រាជធានីភ្នំពេញ ៖ ប្រធានពន្ធនាគារព្រៃស បានបញ្ជាក់ពីករណីមរណភាពរបស់អតីតឧកញ៉ា លី សាម៉េត ហៅគ្រូមា កាលពីព្រឹកមិញ នៅក្នុងមណ្ឌលអប់រំកែប្រែទី១ (ព្រៃ.ស) សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ បានបញ្ជាក់ករណីមរណភាពរបស់លោក លី សាម៉េត នៅមណ្ឌលអប់រំកែប្រែទី១ សូមសាធារណជន និងបងប្អូនអ្នកសារព័ត៌មានមេត្តាជ្រាប ដូចខាងក្រោម ៖
-លោក លី សាម៉េត ក្នុងវ័យ៧៣ឆ្នាំ គាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ គឺជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមខ្ពស់ តាំងពីមិនទាន់បញ្ជូនមកឃុំខ្លួន នៅ ម១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ។
-ថ្វីត្បិតគាត់ ពុំត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ គាត់ត្រូវបានអនុញ្ញាតឱ្យសម្រាកនៅប៉ុស្តិ៍សុខភាពរបស់មណ្ឌល ដើម្បីតាមដានសុខភាពជាប្រចាំពីសំណាក់គ្រូពេទ្យរបស់មណ្ឌល និងលេងកីឡាវាយប៊ូល ជារៀងរាល់ថ្ងៃផងដែរ ។
-មួយរយៈចុងក្រោយនេះ គាត់បានបង្ហាញអាការៈបាក់ទឹកចិត្ត មានអាកប្បកិរិយាស្រងូតស្រងាត់ និងឧស្សាហ៍ងងឹតមុខផង ដោយបញ្ហាក្តីក្តាំនៅតុលាការ (ទោសសរុប ២៤ឆ្នាំ និងមួយសំណុំរឿងផ្សេងទៀត ត្រៀមប្រកាសទោស) ។
-នៅវេលាម៉ោង ៧:៣៥នាទីព្រឹក ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយប្រជុំជួររួច មន្ត្រីប្រចាំការ នៅអគារសម្រាកព្យាបាល នៃប៉ុស្តិ៍សុខភាព ម១ បានធ្វើការចាក់សោ បញ្ចេញជនជាប់ឃុំដូចសព្វមួយដង បានប្រទះឃើញសពលោក លី សាម៉េត នៅលើគ្រែ មានទម្រង់កំពុងសម្រាន្តលក់ តែសពមានសភាពរឹងស្តូកស្តឹងទៅហើយ។ ភ្លាមៗនោះ មន្ត្រីក៏បានប្រកាសអាសន្ន និងរាយការណ៍ សុំជំនួយពីជំនាញសុខាភិបាល ។
-ក្រោយពិនិត្យឃើញថា ពុំមានសញ្ញាណជីវិតទាល់តែសោះ មណ្ឌលក៏បានធ្វើការបិទខ្ទប់ទីតាំងកើតហេតុ និងបានរាយការណ៍ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្នើសុំជំនាញកោសល្យវិច័យ និងអង្កេតស្រាវជ្រាវករណីមរណភាព ស្របតាមនីតិវិធីពន្ធនាគារ ដោយមានការចូលរួមពីសំណាក់ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យជំនាញកោសល្យវិច័យ របស់ស្ថាប័នតុលាការ ។
-បន្ទាប់ពីបានចំណាយពេលពិនិត្យអស់រយៈពេលពេញមួយព្រឹក មណ្ឌលក៏បានអញ្ជើញគ្រួសារសព រួមមាន ៖ កូនប្រុស ស្រីបង្កើត និងភរិយាសព ដើម្បីចូលរួមពិនិត្យទាំងអស់គ្នា និងបានឯកភាព និមន្តព្រះសង្ឃ និងអាចារ្យ ធ្វើពិធីតាមបែបសាសនា និងដង្ហែរសពចេញពីមណ្ឌលទៅកាន់គេហដ្ឋានគ្រួសារគាត់វិញ ដោយក្តីក្រៀមក្រំ ។
-ទាំងមន្ត្រីជំនាញ និងគ្រួសារសព បានឯកភាពគ្នាថា លោក លី សាម៉េត បានទទួលមរណភាព ដោយអាការៈគាំងបេះដូង ដោយសារគាត់មានបញ្ហាលើសជាតិស្ករ ទឹកនោមផ្អែមធ្ងន់ធ្ងរ និងសម្ពាធឈាមខ្ពស់ ។
ក្នុងនាមអង្គភាពអនុវត្តសាលក្រម សាលដីកាតុលាការ និងអប់រំកែប្រែ ស្តារនីតិសម្បទា ជូនជនជាប់ឃុំ យើងខ្ញុំមានភារកិច្ចចាំបាច់ក្នុងការមើលថែសុខមាលភាព និងអាយុជីវិតជនជាប់ឃុំទាំងអស់ ដែលកំពុងអនុវត្តទោស និងរង់ចាំតស៊ូក្តីនៅតុលាការ តែជាអកុសល បញ្ហាស្លាប់តែងកើតមានជា យថាហេតុ មិនអាចទប់ស្កាត់បានទាំងស្រុងឡើយ ។
ក្នុងនាមប្រធានមណ្ឌល ខ្ញុំសូមច្រានចោលរាល់ការចោទប្រកាន់យ៉ាងងងើលរបស់ជនឱកាសនិយម អគតិមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយមិនពិត ថាមរណភាពរបស់លោក លី សាម៉េត ជាការបង្វែងសភាពការណ៍ ឆបោកអនឡាញ និងបញ្ហាមួយចំនួនទៅវិញ។ ពួកនោះ ជាទមិឡឥតសាសនា គ្មានសីលធម៌ គ្មានសច្ចៈធម៌ក្នុងខ្លួន រកតែឱកាសញុះញង់បង្កការភាន់ច្រលំមកលើសមត្ថកិច្ច និងអាជ្ញាធរ ដែលកំពុងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ។
លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ ក៏សូមស្នើសុំបងប្អូនអ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យដល់វិញ្ញាណក្ខន្ធសព និងគ្រួសារសព ដែលកំពុងមានទុក្ខជាទម្ងន់ សូមមេត្តាកុំប្រើប្រាស់ពាក្យប្រមាថមាក់ងាយ និន្ទា ជាន់ឈ្លី ធ្វើម្តេចគាត់បានចែកឋានទៅហើយ និងសូមបួងសួងដល់គុណបុណ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមវិញ្ញាណក្ខន្ធ លោក លី សាម៉េត បានចាកចេញទៅកាន់សេរីភាព និងបានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕









ចែករំលែកព័តមាននេះ