រាជធានីភ្នំពេញ ៖ ចោរប្លន់៣នាក់ ដែលធ្វើសកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូពីយុវជន ដែលជាកម្មកររោងចក្រម្នាក់ បានសម្រេចរួចគេចខ្លួនបានរយៈពេល១០ថ្ងៃ ក៏ត្រូវកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ព្រមទាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាននោះ បានសម្ដែងការសោកស្ដាយថា មិនគួរណាពួកខ្លួនហ៊ានធ្វើសកម្មភាពប្លន់នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោសោះ ព្រោះដឹងថា រត់មិនរួចពីកណ្ដាប់ដៃនគរបាលដដែល ។
បើតាមនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា នៅពេលធ្វើការសាកសួរ ក្រោយពេលនាំទៅដល់អធិការដ្ឋាននគរបាលខណ្ឌដង្កោនោះ ក្រុមចោរខាងលើ បានបានសារភាពថា មុនពេលមកធ្វើសកម្មភាពប្លន់ម៉ូតូ នៅមូលដ្ឋានខណ្ឌដង្កោនោះ គឺពួកខ្លួនធ្លាប់បានធ្វើសកម្មភាពនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួន០២លើក។ នៅក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល០ ១លើក និងនៅតាមបណ្តោយមហាវិថីស៊ី ជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទៅផ្លូវជាតិលេខ១) ០១លើក គឺប្លន់បានសម្រេចជាបន្តបន្ទាប់រួចមកហើយ ។
នគរបាលបាន ប្រាប់ឲ្យដឹងបន្តទៀតថា ក្រុមចោរក៏បានព្រលយពាក្យថែមទៀតដូច្នេះផងដែរថា «ពួកខ្លួនមានការសោកស្ដាយខ្លាំងណាស់ នៅពេលធ្វើសកម្មភាពប្លន់ចុងក្រោយអត់បានដឹងថា ទីតាំងនោះ ស្ថិតនៅក្នុងទឹកដីខណ្ឌដង្កោសោះ ទើបហ៊ានប្លន់ ប្រសិនបើដឹងថា ទីនោះជាទឹកដីខណ្ឌដង្កោវិញនោះ ពួកខ្លួនអត់ហ៊ានប្លន់ទេ ព្រោះធ្លាប់ដឹងថា ក្រោយប្លន់រួចរត់មិនដែលរួចពីកណ្ដាប់ដៃនគរបាលខណ្ឌមួយនេះឡើយ» ។ នៅពេលនគរបាលសួរបន្តថា តើនៅពេលដែលពួកឯងកាប់ប្លន់គេរាល់ដង តើឯងអាណិតគេអត់ ? ពេលនោះ លោកចោរម្នាក់បានធ្វើជាយំកំសត់ ហើយឆ្លើយតបដោយស្លូតបូតវិញថា ខ្ញុំអាណិតដែរ តែខ្ញុំដាច់លុយណាពូ អាណិតគេ គឺអាណិតហើយ តែពេលខ្លះខ្ញុំក៏យំដែរពូ ។
សូមរម្លឹកថា ចោរប្លន់ដែលត្រូវនគរបាលឃាត់ខ្លួនបាន៣នាក់នោះ រួមមាន ៖
១.ឈ្មោះ រ័ត្ន វណ្ណៈ ហៅ អាហ្សា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ សាវុត សុភី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ។ ទាំង២នាក់នេះ ស្នាក់នៅក្នុងបន្ទប់ជួលលេខ២៨ ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
៣.ឈ្មោះ វី ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង អ្នកទាំង៣នេះ ពុំមានសារធាតុញៀននោះទេ ។
ក្រុមចោរនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ព្រមទាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ២៨ ស្ថិតនៅតាមផ្លូវបេតុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយពេលធ្វើសកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1MK-1210 ពីយុវជនម្នាក់ឈ្មោះ សៅ រៀម អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ។ ខណៈដែលជនរងគ្រោះជិះម៉ូតូខាងលើម្នាក់ឯងត្រលប់មកពីផ្ទះមិត្តស្រី នៅឯស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឆ្ពោះទៅកាន់បន្ទប់ជួលនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យវិញ ។ ដែលហេតុការណ៍នោះបានកើតឡើង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២២និង០០នាទីយប់ នៅតាមមហាវិថីស៊ី ជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) ស្ថិតនៅក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕



ចែករំលែកព័តមាននេះ