ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យណាស់! «ប្រាសាទមេបុណ្យខាងកើត» និមិត្តរូបនៃការដឹងគុណ និងសេចក្តីស្រឡាញ់ឆ្លងកាត់រាប់ពាន់ឆ្នាំ

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​លើ​ទឹកដី​វប្បធម៌​ដ៏​សក្ការៈ​នៃ​រមណីយដ្ឋាន​អង្គរ មាន​ប្រាសាទបុរាណ​មួយ​អណ្ដែត​ត្រដែត​ឡើង​ផ្ដាច់ខ្លួន​ពី​គេ ដែល​មិន​ត្រឹមតែ​ជា​អច្ឆរិយវត្ថុ​នៃ​ស្ថាបត្យកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វិមាន​តំណាង​ឱ្យ «​សេចក្ដី​ស្រឡាញ់ កតញ្ញុតាធម៌ និង​ការ​ដឹងគុណ​»​យ៉ាង​ជ្រាលជ្រៅ​របស់​កូនចៅ​ជំនាន់​ក្រោយ ចំពោះ​ដូនតា…

ខេត្តសៀមរាប ៖ នៅ​លើ​ទឹកដី​វប្បធម៌​ដ៏​សក្ការៈ​នៃ​រមណីយដ្ឋាន​អង្គរ មាន​ប្រាសាទបុរាណ​មួយ​អណ្ដែត​ត្រដែត​ឡើង​ផ្ដាច់ខ្លួន​ពី​គេ ដែល​មិន​ត្រឹមតែ​ជា​អច្ឆរិយវត្ថុ​នៃ​ស្ថាបត្យកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វិមាន​តំណាង​ឱ្យ «​សេចក្ដី​ស្រឡាញ់ កតញ្ញុតាធម៌ និង​ការ​ដឹងគុណ​»​យ៉ាង​ជ្រាលជ្រៅ​របស់​កូនចៅ​ជំនាន់​ក្រោយ ចំពោះ​ដូនតា ។ នោះ​គឺ​ប្រាសាទមេបុណ្យខាងកើត ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុងភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ ក្រុង​សៀមរាប ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ ។

អាជ្ញាធរ​ជាតិ​អប្សរា បានបន្តថា រឿងរ៉ាវ​នៃ​ការ​កសាង​ប្រាសាទ​នេះ ដើម្បី​តបស្នង​សងគុណ​មាតាបិតា​នៃ​អង្គ​ព្រះមហាក្សត្រ​ដ៏​ចម្បង​នៃ​ប្រវត្តិសាស្ត្រ​អង្គរ ។ បើ​យើង​ត្រឡប់​ទៅ​កាន់​សតវត្សរ៍​ទី​១០ ក្នុង​ឆ្នាំ​៩៥២ នៃ​គ្រិស្តសករាជ ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​១ បាន​ឡើង​គ្រងរាជ្យសម្បត្តិ និង​បាន​ដឹកនាំ​ចក្រភព​ខ្មែរ​ឆ្ពោះទៅ​រក​ភាព​រុងរឿង ។ ក្នុង​នាម​ជា​ក្សត្រ​ប្រកបដោយ​ធម៌ ព្រះ​អង្គ​មិន​ដែល​បំភ្លេច​នូវ​គុណូបការៈ​របស់​បុព្វការី​ជន​ឡើយ ។ ព្រះ​អង្គ​បាន​ត្រាស់​បង្គាប់​ឱ្យ​កសាង​ប្រាសាទមេបុណ្យខាងកើត​ឡើង ដោយ​បែរមុខ​ទៅ​ទិស​ខាងកើត ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ​ក្នុង​ព្រហ្មញ្ញសាសនា ។

និទានកថា​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​សិលាចារឹក ដោយ​បញ្ជាក់​ថា ប្រាសាទភ្នំ​ធ្វើ​អំពី​ឥដ្ឋ​រាង​ជើងក្អែក​នេះ គឺ​កសាង​ឡើង​ក្នុង​គោលបំណង​ចម្បង​ដើម្បី​«​ឧទ្ទិស​ដល់​បុព្វការី​ជន​» ច្រើន​ជំនាន់​។ នៅ​ក្នុង​ប្រាង្គ​ប្រាសាទ​ទាំងនោះ ព្រះ​អង្គ​បាន​តម្កល់​រូបចម្លាក់​តំណាង​ឱ្យ​ព្រះ​មាតា​និង​ព្រះ​បិតា ក្នុង​ទម្រង់​ជា​អាទិទេព​ដ៏​មាន​មហិទ្ធិឫទ្ធិ ដូច​ជា ព្រះ​ឥសូរ ព្រះ​នាង​ប​វ៌​តី ព្រះ​នារាយណ៍ និង​ព្រះព្រហ្ម ហើយ​នៅ​ក្តី​កណ្តាល​នៃ​ប្រាសាទ​មាន​តម្កល់​លិង្គ​ទេវរាជ ។ នេះ​ជា​ភស្តុ​តាង​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា សូ​ម្បី​តែ​មហាក្សត្រ​ដ៏​មាន​អំណាច ក៏​តែងតែ​លំឱនកាយ​បង្ហាញ​សេចក្ដី​ដឹងគុណ​យ៉ាង​បរិសុទ្ធ​ចំពោះ​ដូនតា និង​អ្នក​មានគុណ​ផង​ដែរ ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា កាល​ដើម​ឡើយ ប្រាសាទមេបុណ្យខាងកើត​មិនមែន​ស្ថិត​នៅ​លើ​ដីគោក​ដូច​សព្វ​ថ្ងៃនេះ​ទេ ។ ទី​នេះ គឺជា​កោះ​តូច​មួយ​ដ៏​សក្ការៈ​ស្ថិត​នៅ​ចំ​កណ្ដាល​បារាយណ៍​ខាងកើត ឬ​ហៅ​ថា «​បារាយណ៍​យ​សោ​ធ​រត​ដាក​» ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ធំធេង​របស់​ព្រះបាទ​យ​សោ​វរ​ម៌​ទី​១ នា​ចុង​សតវត្សរ៍​ទី​៩​។

ស្រមៃ​ទៅ​កាលពី​ជាង​មួយ​ពាន់​ឆ្នាំ​មុន អ្នកស្រុក និង​ក្សត្រា​ក្ស​ត្រី​ត្រូវ​ជិះទូក​ឆ្លងកាត់​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ ដើម្បី​មក​ធ្វើបុណ្យ និង​សម្តែង​ការ​ដឹងគុណ​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស​នៅ​លើ​កោះ​កណ្តាល​ទឹក​ដ៏​ស្ងប់ស្ងាត់​នេះ ។ ទោះបីជា​ឆ្លងកាត់​ជា​ច្រើន​សតវត្សរ៍​មក​ដល់​បច្ចុប្បន្ន ផ្ទៃ​ទឹក​បារាយណ៍​ដ៏​ធំធេង​នេះ បាន​រីងស្ងួត​គោក​អស់​ទៅ​ហើយ​ក្តី ប៉ុន្តែ​ព្រលឹង​នៃ​ការ​ដឹងគុណ និង​សំណង់​ប្រាសាទ​ប្រាង្គ​៥ កសាង​អំពី​ឥដ្ឋ​នៅ​លើ​ខឿន​ធ្វើ​ពី​ថ្មបាយក្រៀម​និង​ថ្មភក់ នៅ​តែ​ឈរជើង​យ៉ាង​រឹង​មាំ​ដដែល​។

នា​ពេល​បច្ចុប្បន្ន ប្រាសាទមេបុណ្យខាងកើត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​នៅ​ក្នុង​វង់​ធំ​នៃ​រមណីយដ្ឋាន​អង្គរ ។ ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិស​ទី​មិន​ត្រឹមតែ​ចូល​ចិត្ត​មក​ទី​នេះ ដើម្បី​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត និង​រ៉ូ​មែន​ទិ​ក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​បាន​មក​ដើម្បី​ស្វែង​យល់ ស្ងើចសរសើរ និង​លំឱនកាយ​គោរព​ដល់​វិស្វកម្ម និង​ទឹកដៃ​ដ៏​ឯក​របស់​ដូនតា​ខ្មែរ​ជំនាន់​មុន​ផង​ដែរ​។

ទោះបីជា​បាន​ឈរ​រឹង​មាំ​ប្រឈម​មុខ​នឹង​កម្តៅថ្ងៃ និង​ខ្យល់​ភ្លៀង​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ក្តី រចនា​សម្ពន្ធ​របស់​ប្រាសាទមេបុណ្យខាងកើត​ជា​ច្រើន​កន្លែង​បាន​រង​នូវ​ការ​ខូចខាត​ដោយសារ​តែ​អាយុកាល និង​កត្តា​ធម្មជាតិ ។ ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ និង​បន្ត​ថែរក្សា​ព្រលឹង​ដូនតា​ឱ្យ​បាន​គង់វង្ស អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​អភិរក្ស និង​ថែរក្សា​ជា​ប្រចាំ ។

ក្រុម​អ្នកជំនាញ​បាន និង​កំពុងធ្វើការ​ងារ​យ៉ាង​ផ្ចិតផ្ចង់​ដូច​ជា ជួសជុល​ទល់​ទ្រ​លើ​ចំណុច​ហានិភ័យ​នៃ​ប្រាសាទ ការ​សម្អាត​កំណក​ដី​តាម​ថ្នេរ​ថ្ម ការ​កាត់​សម្អាត​រុក្ខជាតិ​ដែល​អាច​បំផ្លាញ​ដល់​ឥដ្ឋ​និង​ថ្ម​ប្រាសាទ ព្រមទាំង​បង្ការ​ការពារ​ការ​ជម្រាប​ទឹក​ចូល​ទៅ​ក្នុង​រចនា​សម្ពន្ធ​របស់​ឥដ្ឋ​ប្រាសាទ ។
ការ​ថែរក្សា​ប្រាសាទមេបុណ្យខាងកើត​នៅ​ថ្ងៃនេះ គឺ​ការ​បន្ត​សរសេរ​រឿងរ៉ាវ​នៃ​ការ​ដឹងគុណ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត ដើម្បី​ឱ្យ​វិមាន​ឧទ្ទិស​ដល់​បុព្វការី​ជន​មួយ​នេះ នៅ​តែ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​សម្រាប់​កូន​ខ្មែរ និង​ពិភពលោក​ជា​រៀង​រហូត​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ