ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា គាំទ្រ​លើ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​ចាប់បង្ខំ ក្រោម​អនុសញ្ញា​នៃ​អង្គការសហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ ជាមួយ​ថៃ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការ​គាំទ្រ លើ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា ដោយ​ចាប់បង្ខំ​ក្រោម​អនុសញ្ញា នៃ​អង្គការសហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការ​គាំទ្រ លើ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា ដោយ​ចាប់បង្ខំ​ក្រោម​អនុសញ្ញា នៃ​អង្គការសហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ។

យោង​តាម​ញត្តិ​គាំទ្រ​របស់​រដ្ឋសភា បាន​លើ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា ដោយ​ចាប់បង្ខំ​ក្រោម​អនុសញ្ញា នៃ​អង្គការសហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​ទាមទារ ដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ ។

រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ​ចំពោះ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ ដោយ​ចាប់បង្ខំ (Compulsory Conciliation) ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី​លើ​បញ្ហា​តំបន់ ទាមទារ ​ដែនសមុទ្រ​ត្រួត​គ្នា (Overlapping Claims Area OCA) រវាង​កម្ពុជា​-​ថៃ បន្ទាប់​ពី​ភាគី​ថៃ​ បានប្រកាស​ដកខ្លួន​ជា​ឯកតោភាគី ចេញពី​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា ​ឆ្នាំ​២០០១ (MOU 2001) នា​ពេលថ្មី​ៗ​នេះ​ ។

រដ្ឋសភា​កម្ពុជា សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេចចិត្ត​លុប​ចោល​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០១ (MOU 2001) ជា​ឯកតោភាគី​ពី​សំណាក់​ភាគី​ថៃ​។ ក្នុង​នាម​ជា​ប្រទេស ​ដែល​ប្រកាន់ខ្ជាប់ ​នូវ​ការ​គោរព​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី កម្ពុជា​ពុំ​មាន​ជម្រើស​អ្វី ផ្សេង​ក្រៅពី​ការ​យក​ច្បាប់​អន្តរជាតិ និង​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) មក​ធ្វើ​ជាមូលដ្ឋាន ជា​ពិសេស​យន្តការ​ផ្សះផ្សា​ដោយ​ចាប់បង្ខំ ដែល​មាន​ចែង​ច្បាស់​នៅ​ក្នុង​អនុសញ្ញា​នេះ ​។

កម្ពុជា ​បាន​ធ្វើ​ដំណើរ​ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី និង​បន្ត​មក​ដល់​រាជរដ្ឋាភិបាល ​នីតិកាល​ទី​៧ ដឹកនាំ​ដោយសម្តេច​មហាបវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ដោយ​បាន​រក្សា​ជំហរ​ច្បាស់លាស់ ប្រែប្រួល​លើ​ខ្លឹមសារ និង​យន្តការ​ចរចា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ​។ ក្នុង​រយៈពេល​ជាង ២៥ឆ្នាំ កន្លង​មកនេះ MOU-2001 បាន​ដើរតួ​នាទី​ជា​ក្រប​ខណ្ឌ​ទ្វេភាគី​ ជា​សារវន្ត​ តែ​មួយ​គត់ ដែល​កម្ពុជា​ និង​ថៃ​ បាន​ឯកភាព​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​ទាមទារ ​ដែនសមុទ្រ​ត្រួត​គ្នា​។ យន្តការ​នេះ គឺជា​សក្ខីភាព​នៃ​ស្មារតី​សហប្រតិបត្តិការ និង​សុច្ឆន្ទៈ​ពិតប្រាកដ​រវាង​ប្រទេស​ទាំង​ពីរ ដែល​គ្មាន​យន្តការ​ទ្វេភាគី​ដទៃ​ណាមួយ អាច​មកជំនួស​បាន​ឡើយ​។

រដ្ឋសភា​កម្ពុជា សូម​បញ្ជាក់​សារ​ជា​ថ្មី​ម្តងទៀត នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​សម្រេចចិត្ត របស់​រាជរ​ដ្ឋា​ភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​នេះ និង​ការ​ប្តេជ្ញា ចិត្ត​មិន​ងារ​រេ ចំពោះ​ច្បាប់​អន្តរជាតិ និង​សន្តិភាព​តំបន់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ