ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​ឡើង​ថ្លៃ​បន្តិច​នៅ​ថ្ងៃ​នេះ​ដោយ​សារ​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ចរ​ចា​អាមេរិក-​អ៊ីរ៉ង់

36 វិនាទី មុន

ទី​ក្រុង​ញូយ៉ក៖ តម្លៃ​ប្រេង​ឆៅ​តាម​ហាង​ឆេង​អន្តរ​ជាតិ​ថ្ងៃ​នេះ​ឡើង​ថ្លៃ​បន្ថែម​ទៀត​បន្ទាប់​ពី​ក្រុម​អ្នក​វិនិយោគ​ខាង​វិស័យ​នេះ​ហាក់​ខក​ចិត្ត​នឹង​គម្រោង​​​ចរ​ចា​គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​ដែល​ត្រូវ​លោក​ដូណាល់​ត្រាំ​លុប​ចោល​វិញ​។ ប្រេង​ឆៅ​តាម​ហាង​ឆេង​អឺរ៉ុប (Brent) ​ឡើង​ថ្លៃ​២%​​ មាន​ន័យ​ថា​លក់​ចេញ​១០៦,៩៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល (១៥៩​លីត្រ)។​ ក្រៅ​ពី​នេះ ស្ថាន​ភាព​ទិញ​-លក់​ភាគ​ហ៊ុន​នៅ​ផ្សារ​មូល​ប័ត្រ​នៅ​ទ្វីប​អាស៊ី​ហាក់​ដូច​ជា​មិន​សូវ​មាន​បញ្ហា​ប៉ុន្មាន​ឡើយ​។…

ទី​ក្រុង​ញូយ៉ក៖ តម្លៃ​ប្រេង​ឆៅ​តាម​ហាង​ឆេង​អន្តរ​ជាតិ​ថ្ងៃ​នេះ​ឡើង​ថ្លៃ​បន្ថែម​ទៀត​បន្ទាប់​ពី​ក្រុម​អ្នក​វិនិយោគ​ខាង​វិស័យ​នេះ​ហាក់​ខក​ចិត្ត​នឹង​គម្រោង​​​ចរ​ចា​គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​ដែល​ត្រូវ​លោក​ដូណាល់​ត្រាំ​លុប​ចោល​វិញ​។ ប្រេង​ឆៅ​តាម​ហាង​ឆេង​អឺរ៉ុប (Brent) ​ឡើង​ថ្លៃ​២%​​ មាន​ន័យ​ថា​លក់​ចេញ​១០៦,៩៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល (១៥៩​លីត្រ)។​ ក្រៅ​ពី​នេះ ស្ថាន​ភាព​ទិញ​-លក់​ភាគ​ហ៊ុន​នៅ​ផ្សារ​មូល​ប័ត្រ​នៅ​ទ្វីប​អាស៊ី​ហាក់​ដូច​ជា​មិន​សូវ​មាន​បញ្ហា​ប៉ុន្មាន​ឡើយ​។

​​ហ៊ុន​នីកេ​របស់​ជប៉ុន​ឡើង​ថ្លៃ​០,៩%​ ខណៈដែល​​ហ៊ុន​ KOSPI របស់​កូរ៉េ​ខាង​ត្បូង​ឡើង​ថ្លៃ​១,​៥%​នៅ​ពេល​ចាប់​ផ្ដើម​ជួញ​ដូរ​កាល​ពី​ព្រឹក​មិញ​។ សូម​រំលឹក​ថា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ លោក​ដូណាល់​ត្រាំ​សម្រេច​ចិត្ត​លុប​ចោល​គម្រោង​ជួប​គ្នា​រវាង​គណៈ​ប្រតិ​ភូ​អាមេរិក និង​អ៊ីរ៉ង់​នៅ​ទី​ក្រុង​ឥស្លាម​ម៉ាបាត ប្រទេស​ប៉ាគីស្ថាន​។ លោក​អះ​អាង​ថា​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​អ៊ីរ៉ង់​​កំពុង​មាន​បញ្ហា​រញ៉េ​រញ៉ៃ និង​ប្រជែង​អំណាច​គ្នា​។ ដូច្នេះ លោក​មិន​ដឹង​ថា​តើ​នរណា​​មាន​សិទ្ធិ​អារ​កាត់​នៅ​ក្នុង​បញ្ហា​នេះ​ពិត​ប្រាកដ។

រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក​អារ៉ាក់​ឈី បន្ទាប់​ពី​ចាក​ចេញ​ពី​ប៉ាគីស្ថាន និង​អូម៉ង់​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​រុស្ស៊ី​ហើយ​នៅ​ថ្ងៃ​នេះ​ដើម្បី​ជួប​ពិភាក្សា​ការ​​ងារ​ជា​មួយ​លោក​ពូទីន​ និង​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ដទៃ​ទៀត​។ នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ទី​ក្រុង​តេ​អេរ៉ង់​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ភាព​ទ័ល​ច្រក​នៃ​នយោបាយ​ការ​ទូត​។ ទស្សន​កិច្ច​របស់​​លោក​អារ៉ាក់​ឈី​លើក​នេះ​កើត​ឡើង​ចំ​ពេល​ដែល​អាមេរិក​ និង​អ៊ីរ៉ង់​គ្មាន​ដំណោះ​ស្រាយ​​អ្វី​ទេ​ក្រៅ​ពី​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​ដែល​លោក​ត្រាំ​បន្ត​សុពល​ភាព​ឥត​កំណត់​ពេល​វេលា​។

នៅ​ពេល​ក្រុម​អ្នក​ចរ​ចា​​អាមេរិក និង​អ៊ីរ៉ង់ខិត​​ខំ​​ទាំង​ត្រ​ដ​រ​​ដើម្បី​​ទម្លុះ​ទម្លាយ​ភាព​ទ័ល​ច្រក អ៊ីរ៉ង់​នៅ​តែ​បន្ត​គំរាម​កំហែង​ចំពោះ​ការ​ធ្វើ​នាវា​ចរណ៍​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ដូច​នេះ វិស័យ​ដឹក​ជញ្ជូន​ទំនិញ​ និង​ប្រេង​ឆៅ​កាត់​ទី​នោះ​នៅ​តែ​មាន​បញ្ហា​ដដែល​​។ ឥឡូវ​នេះ អាមេរិក​ និង​អ៊ីរ៉ង់​ហាក់​ដូច​ជា​ចង​ជើង​គ្នា​ទៅ​វិញ​ទៅ​មក​។ អាមេរិក​ ថ្វី​ដ្បិត​បន្ត​សុពល​ភាព​នៃ​បទឈប់​បាញ់​ ប៉ុន្តែ​បន្ត​បិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់​មិន​ឱ្យ​កប៉ាល់​ចេញ​ចូល​កំពង់​ផែ​បាន​ឡើយ​។​ អាមេរិក​ថា​ទាល់​តែ​អ៊ីរ៉ង់​យល់​ព្រម​បើក​ច្រក​ហ័រ​ម៉ូស និង​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មុន​សិន​ទើប​ខ្លួន​លុប​ចោល​ការ​បិទ​ខ្ទប់​។ ចំណែក​អ៊ីរ៉ង់​ថា​ខ្លួន​មិន​អាច​ទទួល​យក​លក្ខខណ្ឌ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ និង​គ្មាន​ភាព​ប្រាកដ​និយម​របស់​អាមេរិក​បាន​ឡើយ​៕ ប្រភព៖ អាល់​ចា​ស៊ី​រ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ