង​វិញ នេះ​បើ​តាម​លិខិត​មួយ​ដែល​ចេញ​ នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា​ ឆ្នាំ​២០២៦ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។ តាម​លិខិត​ដែល​បញ្ជូន​ទៅ​លោក…

រចនាសម្ព័ន្ធ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អង្គភាព​នគរបាល​នានា​នឹង​រៀបចំ​ឋានន្តរស័ក្តិ​ឡើង​វិញ នេះ​បើ​តាម​លិខិត​មួយ​ដែល​ចេញ​ នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា​ ឆ្នាំ​២០២៦ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

តាម​លិខិត​ដែល​បញ្ជូន​ទៅ​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​យោង​ទៅ​តាម​លិខិត​របស់​ខុទ្ទកាល័យ​សម្តេច​ធិ​បតី​ផង​ដែរ​នោះ បាន​បញ្ជាក់​ថា មន្ត្រី​នគរបាល​ចាប់ពី​កម្រិត​អគ្គស្នងការ ដល់​នាយ​រង​ផ្នែក នាយ​រង​ប៉ុស្តិ៍​ នគរបាល​រដ្ឋបាល​ឃុំ ​សង្កាត់​ឯណោះ ។

តាម​សំណើ​​នោះ បាន​បញ្ជាក់​ថា អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​ឋានន្តរស័ក្តិ​នាយ​ឧត្តមសេនីយ៍​ដដែល ហើយ​ថ្នាក់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នានា​មាន​ឋានន្តរស័ក្តិ ឧត្តម​សេនីយ៍ឯក រីឯ​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក៏​មាន​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក​ដែរ ប៉ុន្តែ​អគ្គនាយករង​ និង​ថ្នាក់​ប្រហាក់ប្រហែល​មាន​ឋានន្តរស័ក្តិ​ត្រឹម​ឧត្តមសេនីយ៍ទោ​។

ប្រភព​ដដែល​បាន​បន្ត​ថា ប្រធាន​សេនាធិការដ្ឋាន​ និង​ប្រធាន​នាយកដ្ឋាន​កណ្តាល មាន​ឋានន្ត​រស័ក្តិ ឧត្តមសេនីយ៍ទោ រីឯ​អនុប្រធាន​សេនាធិការដ្ឋាន​ និង​អនុប្រធាន​នាយកដ្ឋាន​កណ្តាល មាន​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា សម្រាប់​ប្រធាន​នាយកដ្ឋាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត និង​ថ្នាក់​ប្រហាក់ប្រហែល មាន​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី រីឯ​អនុប្រធាន​នាយក​ដ្ឋាន ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត និង​ថ្នាក់​ប្រហាក់ប្រហែល មាន​ឋានន្ត​រស័ក្តិ វរសេនីយ៍ឯក ។

រីឯ​នាយការិយាល័យ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ និង​ថ្នាក់​ប្រហាក់ប្រហែល មាន​ឋានន្តរស័ក្តិ វរសេនីយ៍ទោ ហើយ​សម្រាប់​នាយ​រង​ការិយាល័យ អធិការរង​នៃ​អធិការដ្ឋាន
​នគរបាល​ក្រុង ស្រុក ខណ្ឌ និង​ថ្នាក់​ប្រហាក់ប្រហែល មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ត្រី​។

ចំពោះ​នាយ​ផ្នែក​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ និង​ថ្នាក់​ប្រហាក់ប្រហែល មាន​ឋានន្តរស័ក្តិ អនុសេនីយ៍ឯក ហើយ​នាយ​រង​ផ្នែក នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ និង​ថ្នាក់​​ប្រហាក់ប្រហែល មាន​ឋានន្តរស័ក្តិ អនុសេនីយ៍ទោ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ