ទីក្រុងវ៉ាស៊ីនតោន៖ ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកបានប្រកាសជាផ្លូវការថា បុគ្គលិកយោធាចំនួន ៥,០០០ នាក់ដែលកំពុងឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ នឹងត្រូវដកចេញពីមូលដ្ឋានទ័ពរបស់ពួកគេក្នុងរយៈពេលពី ៦ ទៅ ១២ ខែខាងមុខ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២ ខែឧសភានេះ។
ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងបន្ទាប់ពីមានជម្លោះយ៉ាងខ្លាំងក្លារវាងប្រធានាធិបតី ដូណាល់ ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញការខ្វែងគំនិតគ្នាលើបញ្ហាសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។ លោក ត្រាំ បានរិះគន់មេដឹកនាំអាល្លឺម៉ង់ថាជាបុគ្គល “គ្មានបានការ” ហើយថែមទាំងបានគំរាមដំឡើងពន្ធលើរថយន្តអឺរ៉ុបដែលនាំចូលមកកាន់សហរដ្ឋអាម៉េរិក ដើម្បីជាការសងសឹកចំពោះការមិនផ្តល់ការគាំទ្រដល់ប្រតិបត្តិការយោធារបស់អាម៉េរិក។
ស្របពេលដែលទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអឺរ៉ុបកំពុងមានភាពរកាំរកូស រដ្ឋបាលលោក ត្រាំ ក៏បានលើកឡើងនូវអំណះអំណាងថ្មីថា សង្គ្រាមនៅអ៊ីរ៉ង់ត្រូវបានបញ្ចប់ជាស្ថាពរទៅហើយក្រោមបទឈប់បាញ់នាពេលបច្ចុប្បន្ន ដែលចំណុចនេះជួយឱ្យសេតវិមានអាចជៀសវាងពីការសុំការអនុម័តពីសភាសម្រាប់សកម្មភាពយោធារបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ានៅតែបន្តកើតមាន ខណៈដែលច្រកសមុទ្រ Hormuz នៅតែត្រូវបានបិទខ្ទប់ ដែលធ្វើឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចសកល និងគ្រោះអត់ឃ្លានដែលអាចនឹងកើតមាន ប្រសិនបើសរសៃឈាមសេដ្ឋកិច្ចមួយនេះមិនត្រូវបានបើកឡើងវិញក្នុងពេលឆាប់ៗទេនោះ៕
ចែករំលែកព័តមាននេះ