ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! កប៉ាល់​ខ្នាត​យក្ស​ដឹក​ប្រេង​ឆៅ​៦​លាន​បារ៉ែល បាន​ចាក​ចេញពី​ច្រក​ហ័​រ​មូស​ឆ្ពោះទៅ​កាន់​ទីផ្សារ​អាស៊ី

4 ម៉ោង មុន

អន្តរជាតិ ៖ បន្ទាប់​ពី​ការ​យឺតយ៉ាវ​អស់​រយៈពេល​ជាង​២​ខែ ដោយសារ​តែ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​នោះ ទីបំផុត កប៉ាល់​ដឹក​ប្រេង​ខ្នាត​យក្ស ៣ គ្រឿង ផ្ទុក​ប្រេង​ឆៅ​ប្រហែល ៦…

អន្តរជាតិ ៖ បន្ទាប់​ពី​ការ​យឺតយ៉ាវ​អស់​រយៈពេល​ជាង​២​ខែ ដោយសារ​តែ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​នោះ ទីបំផុត កប៉ាល់​ដឹក​ប្រេង​ខ្នាត​យក្ស ៣ គ្រឿង ផ្ទុក​ប្រេង​ឆៅ​ប្រហែល ៦ លាន​បារ៉ែល បាន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដោយ​តម្រង់​ទិសឆ្ពោះទៅ​កាន់​ទីផ្សារ​អាស៊ី​។ នេះ​បើ​យោង​តាម​ប្រភព​ពី Reuters ដោយ​ស្រង់​ទិន្នន័យ​សមុទ្រ​ពី​ផ្សារ​ហ៊ុន​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស (London Stock Exchange) និង​ក្រុមហ៊ុន​វិភាគ Kpler កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦​។

កប៉ាល់​ទាំងនោះ​ពី​មុន​បាន​ចត​នៅ​ឯ​ឈូង​សមុទ្រ​ពែ​រ្ស​អស់​រយៈពេល​ជាង​២​ខែ ដោយ​ដឹក​ប្រេង​ឆៅ​ពី​តំបន់​មជ្ឈិមបូព៌ា​ចំនួន ៦ លាន​បារ៉ែល ហើយ​បើ​តាម​របាយការណ៍ កប៉ាល់​ទីប ៤ ក៏​កំពុង​ចាប់ផ្តើម​ចូល​ទៅ​ក្នុង​ផ្លូវ​នេះ​ផង​ដែរ​។ កប៉ាល់​ទាំងនោះ ស្ថិត​នៅ​ក្នុង​ចំណោម​កប៉ាល់​ដឹក​ប្រេង​ធុន​ធ្ងន់​បំផុត​មួយ​ចំនួន​តូច ដែល​បាន​ចាក​ចេញពី​តំបន់​ឈូង​សមុទ្រ​ក្នុង​ខែ​នេះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្លងកាត់​ដែល​កំណត់​ដោយ​ប្រទេស​អ៊ី​រ៉​ង់​។

គួរ​បញ្ជាក់​ថា ជម្លោះ​រវាង​សហរដ្ឋអាមេរិក​-​អ៊ី​ស្រា​អែ​ល ជាមួយនឹង​អ៊ី​រ៉​ង់ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​ជាប់​គាំង ខណៈ​ជា​ផ្លូវទឹក​សំខាន់​មួយ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​ប្រហែល​១​ភាគ​៥​នៃ​ការ​ផ្គត់ផ្គង់​ប្រេង និង​ថាមពល​របស់​ពិភពលោក​។

ការ​បិទ​ច្រក​ដ៏​តូច​ចង្អៀត​មួយ​នេះ ក៏​បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ហក់​ឡើង​ដល់​៣​ខ្ទង់​ផង​ដែរ​។ គិត​ត្រឹម​ម៉ោង ៣ រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) តម្លៃ​ប្រេង​ឆៅ Brent ដែល​ជា​ស្តង់ដា​ពិភពលោក​ឈរ​នៅ​តម្លៃ ១០៦ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​។ ចំណែក​ប្រេង​ឆៅ​ស្តង់ដា​សហរដ្ឋអាមេរិក WTI ឈរ​នៅ​តម្លៃ ៩៩,៣០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ