ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​មួយ​នៅ​ជប៉ុន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ដល់​អ្នករាយការណ៍​ពី​អាជីវកម្ម​ណា​ដែល​ជួល​ពល​ករ​​បរទេស​ខុសច្បាប់

2 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ខេត្ត​អ៊ី​បា​រ៉ា​គី (Ibaraki) ភាគ​ឦសាន​នៃ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​ចាប់ផ្តើម​អនុ​វត្ត​កម្មវិធី​មួយ ​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦…

ប្រទេស​ជប៉ុន ៖ ខេត្ត​អ៊ី​បា​រ៉ា​គី (Ibaraki) ភាគ​ឦសាន​នៃ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​ចាប់ផ្តើម​អនុ​វត្ត​កម្មវិធី​មួយ ​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ដើម្បី​ផ្តល់​ប្រាក់​រង្វាន់​ដល់​អ្នករាយការណ៍​ពី​បណ្តា​អាជីវកម្ម​ដែល​បាន​ជួល​ពលករ​បរទេស​បម្រើ​ការងារ​ដោយ​ខុសច្បាប់​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ជប៉ុន​ក្យូ​ដូ (Kyodo) បាន​ចេញផ្សាយ​។

ក្រោម​កម្មវិធី​នេះ បន្ទាប់​ពី​ផ្ទៀងផ្ទាត់​ព័ត៌មាន​ថា​ ពិតជា​ត្រឹមត្រូវ​ហើយ​នោះ រដ្ឋបាល​ខេត្ត​នឹង​រាយ​ការណ៍​ពី​ម្ចាស់​អាជីព​កម្ម​ទៅ​កាន់​ប៉ូលិស ហើយ​ប្រសិនបើ​ព័ត៌មាន​នោះ​នាំ​ឱ្យ​មាន​សកម្មភាព​អនុវត្ត​ច្បាប់ អ្នក​ផ្តល់​ព័ត៌មាន​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១​ម៉ឺន​យ៉េន ឬ​ស្មើ​៦៤​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក​។

កម្មវិធី​នេះ ត្រូវ​បាន​ណែនាំ​បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​អះអាង​ថា ខេត្ត​អ៊ី​បា​រ៉ា​គី​មាន​ចំនួន​ពលករ​បរទេស​គ្មាន​ឯកសារ​ច្រើន​ជាងគេ​នៅ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤៧​របស់​ប្រទេស​ជប៉ុន​រយៈពេល​៤​ឆ្នាំ​ជាប់​ៗ​គ្នា​។ រដ្ឋាភិបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា ពល​បរទេស​ គឺ​ត្រូវការ​ចាំបាច់​ក្នុង​ចំណោម​កង្វះខាត​កម្លាំង​​ពលកម្ម​ធ្ងន់ធ្ងរ​របស់​ប្រទេស​ជប៉ុន ប៉ុន្តែ​ការ​បង្ក្រាប​លើ​ការ​ជួល​ខុសច្បាប់​នឹង​ជួយ​ដោះ​ស្រាយ​ការ​រំលោភសិទ្ធិ​មនុស្ស​។

ទោះជា​យ៉ាងណា​ក៏​ដោយ កម្មវិធី​នេះ ​បាន​បង្ក​ឱ្យ​មានការ​បារម្ភ​បន្ទាប់​ពី​ការ​ប្រកាស​កម្មវិធី​នេះ​
លើក​ដំបូង​ក្នុង​ខែកុម្ភៈ​កន្លង​ទៅ ដោយ​សមាគម​មេធាវី​ក្នុងស្រុក និង​ក្រុម​ពលរដ្ឋ​គាំទ្រ​អ្នក​រស់នៅ​បរទេស​អះអាង​ថា វា​នឹង​ជំរុញ​ឱ្យ​មានការ​រើសអើង និង​ការ​បែងចែក​សង្គម​។ ជាក់ស្តែង ​សមាជិក​ប្រហែល​១០​នាក់​នៃ​ក្រុម​ពលរដ្ឋ​មួយ​ក្រុម​បាន​ធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​ការិយាល័យ​រដ្ឋាភិបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា កន្លង​ទៅ ដោយ​អំពាវនាវ​ឱ្យ​ដក​កម្មវិធី​នេះ​ចេញ ដោយ​លើក​ឡើង​ថា កម្មវិធី​នេះ​ក៏​នឹង​បំភិតបំភ័យ​ពលករ​បរទេស​ដែល​ត្រូវ​បាន​ជួល​ឱ្យធ្វើ​ការ​ត្រឹមត្រូវ​ផង​ដែរ​ ។

យោង​តាម​គោលការណ៍​ណែនាំ​ខេត្ត ការ​រាយការណ៍​នឹង​ត្រូវ​បាន​កំណត់​ចំពោះ​អាជីវកម្ម​ដែល​ជួល សម្របសម្រួល ឬ​សង្ស័យ​ថា សម្របសម្រួល​ការងារ​ខុសច្បាប់​។ ផ្ទុយ​ទៅ​វិញ ការ​ផ្តល់​ព័ត៌មាន​ដែល​ដាក់​ជូន​ដោយ​ចេតនា​ទុច្ចរិត ឬ​អំពី​បុគ្គល​ដោយ​ផ្អែក​ទៅ​លើ​រូបរាង ឬ​សញ្ជាតិ​របស់​ពួក​គេ នឹង​មិន​ត្រូវ​បាន​ទទួលយក​ឡើយ​។ ខេត្ត​ក៏​បាន​បញ្ជាក់​បន្ថែម​ថា សេចក្តីរាយការណ៍​អាច​ត្រូវ​បាន​ផ្ញើ​តាម​រយៈ​គេហទំព័រ​ខេត្ត​ដោយ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន ដូច​ជា​ឈ្មោះ អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ ហើយ​ត្រូវ​តែ​រួម​បញ្ចូល​ច្បាប់​ចម្លង​នៃ​អត្តសញ្ញាណប័ណ្ណ​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ