* កីឡាករលី ស៊ុងយុង ខ្សែបម្រើឆ្នើមក្លឹប Bolton របួសបាក់ជើងត្រូវសម្រាកព្យាបាលរយៈពេល៩ខែ
ក្លឹប Bolton ទើបប្រកួតជាលក្ខណៈមិត្តភាពយកឈ្នះក្លឹប Newport Country ក្នុងលទ្ធផល 3-1 ប៉ុន្តែត្រូវជួបអកុសលដោយកីឡាករលី ស៊ុងយុង ខ្សែបម្រើក្រុមជម្រើសជាតិកូរ៉េខាងត្បូងរងរបួសធ្ងន់ដោយបាក់ជើង។ កីឡាករលី ស៊ុងយុង អាយុ២៣ឆ្នាំ បានធ្វើការវះកាត់រួចរាល់ ដើម្បីតឆ្អឹងជើងខាងស្តាំ ដែលបាក់នៅបរិវេណក្បែរ.កជើង ក្រៅពីប៉ះទង្គិចជាមួយកីឡាករថុម មីលល័រ និងត្រូវសែងចេញពីទីលានប្រកួតនៅពាក់កណ្តាលតង់ទី ១។ ចាត់ទុកជាសំណាងអាក្រក់របស់កីឡាករលី ស៊ុងយុង ដែលរងរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលប្រកួតមិត្តភាព ត្រូវឈប់សម្រាកព្យាបាលរយៈពេល៩ខែ។
* កីឡាកររីបេរី ខ្សែប្រយុទ្ធក្លឹប Bayern Munich រងរបួសនៅមុនពេលចាប់ផ្តើមរដូវកាលថ្មី
កីឡាករហ្វ្រង់ រីបេរី បានរងរបួសខណៈពេលកំពុងហាត់សម កាលពីព្រឹកថ្ងៃអាទិត្យកន្លងមក ដោយនៅពេលដំបូងមានការរំពឹងទុកថា ជាអាការរបួសនៅក.ជើង។ ទោះជាយ៉ាងណា បន្ទាប់ពីចូលត្រួតពិនិត្យអាការរបួសរបស់ក្រុមគ្រូពេទ្យប្រចាំក្លឹបឃើញថា មានរបួសធ្ងន់ធ្ងរ។ ខ្សែប្រយុទ្ធអាយុ២៨ឆ្នាំ កំពុងស្ថិតក្នុងស្ថានភាពសម្រាកព្យាបាល ដោយបញ្ហានេះបានធ្វើឱ្យសាមីខ្លួនខកបំណងយ៉ាងខ្លាំង ព្រោះកាលពីរដូវកាលមុនក៏ជួបនឹងបញ្ហារបួសរ៉ាំរ៉ៃសម្រាកក្នុងរយៈពេលយូរដែរ។ សម្រាប់របួសខាងលើធ្វើឱ្យកីឡាករនៅ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ខ្លួនអាចជួយក្លឹប Bayern Munich ក្នុងការចាប់ផ្តើមរដូវកាលថ្មី ដែលជួបជាមួយក្លឹប Dortmunt នៅថ្ងៃទី៧ សីហា ខាងមុខ។
* ក្លឹប At-Madrid ក្រៀមក្រំដែលកីឡាករឌីយេហ្គោល កូស្តា របួសត្រូវសម្រាករយៈពេលពី៦-៧ខែ
តាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញផ្សាយថាក្លឹប At-Madrid ជួបនឹងបញ្ហាចាប់តាំងពីដើមរដូវកាលថ្មី ដោយមិនអាចប្រើកីឡាករឌីយេហ្គោ កូស្តា ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលរយៈពេល៦ខែ ក្រោយពីមានបញ្ហារបួសជង្គង់ក្នុងពេលហាត់សម។ តាមរបាយការណ៍របស់ក្លឹប At-Madrid បញ្ជាក់ឱ្យដឹងពីអាការរបស់កីឡាថា កូស្តា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពីរងរបួស និងតាមលទ្ធផលត្រួតពិនិត្យបង្ហាញថា ខ្សែប្រយុទ្ធអាយុ២២ឆ្នាំរូបនេះមានរបួសជង្គង់ខាងស្តាំអាចធ្វើឱ្យសាមីខ្លួនសម្រាកព្យាបាលរយៈពេលពី៦-៧ខែ។ ចាត់ទុកថា ជារឿងអកុសលមួយរបស់ក្លឹប បន្ទាប់ពីទើបលក់កីឡាករអាគូអេរ៉ូខ្សែប្រយុទ្ធឆ្នើមឱ្យក្លឹប Man City ក្នុងតម្លៃខ្លួន៣៨ផោន។
* ស្ទីវេន ជឺរ៉ាដ ខ្សែបម្រើ Liverpool ព្យាបាលរបួសត្រូវសម្រាករហូតដល់ខែកញ្ញា
ក្លឹបហង្សក្រហម Liverpool ត្រូវខកខានមិនបានប្រើប្រាស់កីឡាករស្ទីវេន ជីរ៉ាដ ខ្សែបម្រើប្រធានក្រុមក្លឹបរហូតដល់ខែកញ្ញាក្រោយពីសាមីខ្លួនរងរបួសត្រូវធ្វើការវះកាត់នៅត្រង់ក្រលៀន។ កាលពីថ្ងៃទី៣០ កក្កដា កន្លងទៅក្លឹប Liverpool បង្ហើបឱ្យដឹងថា ខ្សែបម្រើអាយុ៣១ឆ្នាំ មានឆ្លងវីរុសពីស្នាមរបួសដែលវះកាត់ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យកាលពី២-៣ថ្ងៃមុន ដោយរំពឹងថា កីឡាករខាងលើនឹងចូលលេងឱ្យក្លឹបបានទាន់ពេលនៅខែកញ្ញា ខាងមុខ។ កីឡាករដឺរ៉ាដ ខកខានមិនបានជួយក្លឹប Liverpool ក្នុងការប្រកួតលើកដំបូងនៅប្រឺមីញេលីក ជួបជាមួយក្លឹប Sunderland នៅថ្ងៃទី១៣ សីហា រួមទាំងជួបជាមួយ Arsenal និងBolton ដោយរំពឹងថា សាមីខ្លួនអាចត្រឡប់ចូលប្រកួតជួបជាមួយ Stoke នៅថ្ងៃទី១៣ កញ្ញា ខាងមុខ។
* កីឡាករហ្សាវៀ ហ៊ឺណានដេស ខ្សែប្រយុទ្ធម៉ិកស៊ិករបស់ក្លឹប Man Utd របួសត្រូវសម្រាក២-៣សប្តាហ៍
លោកអាឡិច ហ្វើគូសុន គ្រូបង្វឹកក្លឹប Man Utd និយាយថា កីឡាករហ្សាវៀ ហ៊ឺណានដេស ខ្សែប្រយុទ្ធក្រុមជម្រើសជាតិម៉ិកស៊ិក កំពុងមានសុវត្ថិភាពក្រោយពីរបួសធ្ងន់ធ្ងរនៅត្រង់ក្បាលក្នុងអំឡុងពេលហាត់សម។ ទោះជាយ៉ាង ប្រហែលត្រូវសម្រាករយៈពេល២-៣សប្តាហ៍ និងអាចចូលលេងបានទាន់ពេលបើករដូវកាលថ្មី នៅពាក់កណ្តាលខែសីហាខាងមុខ។ កីឡាករហ៊ឺណានដេស ខកខានមិនបានចូលលេងឱ្យក្លឹប Man Utd ដែលផ្តួលក្រុមកីឡាករឆ្នើមចម្រុះនៅក្របខណ្ឌ «មេដឺលីក សុកគ័រ» (Major League Soccer) របស់អាមេរិកក្នុងលទ្ធផល 4-0 កាលពីថ្ងៃទី២៧ កក្កដា ព្រោះសាមីខ្លួនសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីរបួសក្បាលក្នុងពេលហាត់សម។ ថ្វីបើជួបហេតុការណ៍បែបនេះតាមរយៈការត្រួតពិនិត្យឃើញថា កីឡាករខាងលើសំណាងល្អ ដែលរងរបួសតិចតួច ៕
ចែករំលែកព័តមាននេះ