រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយមហាវិថីព្រះសីហនុហើយបត់ឆ្ពោះទៅផ្លូវលេខ១១៥ ត្រូវរថយន្តកាមរីគូទហើមបុកពីក្រោយបណ្តាលឱ្យដួលរងរបួសម្នាក់បាក់ជើង និងម្នាក់ទៀតបាក់ឆ្អឹងដងកាំបិត កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ សីហា ២០១១ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីមិត្តភក្តិរួមដំណើរជាមួយបានឱ្យដឹងថា មុនពេលកើតហេតុមិត្តភក្តិទាំងអស់៦នាក់ជិះម៉ូតូ៣គ្រឿង ក្នុងនោះមានម៉ូតូ ម៉ាកឌ្រីម សេ១២៥ ពីរគ្រឿង និងម៉ូតូឆាលីមួយគ្រឿង ចេញពីដើរលេងជិះតាមបណ្តោយមហាវិថីព្រះសីហនុ មកដល់ផ្លូវកែងលេខ១១៥ បត់ទៅខាងជើង ដោយម៉ូតូសេ១២៥ មួយគ្រឿង និងម៉ូតូឆាលីមួយគ្រឿង បានបត់ទៅមុនផុតហើយ នៅសល់តែម៉ូតូសេ១២៥ មួយគ្រឿងទៀតជិះគ្នាពីរនាក់បត់តាមក្រោយ ខណៈនោះស្រាប់តែមានរថយន្តកាមរី គូទហើម ស៊េរី៩៣ បានមកពីក្រោយបុកម៉ូតូដួលប្រាវតែម្តង។
ស្របពេលដែលបុកម៉ូតូដួលហើយ រថយន្ដបានឈប់អែបជិតកន្លែងកើតហេតុដែរ ប៉ុន្ដែភ្លាមនោះឃើញជនគ្រោះឈ្មោះដា អាយុ២០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ មានស្រុកកំណើតនៅខេត្ដតាកែវ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ងើបដើររួច ដូច្នេះមិត្ដភក្ដិក៏បក់ដៃអនុញ្ញាតឱ្យរថយន្ដទៅចុះ។ បន្ទាប់ពីរថយន្ដចេញទៅបាត់ ឈ្មោះដា បានដាក់គូទអង្គុយចុះវិញប្រាប់ថា បាក់ជើងដើរមិនរួចទេ។ ចំណែកម្នាក់ទៀតឈ្មោះវឿន អាយុ២៥ឆ្នាំ ធ្វើការជាមួយគ្នាប្រាប់ថាបាក់ឆ្អឹងដងកាំបិតដែរ។ ពេលបុកគ្នានោះរថយន្ដបានជ្រុះកាងជាប់ស្លាកលេខ ភ្នំពេញ 2C-8331 នៅកន្លែងកើតហេតុ ចំណែកម៉ូតូរងគ្រោះ ម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-6393 ៕
ចែករំលែកព័តមាននេះ