ខេត្តស្វាយរៀង៖ មានករណីអគ្គីភ័យឆាបឆេះនៅចំណុចដីឡូតិ៍ស្តុបសំរាមអេតចាយមួយកន្លែងខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសតាយសេង សង្ស័យ មាន ជនមិនស្គាល់អត្តសញ្ញាណលួចដុតខណៈប្រើប្រាស់ទឹកអស់ ២០រថយន្តនៅក្រុងបាវិត។ កងរាជអាវុធហត្ថក្រុងបាវិតបានអោយដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន ថា មានករណីអគ្គិភ័យឆាបឆេះគំនរអេតចាយនៅក្នុងដីឡូមួយកន្លែងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦នៅភូមិតាពៅសង្កាត់បាវិតក្រុងបាវិត។
លោកមេបញ្ជាការកងរជអាវុធហត្ថក្រុងបានបញ្ជា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់អគ្គីភ័យនៅចំណុចដីឡូតិ៍ស្តុបសំរាមអេតចាយ ក្រោយតំបន់សេដ្ឋកិច្ចពិសេសតាយសេង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតដែលមានម្ចាស់ អេតចាយ ឈ្មោះ ថាច់ ថុន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបញ្ជាក់ទៀតថា អគ្គិភ័យនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៥គ្រឿងគឺរថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថក្រុងបាវិតចំនួន០១គ្រឿង រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងបាវិតចំនួន០២គ្រឿង រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកចន្ទ្រាចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនតាយសេងចំនួន ០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន។
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុង បន្ថែមថា ក្នុងហេតុការណ៍ខាងលើបណ្តាលឱ្យខូចខាតខ្សែភ្លើង បង្គោលភ្លើងរបស់ក្រុមហ៊ុនតាយសេងចំនួន១០០ម៉ែត្រ និងមិនបណ្ដាឱ្យមានមនុស្សរងរបួសនោះទេ ។ករណីអគ្គីភ័យនេះសមត្ថកិច្ចដាក់ការសង្ស័យថា មូលហេតុមាន ជនមិនស្គាល់អត្តសញ្ញាណលួចដុតគំនរសំរាមអេតចាយនេះ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចយើងបានធ្វើការពន្លត់បាន១០០%និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងផងដែរ៕


ចែករំលែកព័តមាននេះ