ប្រទេសចិន ៖ ក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យល្អលំដាប់ពិភពលោកឆ្នាំ២០២៥ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក ហៅកាត់ថា CWUR បានបង្ហាញថា ប្រទេសចិននាំមុខគេដោយមានសាកលវិទ្យាល័យចំនួន ៣៤៦ ជាប់ក្នុងបញ្ជី ដោយបានវ៉ាដាច់សហរដ្ឋអាមេរិកជាលើកដំបូង។
ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងចំនួនសាកលវិទ្យាល័យ ដែល ជាប់ក្នុងបញ្ជីចំណាត់ថ្នាក់សាកលវិទ្យាល័យល្អបំផុតទាំង២០០០ ទូទាំងពិភពលោក។ សាកលវិទ្យាល័យរបស់ចិនឥឡូវនេះមានចំនួន ១៧% នៃបញ្ជី ពោលកើនឡើងពី ៣២៤ កាលពីឆ្នាំមុនដល់ ៣៤៦ នៅឆ្នាំនេះ ខណៈដែលចំនួនសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះពី ៣២៩ មកនៅត្រឹម ៣១៩។
ចំណាត់ថ្នាក់សាកលវិទ្យាល័យល្អបំផុតលើពិភពលោកឆ្នាំ២០២៥ ដែលបានចេញផ្សាយកាលពីថ្ងៃសប្តាហ៍មុនបង្ហាញថា ៩៨% នៃសាកលវិទ្យាល័យក្នុងប្រទេសចិនបានធ្វើឱ្យគុណភាពល្អប្រសើរឡើង ដែលជាជំរុញតាមរយៈការពង្រឹងការអនុវត្តការស្រាវជ្រាវ និងការវិនិយោគដ៏សំខាន់របស់រដ្ឋាភិបាលចិនក្នុងការអប់រំឧត្តមសិក្សា។
បើទោះជាថយចុះចំនួនក្នុងបញ្ជីសាកលវិទ្យាល័យល្អបំផុតទាំង ២០០០ នៅទូទាំងពិភពលោករបស់ CWUR ក៏ពិតមែន ប៉ុន្តែសហរដ្ឋអាមេរិកនៅតែមានសាកលវិទ្យាល័យរហូតដល់ ៨ ជាប់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០ លើពិភពលោកក្នុងបញ្ជី CWUR ដោយសាកលវិទ្យាល័យ Harvard, Massachusetts Institute of Technology និង Stanford ឈរនៅចំណាត់ថ្នាក់កំពូលទាំង ៣ តាមពីក្រោយដោយសាកលវិទ្យាល័យ Cambridge និង Oxford របស់ចក្រភពអង់គ្លេស ដែលជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ នៃបញ្ជីនេះ។
ខាងក្រោមនេះ គឺជាសាកលវិទ្យាល័យល្អបំផុតទាំង ១០ លើពិភពលោកឆ្នាំ ២០២៥ ដែលចងក្រងដោយ CWUR ៖
១. Harvard University (សហរដ្ឋអាមេរិក)
២. Massachusetts Institute of Technology (សហរដ្ឋអាមេរិក)
៣. Stanford University (សហរដ្ឋអាមេរិក)
៤. University of Cambridge (ចក្រភពអង់គ្លេស)
៥. University of Oxford (ចក្រភពអង់គ្លេស)
៦. Princeton University (សហរដ្ឋអាមេរិក)
៧. University of Pennsylvania (សហរដ្ឋអាមេរិក)
៨. Columbia University (សហរដ្ឋអាមេរិក)
៩. Yale University (សហរដ្ឋអាមេរិក)
១០. University of Chicago (សហរដ្ឋអាមេរិក)
សកលវិទ្យាល័យចិនទាំង ៥ ជាប់ក្នុងចំណាត់ល្អនៃបញ្ជីរបស់ CWUR នៅឆ្នាំនេះ ៖
១. Tsinghua University ឈរនៅលេខ ៣៧ ពិភពលោក
២. Peking University ឈរនៅលេខ ៤៤
៣. University of Chinese Academy of Sciences ឈរនៅលេខ ៤៦
៤. Shanghai Jiao Tong University ឈរនៅលេខ ៦១
៥. Zhejiang University ឈរនៅលេខ ៦៨។
សូមជម្រាបថា មជ្ឈមណ្ឌលចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក ហៅកាត់ថា CWUR គឺជាអង្គការប្រឹក្សាយោបល់ឈានមុខគេលើពិភពលោក ដែលផ្តល់ការណែនាំអំពីគោលនយោបាយ ការយល់ដឹងយុទ្ធសាស្ត្រ និងសេវាកម្មប្រឹក្សាដល់រដ្ឋាភិបាល និងសាកលវិទ្យាល័យនានា ដើម្បីកែលម្អលទ្ធផលអប់រំ និងការស្រាវជ្រាវ។
ចាប់តាំងពីឆ្នាំ២០១២ មក CWUR បាននឹងកំពុងបោះពុម្ពផ្សាយចំណាត់ថ្នាក់សិក្សាតែមួយគត់នៃសាកលវិទ្យាល័យនៅទូទាំងពិភពលោក ដែលវាយតម្លៃគុណភាពនៃការអប់រំ លទ្ធភាពទទួលបានការងារ និងការស្រាវជ្រាវដោយមិនពឹងផ្អែកលើការស្ទង់មតិ និងការបញ្ជូនទិន្នន័យរបស់សាកលវិទ្យាល័យ៕ ដកស្រង់ ៖ Asia News Network




ចែករំលែកព័តមាននេះ