យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សភាគច្រើនមានទម្លាប់ផ្អឹបទ្វារម៉ាស៊ីនបោកខោអាវភ្លាមៗក្រោយយកខោអាវចេញ ដើម្បីកុំឱ្យធូលីចូល ឬឱ្យមានរបៀប។ ប៉ុន្តែតាមបច្ចេកទេស ទម្លាប់នេះគឺជាកំហុសដ៏ធំមួយដែលធ្វើឱ្យម៉ាស៊ីនឆាប់មានក្លិនផ្អូម និងកើតផ្ទាំងផ្សិត។ ការផ្អឹបទ្វារជិតនៅពេលខាងក្នុងនៅមានសំណើម និងកម្ដៅ គឺជាការបង្កើតបរិយាកាសដ៏ល្អបំផុតសម្រាប់បាក់តេរី និងផ្សិតលូតលាស់ ជាពិសេសនៅតាមរង្វង់កៅស៊ូទ្វារ និងធុងបោក។
ដើម្បីថែរក្សាម៉ាស៊ីនឱ្យបានយូរ និងគ្មានក្លិនមិនល្អ អ្នកជំនាញមកពីក្រុមហ៊ុនល្បីៗដូចជា Samsung, LG និង Whirlpool សុទ្ធតែផ្ដល់អនុសាសន៍ឱ្យ «បើកទ្វារម៉ាស៊ីន និងថតដាក់សាប៊ូឱ្យចំហ» មួយរយៈក្រោយបោកជម្រះរួច។ ការធ្វើបែបនេះជួយឱ្យខ្យល់ចេញចូលបានល្អ និងធ្វើឱ្យសំណើមដែលនៅសេសសល់រហួតអស់ ការពារមិនឱ្យខោអាវដែលបោកលើកក្រោយមានក្លិនឆ្អេះ ទោះបីជាប្រើទឹកក្រអូបច្រើនយ៉ាងណាក៏ដោយ។
ក្រៅពីការបើកទ្វារចំហ អ្នកប្រើប្រាស់គួរអនុវត្តតិចនិកបន្ថែមដូចជា៖ យកខោអាវចេញភ្លាមៗក្រោយបោកឆ្អិន ប្រើក្រណាត់ស្ងួតជូតជុំវិញរង្វង់កៅស៊ូទ្វារ (សម្រាប់ម៉ាស៊ីនទ្វារមុខ) និងចៀសវាងការដាក់សាប៊ូ ឬទឹកក្រអូបច្រើនហួសប្រមាណ ព្រោះកករសាប៊ូដែលសល់នឹងក្លាយជាចំណីរបស់មេរោគ។ ការសម្អាតធុងបោកជាប្រចាំរៀងរាល់ខែ ក៏ជាគន្លឹះមាសជួយឱ្យម៉ាស៊ីនបោកបានស្អាតល្អ និងមានអាយុកាលប្រើប្រាស់បានរាប់ឆ្នាំ៕
ចែករំលែកព័តមាននេះ