ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​មេរោគ​ហាន់​តាវីរុស (hantavirus) នៅ​លើ​នាវា​​ទេស​ចរណ៍​ត្រូវ​​ដឹក​ទៅ​ព្យាបាល​នៅ​ហូ​ឡង់

1 ម៉ោង មុន

ទី​ក្រុង​អាំ​ស្ទ៊ែ​ដាំ៖ អ្នក​ជំងឺ​បី​នាក់​ដែល​ឆ្លង​មេរោគ​ហាន់​តា​វីរុស (hantavirus) និង​ដែល​ធ្វើ​ដំណើរ​នៅ​លើ​នាវា​ទេសចរណ៍​ហុន​ឌាស (Hondius) ត្រូវ​បាន​ជម្លៀស​ចេញ​តាម​យន្ត​ហោះ​ទៅ​ប្រទេស​ហូឡង់​ដើម្បី​ព្យាបាល​ជំងឺ​។ អាជ្ញា​ធរ​អន្តរ​ជាតិ​ក៏​កំពុង​ចាត់​វិធាន​ការ​ឆ្លើយ​តប​ចំពោះ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ​ផង​ដែរ​។ នាយក​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ លោក​តេ​ដ្រូស (Tedros)…

ទី​ក្រុង​អាំ​ស្ទ៊ែ​ដាំ៖ អ្នក​ជំងឺ​បី​នាក់​ដែល​ឆ្លង​មេរោគ​ហាន់​តា​វីរុស (hantavirus) និង​ដែល​ធ្វើ​ដំណើរ​នៅ​លើ​នាវា​ទេសចរណ៍​ហុន​ឌាស (Hondius) ត្រូវ​បាន​ជម្លៀស​ចេញ​តាម​យន្ត​ហោះ​ទៅ​ប្រទេស​ហូឡង់​ដើម្បី​ព្យាបាល​ជំងឺ​។ អាជ្ញា​ធរ​អន្តរ​ជាតិ​ក៏​កំពុង​ចាត់​វិធាន​ការ​ឆ្លើយ​តប​ចំពោះ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ​ផង​ដែរ​។ នាយក​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ លោក​តេ​ដ្រូស (Tedros) ថ្លែង​ថា​អ្នក​ជំងឺ​ទាំង​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ហូឡង់​ហើយ​។ សម្រាប់​ដំណាក់​កាល​នេះ​ ហានិ​ភ័យ​ចំពោះ​សុខ​ភាព​សា​ធារណៈ​ជា​ទូទៅ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ទេ​។ លោក​បង្ហោះ​សារ​ដូច​ខាង​លើ​នេះ​នៅ​លើ​បណ្ដាញ​អ៊ិច​។

នៅ​ក្នុង​ចំណោម​អ្នក​ទាំង​បី​ដែល​ជម្លៀស​ខ្លួន​តាម​យន្ត​ហោះ​នោះ​ក៏​មាន​ម្នាក់​ជា​វេជ្ជ​បណ្ឌិត​ពិនិត្យ​ជំងឺ​ប្រចាំ​ការ​នៅ​លើ​នាវា​កម្សាន្ត​នោះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ក្រសួង​សុខា​ភិបាល​អេស្ប៉ាញ។ ក្រសួង​ថ្លែង​បន្ថែម​ទៀត​ថា​លោក​វេជ្ជ​បណ្ឌិត​រូប​​នោះ​ពី​ដំបូង​ដៃ​ប្រុង​ដឹក​ទៅ​កោះ​ខាណារី (Canary Island) ដោយ​សារ​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​បាន​ដឹក​ទៅ​ប្រទេស​ហូឡង់​វិញ​​បន្ទាប់​ពី​ស្ថាន​ភាព​ជំងឺ​​របស់​គាត់​ចាប់​ផ្ដើម​ប្រសើរ​ជាង​មុន​។​

នាវា​ឈ្មោះ​ហុន​ឌាស​ដែល​ចាក​ចេញ​ដំណើរ​ពី​ប្រទេស​អាហ្សង់​ទីន​នៅ​ពេល​នេះ​កំពុង​ស្ថិត​នៅ​លើ​ផ្ទៃ​សមុទ្រ​ប្រទេស​ខេប​វើត​ (Cape Verde) ហើយ​ត្រូវ​បង្វែរ​ទិស​ដៅ​របស់​ខ្លួន​ដោយ​សារមាន​អ្នក​ឆ្លង​ជំងឺ​ហាន់​​តា​វីរុស​នៅ​ពេល​បើក​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់​ទិច​។ គិត​ត្រឹម​ថ្ងៃ​ទី​៦ ខែ​ឧសភា​ អង្គ​ការ​សុខ​ភាព​ពិភព​លោក​រក​ឃើញ​ថា​នៅ​ក្នុង​ចំណោម​អ្នក​ដំណើរ​នៅ​លើ​នាវា​នោះ​មាន​៨​នាក់​បាន​ឆ្លង​មេរោគ​នេះ​។ ក្នុង​នោះ​បី​នាក់បាន​ស្លាប់​ហើយ​ ម្នាក់​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ និង​បី​នាក់​ក៏​ឆ្លង​មេរោគ​នេះ​ដែរ​ ប៉ុន្តែ​ចេញ​រោគ​សញ្ញា​កម្រិត​ស្រាល​​។

អ្នក​ដំណើរ​ដទៃ​ទៀត​ដែល​ជិះ​នៅ​ក្នុង​នាវា​កម្សាន្ត​នោះ​ និង​ដែល​មិន​បាន​បង្ហាញ​សញ្ញា​ថា​ឆ្លង​មេរោគ​នេះ​ទេ ពួក​គេ​ត្រៀម​ចុះ​ពី​លើ​នាវា​នេះ​នៅ​ថ្ងៃ​សៅរ៍​នៅ​តំបន់​ថេ​នេ​រីហ្វ (Tenerife)។ នៅ​ពេល​ទៅ​ដល់​ទី​នោះ គេ​នឹង​រៀប​ចំ​ដឹក​ជញ្ជូន​ពួកគាត់​បន្ត​ទៅ​ទី​កន្លែង​ណា​ទៀត​ជា​បន្ទុក​របស់​ពួក​អឺរ៉ុប​។ បន្ទាប់​មក​ នាវា​នេះ​នឹង​ចត​ឈប់​ស្ងៀម​នៅ​កំពង់​ផែ​ក្រង់​ណា​ឌីយ៉ា​ ដឺ​ អាបូណា (Granadilla de Abona)។ នៅ​ទី​នោះ អ្នក​ដំណើរ​អាច​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​។ អ្នក​ដំណើរ​ជន​ជាតិ​អេស្ប៉ាញ​១៤​នាក់​នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​ទៅ​ទី​ក្រុង​ម៉ាឌ្រីត​៕ ប្រភព៖ យួរ៉ូ ញូស៍ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ