ថ្មីៗនេះ បុគ្គលិកម្នាក់នៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានប្រទះឃើញសត្វល្អិតដ៏គួរឱ្យចាប់អារម្មណ៍មួយក្បាល គឺ “សត្វកណ្តូបបុកស្រូវ” ឬ “កណ្តូបសេះ” ដែលជាសត្វល្អិតមានរូបរាងប្លែក និងមានសមត្ថភាពក្លែងបន្លំខ្លួនយ៉ាងអស្ចារ្យ។។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានអះអាងថា សត្វប្រភេទនេះអាចធ្វើឱ្យខ្លួនវាមើលទៅដូចជាស្លឹកឈើពិតៗ ដោយមានទាំងពណ៌ និងរាងស្រដៀងស្លឹកឈើស្ងួត ឬស្លឹកឈើខៀវដែលអាច ជួយឱ្យវាអាចគេចផុតពីសត្វរំពាដែលតែងតែចាប់វាជាចំណីអាហារ។
សត្វកណ្តូបបុកស្រូវ មានចលនាយឺតៗ និងប្រុងប្រយ័ត្នខ្លាំង ហើយ នៅពេលដើរ វាតែងធ្វើចលនា “យោលទៅមុខយោលទៅក្រោយ” ដូចស្លឹកឈើដែលកំពុងបក់តាមខ្យល់។ ការធ្វើចលនាបែបនេះធ្វើឱ្យសត្វរំពាមិនងាយសម្គាល់ថាវាជាសត្វល្អិតឡើយ។
អ្នកអភិរក្សាបានអះអាងថា នេះវាជាវិធីការពារខ្លួនតាមធម្មជាតិដ៏ឆ្លាតវៃមួយ។
ប្រភពដដែលបានបន្តថា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៀតនោះគឺ សត្វកណ្តូបបុកស្រូវញីភាគច្រើនមិនអាចហោះហើរបានឡើយ ប៉ុន្តែ ទោះជាយ៉ាងណា វានៅតែអាចរស់រាន និងបន្តពូជបានយ៉ាងល្អ។ ជាពិសេស សត្វប្រភេទនេះភាគច្រើនអាចបន្តពូជដោយឥតភេទ ដែលមានន័យថា សត្វញីអាចបង្កើតកូនបានដោយមិនចាំបាច់មានសត្វឈ្មោល។ ដំណើរការនេះត្រូវបានគេហៅថា “ការបន្តពូជដោយឯកឯង” ដែលជាលក្ខណៈពិសេសដ៏កម្រមួយនៅក្នុងពិភពសត្វល្អិត។
ការប្រទះឃើញសត្វកណ្តូបបុកស្រូវនេះ បានធ្វើឱ្យបុគ្គលិកជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាបង្ហាញពីភាពចម្រុះ និងអស្ចារ្យនៃធម្មជាតិ។ សត្វល្អិតតូចមួយនេះ បានបង្ហាញឱ្យឃើញថា ធម្មជាតិមានវិធីដ៏អស្ចារ្យក្នុងការជួយឱ្យសត្វនីមួយៗរស់រានមានជីវិតនៅក្នុងបរិស្ថានរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ