ខេត្តក្រចេះ ៖ រយៈពេល៤ថ្ងៃបន្ទាប់ក្រោយពីការឆបោក ប៉ូលិសបានតាមប្រមាញ់រហូតចាប់ខ្លួនជនសង្ស័យជាខ្មែរអ៊ិស្លាមម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ដែលបានបន្លំខ្លួនធ្វើជាមេប្រយោគប្រឡងបាក់ឌុប ហើយបាននាំជនរងគ្រោះជាអ្នករត់ម៉ូតូឌុបទៅបញ្រ្ចកស្រារហូតដល់ស្រវឹង រួចឆបោកយកម៉ូតូស៊េរីទំនើបមួយគ្រឿងទៅលក់បាត់។
មន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ កក្កដា នៅចំណុចសង្កាត់អូរឫស្សី ក្រុងក្រចេះ។ ម្ចាស់ម៉ូតូរងគ្រោះឈ្មោះអឿន ឈាង អយ អាយុ៣០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ត្រូវបានជនសង្ស័យមានគ្នាពីរនាក់នាំទៅបង្អកស្រារហូតដល់ស្រវឹងលែងដឹងខ្លួនសង្ស័យដាក់ថ្នាំក្នុងកែវស្រារួចលួចម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ មួយគ្រឿងយកទៅលក់បាត់។
លោកវរសេនីយ៍ទោ នៅ សុផល នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីម្ចាស់ម៉ូតូ ប៉ូលិសបានតាមស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យទាំងពីរនាក់រហូតចាប់ឃាត់ខ្លួនបានម្នាក់នៅស្រុកកំណើតរបស់គេ កាលពីថ្ងៃទី៣០ កក្កដា ដែលជនរូបនេះឈ្មោះឡិប លាស់ អាយុ៥២ឆ្នាំ ជាខ្មែរអ៊ិស្លាម មានទីលំនៅភូមិទី៤ ឃុំទ្រាស ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ រីឯបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ហើយម៉ូតូរបស់ជនរងគ្រោះក៏ត្រូវបានជនទាំងនេះលក់យកលុយចែកគ្នាចាយអស់ហើយ។
តាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូបានឱ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុជនសង្ស័យមានគ្នាពីរនាក់ ស្លៀកពាក់ស្អាតបាតដើរចុះពីលើផ្ទះសំណាក់មួយស្ថិតក្នុងទីប្រជុំជនខេត្ត មកជួលខ្លួនឱ្យឌុបទៅរកហូបបាយនៅកន្លែងណាមួយដែលសមរម្យ ។ ពេលនោះខ្លួនបានឌុបពួកគេទៅហូបបាយនៅហាងមួយយីហោវាលស្រែ១០០នៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ។ នៅពេលឌុបទៅដល់ជនទាំងពីរនាក់បានចូលទៅផឹកស៊ីក្នុងហាង ហើយខ្លួននៅអង្គុយលើម៉ូតូចាំនៅខាងក្រៅហាង ពេលនោះ មានគ្នាគេម្នាក់ចេញមកហៅខ្លួនឱ្យចូលទៅហូបជាមួយពួកគេដោយហៅម្តងជាពីរដង ទើបខ្លួនសម្រេចចិត្តចូលទៅក្យូសផឹកស៊ីជាមួយជនទាំងពីរនាក់នោះដោយជនសង្ស័យឈ្មោះឡិប លាស់ អះអាងថា ខ្លួនជាមេប្រយោគប្រឡងបាក់ឌុប គឺមិនខ្វះលុយប៉ាវផឹកស៊ីទេ។ នៅពេលកំពុងផឹកស៊ីឈ្មោះឡិប លាស់ អស់បារីជក់ក៏ឱ្យខ្លួនទៅទិញបារី៥៥៥ នៅខាងក្រៅហាងដោយប្រាប់ថា នៅក្នុងហាងលក់ថ្លៃពេក។ ពេលនោះខ្លួនក៏ជិះម៉ូតូចេញទៅទិញ ហើយពេលត្រឡប់មកវិញត្រូវជនទាំងពីរនាក់បង្ខំឱ្យខ្លួនផឹកបន្ត។ លុះផឹកស្រាបៀរអស់៤-៥កែវ ស្រាប់តែខ្លួនមានអាការធេងធោងវិលមុខខុសពីធម្មតា ហើយពួកជនទាំងពីរនាក់នេះនៅតែសួរថា ស្រវឹងហើយឬនៅ? បន្ទាប់មកពួកគេក៏បានគិតលុយដោយប្រាប់ថា ទៅផឹកនៅកន្លែងផ្សេងបន្តទៀត ហើយជនម្នាក់បានកញ្ឆក់យកសោម៉ូតូពីខ្លួនដោយប្រាប់ថា ទុកឱ្យរូបគេជាអ្នកឌុបម្តង។ ប្រភពដដែលបានបន្តថា លុះពេលជិះម៉ូតូមកដល់ផ្លូវបំបែកចំណុចកើតហេតុខាងលើ ខ្លួនកើតអាការក្អួតចង្អោរយ៉ាងខ្លាំង ពួកគេក៏ឈប់ម៉ូតូដាក់ខ្លួនជាម្ចាស់ម៉ូតូឱ្យអង្គុយក្អួតនៅលើស្មៅហើយខ្លួនក៏បាត់បង់ស្មារតីលែងដឹងខ្លួនតែម្តង។ លុះដល់ពេលដឹងខ្លួនវិញនៅពាក់កណ្តាលយប់ទើបដឹងថា ខ្លួនចាញ់បោកគេក៏ខំដើររកម៉ូតូនៅក្បែរហាងម្តុំនោះតែមិនឃើញក៏មកប្តឹងសមត្ថកិច្ចទាំងនៅរវើរវាយ។
លោកនាយការិយាល័យបានបញ្ជាក់ថា ជនសង្ស័យឈ្មោះឡិប លាស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី១ សីហា ត្រូវតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត នាល្ងាចថ្ងៃដដែល។ រីឯជនជាបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមប្រមាញ់ ព្រោះស្គាល់អត្តសញ្ញាណអស់ហើយ។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា ជនសង្ស័យរូបនេះ និងបក្សពួកគឺជាមុខសញ្ញារបស់ សមត្ថកិច្ចក្នុងករណីឆបោកដោយប្រើគ្រប់រូបភាព និងធ្វើសកម្មភាពគ្រប់ទីកន្លែងតែនៅពេលនេះត្រូវអស់លក្ខណ៍៕
ចែករំលែកព័តមាននេះ