ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​ឌូតឺតេ​ប្រឈម​នឹង​ការ​បោះ​ឆ្នោត​ដក​តំណែ​ង​ពី​អនុ​ប្រ​ធា​នា​​ធិបតី​ហ្វ៊ីលីពីន

3 ថ្ងៃ មុន

ទី​ក្រុង​ម៉ានីឡា៖ គណៈ​កម្ម​ការ​រដ្ឋ​សភា​ទទួល​បន្ទុក​ផ្នែក​យុត្តិ​កម្ម​នៅ​ប្រទេស​ហ្វ៊ីលីពីន​​​រក​ហេតុ​ផល​ដែល​អាច​កោះ​ប្រជុំ​បោះ​ឆ្នោត​ដក​លោក​ស្រី​សារ៉ា ឌូតឺតេ (Sarah Duterte) ពី​​តំណែង​អនុ​ប្រធានា​ធិបតី​។ បើ​ដូច្នេះ​មែន​ វា​ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​ទៀត​ទៅ​កាន់​ចលន​ការ​មួយ​ដែល​អាច​ទប់​ស្កាត់​មិន​ឱ្យ​លោក​ស្រី​មាន​ឱកាស​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី​បាន​ឡើយ​។ ពាក្យ​បណ្ដឹង​នឹង​ដាក់​ជូន​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​ដើម្បី​បោះ​ឆ្នោត​នៅ​ពេល​សភា​ចូល​ធ្វើ​ការ​វិញ​នៅ​ខែ​ក្រោយ​។ ព្រឹទ្ធ​សភា​ត្រូវ​ការ​ចំនួន​១/៣​យ៉ាង​តិច​ដើម្បី​ស្នើ​សុំ​ឱ្យ​បោះ​ឆ្នោត​ដក​តំណែង​…

ទី​ក្រុង​ម៉ានីឡា៖ គណៈ​កម្ម​ការ​រដ្ឋ​សភា​ទទួល​បន្ទុក​ផ្នែក​យុត្តិ​កម្ម​នៅ​ប្រទេស​ហ្វ៊ីលីពីន​​​រក​ហេតុ​ផល​ដែល​អាច​កោះ​ប្រជុំ​បោះ​ឆ្នោត​ដក​លោក​ស្រី​សារ៉ា ឌូតឺតេ (Sarah Duterte) ពី​​តំណែង​អនុ​ប្រធានា​ធិបតី​។ បើ​ដូច្នេះ​មែន​ វា​ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​ទៀត​ទៅ​កាន់​ចលន​ការ​មួយ​ដែល​អាច​ទប់​ស្កាត់​មិន​ឱ្យ​លោក​ស្រី​មាន​ឱកាស​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី​បាន​ឡើយ​។ ពាក្យ​បណ្ដឹង​នឹង​ដាក់​ជូន​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​ដើម្បី​បោះ​ឆ្នោត​នៅ​ពេល​សភា​ចូល​ធ្វើ​ការ​វិញ​នៅ​ខែ​ក្រោយ​។ ព្រឹទ្ធ​សភា​ត្រូវ​ការ​ចំនួន​១/៣​យ៉ាង​តិច​ដើម្បី​ស្នើ​សុំ​ឱ្យ​បោះ​ឆ្នោត​ដក​តំណែង​ ហើយ​​រុញ​សំណុំ​រឿង​នេះ​ទៅ​ព្រឹទ្ធ​សភា​ជា​បន្ត​ទៀត​ដើម្បី​សម្រេច​។

ប្រសិន​បើ​លោក​ស្រី​សារ៉ា​​​ត្រូវ​សភា​រក​ឃើញ​ថា​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន លោក​ស្រី​នឹង​ត្រូវ​ដក​តំណែង​អនុ​ប្រ​ធា នា​​ធិបតី​ ហើយ​ត្រូវ​ហាម​ឃាត់​ធ្វើ​នយោ​បាយ​អស់​មួយ​ជីវិត​។ អ្នក​ដែល​ចង់​​​ដក​តំណែង​លោ​កស្រី​ឌូតឺតេ​គឺអង្គ​ការ​សង្គម​ស៊ីវិល និង​ក្រុម​ឆ្វេង​និយម​។ ពួក​គេ​ចោទ​ប្រកាន់​ថា​លោក​ស្រី​ចាត់​ចែង​​មូល​និធិ​សា​ធារណៈមិន​ត្រឹម​ត្រូវ, មាន​ទ្រព្យ​សម្បត្តិ​សម្បូរ​ហូរ​ហៀរ​ដោយ​គ្មាន​ការ​ពន្យល់​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​ថា​ប្រភព​បាន​មក​ពី​ណា និង​គំរាម​កំហែង​អាយុ​ជីវិត​របស់​គូ​ប្រជែង​នយោ​បាយ​របស់​លោក​ស្រី (លោក​ម៉ាកូស​ដែល​ជា​ប្រធានា​ធិបតី​សព្វ​ថ្ងៃ), ភរិយា​​របស់​លោក​ និង​បង​ប្អូន​ជីដូន​មួយ​របស់​លោក​​​ដែល​ជា​អតីត​ប្រធាន​រដ្ឋ​សភា​​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​គណៈ​កម្ម​​ការ​សភា​ខាង​លើ​ សមាជិក​ទាំង​៥៣​រូប​បាន​ឯក​ភាព​គ្នា​ថា​មាន​ហេតុ​ផល​ដែល​អាច​បោះ​ឆ្នោត​ដក​តំណែង​លោក​ស្រី​សារ៉ា​។ ទោះ​បី​រង​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​ក្ដី លោកស្រី​តែង​តែ​បដិ​សេធ​ជា​និច្ច​។ លោក​ស្រី​អះ​អាង​ថា​ការ​ចោទ​ប្រ​កាន់​ទាំង​នោះ​ជា​រឿង​នយោបាយ​។ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ លោក​ស្រី​សារ៉ា និង​លោក​ម៉ា​កូស​នៅ​តែ​មាន​ទំនាស់​គ្នា​យ៉ាង​ល្វីង​ជូរ​ចត់​។ សូម​រំលឹក​ថា​កាល​ពី​មុន​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពីឆ្នាំ​២០២២ ឪពុក​របស់​លោក​ស្រី​សារ៉ា (លោក​ឌូតឺតេ​ដែល​កំពុង​ជាប់​ឃុំ​នៅ​តុលាការ​ទី​ក្រុង​ឡាអេ) និង​លោក​ម៉ាកូស​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​។

លោក​ឌូតឺតេ​សម្រេច​ចិត្ត​មិន​ឱ្យកូន​ស្រី​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ទេ​ដើម្បី​កុំ​ឱ្យ​បែក​សន្លឹក​ឆ្នោត​ សុខ​ចិត្ត​ឱ្យ​ឈរ​ជា​បេក្ខ​ជន​អនុ​ប្រធានា​ធិបតី​។ លោក​ឌូតឺតេ​ក៏​​​អំពាវ​នាវ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​របស់​លោ​ក​បោះ​ឆ្នោត​ឱ្យ​លោក​ម៉ាកូស​ថែម​ទៀត​ផង​។ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ការ​ជា​មួយ​គ្នា​យូរ​ៗ​ទៅ​ចេះ​តែ​មាន​បញ្ហា​ខ្វែង​គំនិត​គ្នា​។ លោក​ម៉ាកូស​ចង់​លម្អៀង​ទៅ​ខាង​អាមេរិក ហើយ​ប្រកាន់​ជំហរ​អរិ​ភាព​ជា​មួយ​ប្រទេស​ចិន។​ ចំណែក​លោក​ឌូតឺតេ និង​កូន​ស្រី​របស់​លោក​មិន​មែន​រណប​ចិន​ទេ​ គ្រាន់​តែ​មិន​ចង់​មាន​ទំនាស់​ជា​មួយ​ចិន​។

លោក​ស្រី​សារ៉ា និង​លោក​ម៉ាកូស​កាល​នៅ​មាន​ទំនាក់​ទំនង​ល្អូក​ល្អឺន​នឹង​គ្នា

ក្រៅ​ពី​នេះ​ នៅ​មាន​បញ្ហា​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​ទៀត​ពាក់​ព័ន្ធ​នឹង​នយោបាយ​ផ្ទៃ​ក្នុង​ជាតិ​។ គួរ​កត់​សម្គាល់​ថា​ទោះ​បី​លោក​ម៉ាកូស និង​លោក​ស្រី​សារ៉ា​ធ្វើ​ការ​មិន​ចុះ​សម្រុង​នឹង​គ្នា​យ៉ាង​ណា​ក្ដី ប៉ុន្តែ​លោក​ម៉ាកូស​គ្មាន​សិទ្ធិ​អំណាច​ដក​តំណែង​លោក​ស្រី​សារ៉ា​ទេ​។ នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​របស់​ហ្វ៊ីលីពីន​ តំណែង​ប្រធានា​ធិបតី និង​អនុ​ប្រធា​នា​ធិបតី​ឯក​រាជ្យ​ពី​គ្នា​ព្រោះ​អ្នក​ទាំង​២​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ផ្ទាល់​ពី​ប្រជា​ជន។ ម៉្យាង​ទៀត​ គោល​ជំហរ​របស់​អ្នក​ដែល​កាន់​តំណែង​ទាំង​២​នេះ​ជួន​កាល​មិន​ស្រប​គ្នា​ទេ​​៕ ប្រភព៖ រ៉យទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ