ខេត្តប៉ៃលិន ៖ យុវជនម្នាក់ឈ្មោះប៉ាង កុសល អាយុ១៧ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល បានត្រូវពស់វែកចឹកចំប្រអប់ជើងខាងស្តាំ ខណៈពេលដែលយុវជនរូបនេះ និងបងថ្លៃនាំគ្នាចេញពីខ្ទមទៅបត់ជើងធំនៅក្នុងគុម្ពោតព្រៃដែលមានចម្ងាយពីខ្ទមប្រហែលជា១៥០ម៉ែត្រ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៩ កក្កដា កន្លងមក។
តាមបុរសជាបងថ្លៃឈ្មោះសុន ឆៃ អាយុ២២ឆ្នាំ និយាយថា បន្ទាប់ពីហូបបាយពេលល្ងាចរួច ពួកគាត់បាននាំគ្នាដើរចេញពីខ្ទមនៅក្នុងចម្ការកៅស៊ូ ទៅតាមផ្លូវតូចមួយរកកន្លែងបត់ជើងធំ ដែលនៅសងខាងផ្លូវមានគុម្ពោតព្រៃតូចៗ និងស្មៅដុះទ្រុលទ្រុបជាច្រើន ហើយងងឹតព្រឹលៗមើលអ្វីមិនសូវឃើញ។ រូបគាត់បានដើរមុន ហើយជនរងគ្រោះដើរតាមពីក្រោយឃ្លាតពីគ្នាប្រហែល១០ម៉ែត្រ ស្រាប់តែឮប្អូនថ្លៃស្រែកយំប្រកាច់ដួលទៅលើដីដោយស្រែកថា មានពស់ចឹកចុកចាប់ខ្លាំងណាស់។ បុរសជាបងថ្លៃរៀបរាប់ទៀតថា ភ្លាមៗនោះរូបគាត់បានស្ទុះមកជួយគ្រាហ៍ប្អូនថ្លៃយកមកខ្ទមព្រមទាំងបានប្រាប់ឪពុកម្តាយថា «ពស់ចឹកប្អូនថ្លៃហើយ» ។ ខណៈឮដូច្នោះពួកគាត់ក៏ស្ទុះរកខ្សែមកចងរឹតខាងលើមុខរបួសកុំឲ្យពិសជ្រាបចូលដល់បេះដូងដែលអាចបណ្តាលឱ្យស្លាប់បាន។
លោកប៉ាង សារឿន អាយុ៤៨ឆ្នាំ ដែលត្រូវជាឪពុកជនរងគ្រោះនិយាយថា ក្រោយពេលត្រូវពស់ចឹក គាត់បានឱ្យកូនសម្រាកនៅផ្ទះសិន ព្រោះយប់ហើយមានធ្លាក់ភ្លៀងស្រិចៗផង។ ពេលនោះរូបគាត់បានប្រើឱសថបុរាណ និងរង់ចាំមើលក្រែងលោអាចជួយបន្ធូរបន្ថយការចុកចាប់បានខ្លះទំរាំដល់ពេលព្រឹក នឹងនាំយកមកមន្ទីរពេទ្យ តែដោយកូនគាត់កាន់តែឈឺចុកចាប់ខ្លាំងឡើងៗ ហើយស្រែកថ្ងូរខ្លាំងៗ ទើបនៅម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ កក្កដា ក៏នាំគ្នាឌុបចេញពីចម្ការកៅស៊ូដែលមានចម្ងាយ៥គីឡូម៉ែត្រពីផ្លូវជាតិ តែដោយសារផ្លូវថ្មីលំបាករហូតដល់ម៉ោង២និង៤០នាទីរំលងអធ្រាត្រទើបបានដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
អ្នកស្រីពៅ ថាន អាយុ៤៧ឆ្នាំ ជាម្តាយនិយាយថា ពស់វែកនេះមិនតូចទេ ដែលអាចខាំជើងកូនប្រុសរបស់គាត់បាន ព្រោះកូនគាត់បានពាក់ស្បែកជើងបាតាយ៉ាងក្រាស់ ។ ពេលដែលយកកូនមកដល់ផ្ទះ គាត់បានពិនិត្យមើលស្បែកជើងឃើញរយះដាច់យ៉ាងធំហើយមុតចូលទៅក្នុងជើងថែមទៀតផង។
លោកគ្រូពេទ្យបាននិយាយថា ពស់ពិសចឹក បើនៅតែទុកលើសពី៦ម៉ោងមិនយកមកចាក់ថ្នាំបន្សាបទេ ជនរងគ្រោះនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រូពេទ្យឱ្យដឹងថា មានពីរករណីក្នុងការរងគ្រោះដោយសារពស់ចឹក ទីមួយ អាចចឹកភ្លាមស្លាប់ភ្លាម បើសិនជាពិសរត់ចូលបេះដូង។ ទីពីរ មិនទាន់ស្លាប់ភ្លាមៗទេ អាចទ្រាំបានដល់ទៅ៦ម៉ោង បើពិសរត់នៅក្រោមបេះដូង។ លោកគ្រូពេទ្យបានប្រាប់ទៀតថា បើមានពស់ពិសខាំសូមប្រញាប់នាំជនរងគ្រោះមកមន្ទីរពេទ្យភ្លាម ឬបើនៅឆ្ងាយសូមរកវិធីទប់ស្កាត់កុំឲ្យពិសជ្រាបចូលដល់បេះដូងដែលនាំឲ្យស្លាប់៕
ចែករំលែកព័តមាននេះ