ចិន-កូរ៉េខាងជើង ៖ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ នៃរដ្ឋាភិបាលកូរ៉េត្បូង អះអាងកាលពីថ្ងៃទី២០ ឧសភា ប្រាប់ដល់ទីភ្នាក់ព័ត៌មានYONHAP ថា មានព័ត៌មានស៊ើបការណ៍នានាដែលថា ប្រធានាធិបតីចិន លោកស៊ីជីនពីង នឹងមកបំពេញទស្សនកិច្ចមួយនៅកូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ។
ប្រភពមួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក៏អះអាងដែរថា មានលទ្ធភាពខ្ពស់ដែលលោកស៊ីជីនពីង ទៅកាន់កូរ៉េខាងជើង នាដំណាច់ខែនេះ ឬនាដើមខែខាងមុខ។ ប្រភពនេះបញ្ជាក់ថា លោកវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិន ទើបទៅកាន់កូរ៉េខាងជើងមិនយូរប៉ុន្មានមុននេះ រួចនាពេលថ្មីៗនេះ ក្រុមចិនទទួលបន្ទុកខាងពិធីការ និងសន្តិសុខ បានទៅកាន់ក្រុងព្យុងយ៉ាង។ ការធ្វើដំណើរនោះរបស់ក្រុមសន្តិសុខនិងពិធីការទៅ មានន័យថា នឹងមានទស្សនកិច្ចក្នុងពេលឆាប់ៗរបស់មេដឹកនាំចិនទៅកាន់ក្រុងព្យុងយ៉ាង ។
រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បានមកកាន់ក្រុងព្យុងយ៉ាង ពីថ្ងៃទី៩ ដល់ទី១០ មេសា និងបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ។ ក្នុងឱកាសនៃការជួបគ្នានោះ លោកគីមជុងអ៊ុន បានរំឭកពីទស្សនកិច្ចរបស់លោកនៅចិន កាលពីខែកញ្ញាឆ្នាំ២០២៥ និងអះអាងថា លោកមានបំណងពង្រឹងការផ្លាស់ប្ដូរគ្នាកម្រិតខ្ពស់ និងរក្សាការទាក់ទងគ្នាជាយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ តែងលើកឡើងពីបំណងចង់ជួបជាមួយលោកគីមជុង
អ៊ុន ជាថ្មី ហើយក៏អាចដែរថា លោកស្នើដល់លោកស៊ី ឲ្យដើរតួនាទីស្ថាបនាមួយ ដើម្បីឲ្យមានការចរចាជាថ្មីឡើងវិញរវាងអាមេរិក និងកូរ៉េខាងជើង ៕
ចែករំលែកព័តមាននេះ