ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួននៅច្រាំងទន្លេមេគង្គ មុខវត្តបាចុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១ សីហា ។
តាមប្រភពមួយបានឱ្យដឹងថា ស្ត្រីរូបនោះមានឈ្មោះសុខ ចាន់សុភាព អាយុ២៧ឆ្នាំ តែមិនដឹងថា មកពីខេត្តណាទេ ហើយការមកនៅខេត្តស្ទឹងត្រែងនេះ ធ្វើការឱ្យក្រុមហ៊ុនវៀតណាម។ មុនពេលសម្លាប់ខ្លួនគេឃើញជិះម៉ូតូឌុបពីទិសខាងកើតរួចមកចតនៅកន្លែងកើតហេតុ បន្ទាប់មកបានចុះពីម៉ូតូទាំងទឹកមុខស្រពោន ដើរសំដៅទៅច្រាំងទន្លេរួចលោកពីច្រាំងប្រឆាំងដែលមានកម្ពស់ជា៣ម៉ែត្រ ចូលទៅក្នុងទឹក។ ក្រោយពីគេឃើញហេតុការណ៍នោះអ្នកភូមិ និងប៉ូលិសប៉ុស្តិ៍ បានផ្អើលឆោឡោនាំគ្នាជួយស្រង់ពីក្នុងទឹកឱ្យរួចផុតពីការស្លាប់។
ប្រភពបានបន្តថា ក្នុងខណៈពេលធ្លាក់ចូលទៅទន្លេ នាបានអណ្តែតលើផ្ទៃទឹកជាង៣០ម៉ែត្រពីចំនុចកើតហេតុ ទើបសមត្ថកិច្ចស្រង់ឡើងមកលើគោកបាន ដោយគេនិយាយថា ស្ត្រីរូបនោះប្រហែលជាចេះហែលទឹកទើបអាចអណ្តែតលើផ្ទៃទឹកបាន តែប្រសិនបើមិនចេះហែលទឹកនោះទេ ប្រកដជាលិចចូលក្នុងទឹកបាត់ទៅហើយ ពីព្រោះចំណុចទីតាំងនោះទឹកហូរខ្លាំង និងជ្រៅថែមទៀតផង មនុស្សចេះហែលស្ទើរៗ ប្រាកដជាទឹកគួចយកទៅបាត់ហើយ។
ចំពោះមូលហេតុដែលស្ត្រីរូបនោះ ប៉ងសម្លាប់ខ្លួន សមត្ថកិច្ចមិនបានបង្ហើបឱ្យដឹងទេ ចំណែកមន្ត្រីនៃមន្ទីរកិច្ចការនារីខេត្តដែលបានទៅទទួលស្ត្រីរូបនោះនៅកន្លែងកើតហេតុ ក៏មិនឱ្យអ្នកសារព័ត៌មានដឹងពីមូលហេតុនោះដែរ។ តែប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា ស្ត្រីនោះខូចចិត្តរឿងស្នេហាដោយសារមិត្តមិត្តប្រុសរបស់នាងបានបោកប្រាស់ធ្វើឱ្យនាងសម្រេចចិត្តមកលោកទឹកសម្លាប់ខ្លួនទាំងព្រឹក តែសំណាងល្អនាងលោតទឹកនៅពេលព្រឹក បើពេលយប់វិញប្រហែលជាស្លាប់ព្រោះទឹកជ្រៅហូរខ្លាំងទៀតផង៕
ចែករំលែកព័តមាននេះ