ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ ចាត់​ទុក​បងប្អូន​កម្មករនិយោជិត​ជា​វីរបុរស​នៃ​គ្រួសារ និង​សង្គម​ជាតិ

2 ថ្ងៃ មុន

ខេត្តស្វាយ​រៀង​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

ខេត្តស្វាយ​រៀង​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​រួម​គ្នា​កសាង​ភាព​ធន់​ដើម្បី​ការងារ​សមរម្យ​» ដែល​បាន​ប្រារព្ធ​ឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយ​រៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជា ១ ៦០០​នាក់ ​។

ក្នុង​ទិវា​ប្រចាំឆ្នាំ​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​ របស់​កម្មករនិយោជិត នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បងប្អូន​កម្មករនិយោជិត​ទាំងអស់ ដោយ​បាន​ចាត់​ទុក​កម្មករនិយោជិត​គឺជា ​«​វីរបុរស​ពិតប្រាកដ​នៃ​គ្រួសារ សង្គម និង​ប្រទេស​ជាតិ​» ដោយសារ​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ មក​បំពេញការងារ​នៅ​តាម​បណ្ដា​រោងចក្រ សហគ្រាស ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​ក្លាយជា​សសរស្ដម្ភ​ដ៏​រឹង​មាំ​ក្នុង​ការ​ស្វែងរក ​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ការ​សិក្សា​របស់​កូនចៅ ​។

ជាមួយនឹង​ការ​រំលឹក​ពី​ប្រវត្តិ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា កាលពី ១៤០​ឆ្នាំ​មុន ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​នេះ​ធ្វើ​ឡើង​ដោយ​មាន​ប្រធានបទ​ផ្សេង​ៗ​គ្នា​ជា​រៀង​រាល់​ឆ្នាំ ​។ ប្រធានបទ «​រួម​គ្នា​កសាង​ភាព​ធន់​ដើម្បី​ការងារ​សមរម្យ​» សម្រាប់​ឆ្នាំ​២០២៦​នេះ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ​ឱ្យ​មាន​ភាព​ធន់ និង​ចីរភាព តាម​រយៈ​ការ​បន្ត​កែ​លម្អ​លក្ខខណ្ឌ​ការងារ ការ​ធានា​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ការ​ជំរុញ​កិច្ច​សន្ទនា​សង្គម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកយក​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៦ ខែមេសា​នេះ​ថា ការងារ​សមរម្យ​គឺ ជា​ការងារ​ដែល​ប្រក​ដោយ​សុខុមាលភាព លក្ខខណ្ឌ​កាន់តែ​ប្រសើរ ផ្តល់​ប្រាក់​កម្រៃ​ប្រសើរ​ជាង​មុន សម្រាប់​បងប្អូន​កម្មករនិយោជិត ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម ហេង សួរ បាន​លើកទឹកចិត្ត​ឱ្យ​មានការ​គោរព​តាម​ស្មារតី​នៃ​ទិវា ១ ឧសភា ជា​បន្ត​ទៀត ដើម្បី​ពិនិត្យ​មើល​ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​នៃ​លក្ខខណ្ឌ​ការងារ និង​វិធីសាស្ត្រ​អនុវត្ត​ការងារ​កាន់តែ​ល្អ ព្រោះថា ថ្ងៃ ១ ឧសភា​មិន​ត្រឹមតែ​ជា​ថ្ងៃ​រំលឹក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង គឺ​នៅ​តែ​មាន​កាតព្វកិច្ច​ជា​រៀងរាល់ថ្ងៃ ទាំង​និយោជក មន្ត្រី​អធិការកិច្ច​ការងារ កម្មករនិយោជិត និង​សហជីព ដែល​ត្រូវ​តែ​បន្ត អនុវត្ត​ឱ្យ​ស្រប​តាម​លក្ខខណ្ឌ​ការងារ និង​វិធីសាស្ត្រ​ផង​ដែរ ដើម្បី​ជា​ផលប្រយោជន៍​ទាំង​និយោជក និង​កម្មករនិយោជិត​ក៏​ដូច​ជា​កំណើនសេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ផង​ដែរ​។

ឯកឧត្តម​បាន​បន្ត​ថា ខេត្តស្វាយរៀង​បាន​ប្រែ​ក្លាយជា​ខេត្ត​ឈានមុខ​ដែល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​ជាងគេ ដែល​នេះ​គឺជា​សមិទ្ធផល​កើត​ចេញពី​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​រវាង​រដ្ឋបាល​ខេត្ត និង​វិនិយោគិន ក្រោម​បរិយាកាស​នៃ​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​មិន​ត្រឹមតែ​អាច​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ពី​អតីត​ពលករ​មក​ពី​ក្រៅប្រទេស​បាន​រាប់​ពាន់​នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខេត្ត​នេះ​ក៏​នៅ​តែ​បន្ត​មាន​តម្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ប្រមាណ ៧​ពាន់​នាក់​ទៀត​ក្នុង​មួ​យស​ប្តា​ហ៍នា​ពេល​បច្ចុប្បន្ន​ ។

លើស​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​ពន្យល់​ ដ៏​ក្បោះក្បាយ​រវាង​ការងារ​ក្នុងស្រុក និង​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​ការ​បន្ត​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម តាម​រយៈ​ការ​ទទួល​បាន​អត្ថប្រយោជន៍​នៃ​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ក្នុង​ខេត្តស្វាយរៀង និង​ការ​ពង្រីក​វិសាលភាព​នៃ​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​ខិត​ជិត​បងប្អូន​កម្មករ​។ រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​អនុវត្ត​យ៉ាង​សកម្ម​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ ព្រមទាំង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ដោយ​ឥត​បង់ថ្លៃ ដើម្បី​បង្កើន​សមត្ថភាព និង​ឱកាស​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ ដល់​អ្នកបច្ចេកទេស និយោជក និង​កម្មករនិយោជិត និង​សហជីព​ឱ្យ​ឈ្វែ​ង​យល់​កាន់តែ​ច្រើន​ពី​លក្ខខណ្ឌ​សុវត្ថិភាព​និង​សុខភាព​ការងារ និង​ថែរក្សា​សុខភាព ជា​ពិសេស​នៅ​ក្នុង​រដូវក្តៅ​នេះ ហើយ​បន្ត​រួម​គ្នា​រក្សា​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ដោយ​ត្រូវ​ចាត់​ទុក​សហគ្រាស​គឺជា «​ឆ្នាំងបាយ​រួម​» និង​ជា «​ផ្ទះ​ទី​ពីរ​» ដែល​ត្រូវ​រួម​គ្នា​ថែរក្សា​ឱ្យ​បាន​គង់វង្ស​ ។ ម្យ៉ាងទៀត​ដើម្បី​ខឿន​ការពារ​ជាតិ​រឹង​មាំ និង​ការ​អភិវឌ្ឍ​រីក​ចំរើន​តទៅ​មុខ​។ ឯកឧត្តម ហេង សួរ ក៏​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ទាំងអស់​ត្រូវ​មាន​ជំនឿ​ចិត្ត​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ជៀសវាង​ឱ្យ​ឆ្ងាយ​ពី​ការ​ចាញ់បោក​ការ​ញុះញង់​ពី​ក្រុម​ជ្រុលនិយម​ដែល​ព្យាយាម​ឆក់​យក​ឱកាស​នេះ បង្ក​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម ក្នុង​កាលៈទេសៈ​ដែល​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​ ជា​ធ្លុង​មួយ​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​ ៕ អត្ថបទសហការ