ទីក្រុងវ៉ាស៊ីនតោន៖ នៅក្នុងរាត្រីនេះ លោកត្រាំនឹងស្ដាប់សេចក្ដីរាយការណ៍សង្ខេបពីមេបញ្ជាការកងទ័ពអាមេរិក លោកប្រេត ឃូបផឺ (Brad Cooper) ដើម្បីកំណត់ថាតើត្រូវចាត់វិធានការយោធាបែបណាទៀតចំពោះអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអាក់សឺស (Axios) ដកស្រង់ពាក្យសម្ដីរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកដែលស្នើសុំមិនបញ្ចេញឈ្មោះ។ បញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកបានរៀបចំផែនការវាយប្រហារអ៊ីរ៉ង់រយៈពេលខ្លី ប៉ុន្តែមានសភាពខ្លាំងក្លា។

ក្នុងនោះ ក៏អាចនឹងមានផែនការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធផងដែរ។ បទឈប់បាញ់ដ៏ផុយស្រួយរវាងអាមេរិក និងអ៊ីរ៉ង់ចាប់ផ្ដើមកាលពីបីសប្ដាហ៍មុន។ លោកត្រាំធ្លាប់ព្រមានវាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់។ ក្រុមអ្នកជំនាញអន្តរជាតិថ្លែងថាការវាយប្រហារបែបនេះអាចចាត់ចូលជាឧក្រិដ្ឋកម្មសង្គ្រាម។ «អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ស្ដីពីមនុស្សធម៌» ហាមឃាត់ការវាយប្រហារទៅលើទីតាំងដែលគេចាត់ទុកថាចាំបាច់សម្រាប់ជនស៊ីវិលរស់នៅ។

ផែនការមួយទៀតដែលគេរំពឹងថាបញ្ជាការដ្ឋានកណ្ដាលនឹងជម្រាបជូនលោកត្រាំផងដែរនោះគឺការផ្ដោតសំខាន់ទៅលើការវាយដណ្ដើមយកផ្នែកខ្លះនៃច្រកសមុទ្រហ័រម៉ូសដើម្បីបើកឱកាសឱ្យកប៉ាល់ដឹកទំនិញអាចបើកឆ្លងកាត់បានខ្លះ។ បើដូច្នេះមែន អាមេរិកប្រហែលជាត្រូវប្រើប្រាស់ទ័ពជើងគោក។ សង្គ្រាមអ៊ីរ៉ង់មិនសូវទទួលបានការសាទរពីប្រជាជនអាមេរិកប៉ុន្មានទេ។ សង្គ្រាមនេះបានក្រឡុកទីផ្សារពិភពលោក និងធ្វើឱ្យប្រេងឆៅឡើងថ្លៃកាន់តែខ្លាំងឡើងៗ។

ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថាអ៊ីរ៉ង់ចេះបត់បែនទៅតាមកាលៈទេសៈនៅក្នុងការចរចាគ្នាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។ ជម្រើសមួយទៀតដែលបញ្ជាការដ្ឋានកណ្ដាលជម្រាបជូនលោកត្រាំដែរគឺការប្រើប្រាស់កងកម្លាំងពិសេសបើកប្រតិបត្តិការវាយដណ្ដើមយកទីតាំងស្តុកទុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។ លោកត្រាំធ្លាប់ចាត់ទុកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាគ្រោះគំរាមកំហែងដ៏ធំ។ នៅក្នុងយប់នេះ គេរំពឹងថានាយអគ្គសេនាធិការកងទ័ពអាមេរិក លោកដាន់ ខេន (Dan Caine) ក៏នឹងចូលរួមស្ដាប់ការរាយការណ៍របស់បញ្ជាការដ្ឋានកណ្ដាលផងដែរ៕ ប្រភព៖ អារ៉ាប់ញូស៍ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ