រាជធានីភ្នំពេញ ៖ សិស្សម្នាក់ ប្រាប់គ្រូថា «ខ្លួនចុកពោះ» សុំចេញទៅផ្ទះមុន បែរជាទៅលួចលេងទឹក បណ្តាលអោយលង់ស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៩ ខែឧសភា ២០២៦ ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
កុមារារងគ្រោះ មានឈ្មោះ ហ៊ុន សុខសំណាង អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤គ នៅសាលាបឋមសិក្សាព្រែកឯង ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពពីបងប្រុសជីដូនមួយក្មេងប្រុសរងគ្រោះ បានអោយដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទី គាត់បាន ដើររក ក្មេងប្រុសខាងលើ ព្រោះមិនទាន់មកផ្ទះ ប៉ុន្តែមិនបានឃើញនៅសាលានោះឡើយ ។ ខណៈនោះ ក៏គ្រូបង្រៀនប្រាប់ថា ក្មេងប្រុសខាងលើ បានចេញពីសាលា តាំងពីម៉ោង ០៨ជាង មកម្ល៉េះ ក្រោមហេតុផល «ចុកពោះ» សុំទៅផ្ទះមុន ។ ស្របពេលនោះដែរ ក៏មានក្មេងៗ មកប្រាប់ថា អោយទៅរកមើលក្រោយវត្តជ្រោយអំពិល ព្រោះក្មេងប្រុសរងគ្រោះឧស្សាហ៍ទៅលេង នៅទីនោះ ។
ប្រភពដដែលបានបន្តថា លុះពេលមកដល់ ក៏ឃើញផ្អើលឆោរឡោរ ថាមានក្មេងលង់ទឹក ភ្លាមៗបងប្អូនប្រជាពលរដ្ឋ បានជួយរាវរក កុមារខាងលើ ឡើងមកលើគោកវិញ តែជាអកុសល ក្មេងប្រុសខាងលើ បានលង់ទឹកស្លាប់ បាត់ទៅហើយ ។
បច្ចុប្បន្ន សមត្ថកិច្ចសហការជាមួយនគរបាលជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសាកសព ហើយក៏បានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ