រដ្ឋមន្ត្រីការបរទេសថៃផុតអាណត្តិ លោកកាស៊ីត ភិរម្យ ថ្លែងកាលពីថ្ងៃទី២ សីហា ថា រដ្ឋាភិបាលថៃនឹងតម្កល់ប្រាក់២០លានអឺរ៉ូ ដើម្បីធានាដល់ការដោះលែងមកវិញនូវយន្តហោះមួយគ្រឿងធុនប៊ូអ៊ីង៧៣៧ ដែលជារបស់រាជទាយាទថៃ ព្រោះអង្គម្ចាស់វិចរ៉ាឡុងកន ដែលអាល្លឺម៉ង់រឹបអូសនៅព្រលានយន្តហោះក្រុងមុយនិចកាលពីខែកក្កដាកន្លងមក។
រដ្ឋាភិបាលថៃយល់ព្រមតម្កល់ប្រាក់២០លានអឺរ៉ូ សម្រាប់ការដោះលែងយន្តហោះ៧៣៧ នោះក្រោយពីព្រះអង្គម្ចាស់វិចរ៉ាឡុងកន ទ្រង់បានប្រកាសកាលពីថ្ងៃទី១ សីហា កន្លងមក ថា ទ្រង់នឹងប្រើប្រាស់ថវិកាផ្ទាល់របស់ទ្រង់ ដើម្បីតម្កល់ប្រាក់ធានាឱ្យបានការដោះលែងវិញនូវយន្តហោះរបស់ទ្រង់ជាផ្នែកមួយដើម្បីបញ្ចប់ជម្លោះរវាងប្រទេសថៃ និងក្រុមហ៊ុនសាងសង់អាល្លឺម៉ង់មួយ។
លេខាធិការដ្ឋានរបស់ទ្រង់វិចរ៉ាឡុងកន ថ្លែងថា ព្រះអង្គម្ចាស់វិចរ៉ាឡុងកន បានបង្ហាញពីហឫទ័យតម្កល់ប្រាក់ដ៏ច្រើននេះសម្រាប់យន្តហោះរបស់ទ្រង់ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសថៃ និងប្រទេសអាល្លឺម៉ង់។ ការផ្តល់របស់ទ្រង់វិចរ៉ាឡុងកន ធ្វើឱ្យរដ្ឋាភិបាលថៃប្តូរចិត្តវិញ ដែលមុននេះបានបដិសេធមិនព្រមសងប្រាក់នោះ ដែលតម្រូវឱ្យបង់ដោយតុលាការអាល្លឺម៉ង់កាលពីថ្ងៃទី២០ កក្កដា កន្លងមកឡើយ។
លោកកាស៊ីត ភិរម្យ ថ្លែងថា រដ្ឋាភិបាលនឹងតម្កល់ប្រាក់២០លានអឺរ៉ូ ដើម្បីបញ្ជាក់ច្បាស់ថា ព្រះអង្គម្ចាស់វិចរ៉ាឡុងកន ពុំមានជាប់ពាក់ព័ន្ធក្នុងការងាររវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនអាល្លឺម៉ង់ឡើយ ៕
ចែករំលែកព័តមាននេះ