រាជធានីភ្នំពេញ ៖ ឃាត់ក្មេងៗ ចំនួន ១២នាក់ ដែលប្រមូលផ្តុំគ្នា មិនគិតដេកពួន បង្កសម្លេងរំខាន ដល់អ្នកជិតខាង ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបន្តនីតិវិធី ។
ការចុះរដ្ឋបាលនេះដែរបានធ្វើឡើងកាលពីយប់ម៉ោង១០ និង៤៥នាទីថ្ងៃទី២១ ឧសភា ២០២៦ ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបានលើកឡើងថា មានការរាយការណ៍ពីពលរដ្ឋថា ចំណុចខាងលើនេះតែងតែមានក្មេងៗ មួយក្រុមមកអង្គុយជក់បារី ប្រមូលផ្តុំគ្នានាពេលយប់ បង្កសម្លេងរំខានដល់ពលរដ្ឋក្បែរនោះ មិនអាចសម្រាកបាន ។ ភ្លាមៗ លោកអភិបាលបានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះទៅកាន់ទីតាំងខាងលើ តែម្តង ដើម្បីរក្សាសុខសុវត្ថិភាពជូនពលរដ្ឋ នៅចំណុចតំបន់ខាងលើនេះ ។
ជាក់ស្តែងនៅពេលកម្លាំងចុះទៅដល់ បានឃើញក្មេងៗ ដែលមិនដេកពួន ចំនួន ១២នាក់ កំពុងបង្កសម្លេងរំខានឡូឡា ទើបកម្លាំងឃាត់ខ្លួន បញ្ជូនតាមរថយន្ត មកកាន់សាលាខណ្ឌមានជ័យ ដើម្បីសួរនាំ ។
បច្ចុប្បន្ន គណៈបញ្ជាការឯកភាពខណ្ឌ បានប្រគល់ក្មេងទាំង១២នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌ ដេីម្បីចាត់ការតាមនិតិវិធី ៕





ចែករំលែកព័តមាននេះ