ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរាប់រយនាក់ដែលមកហាត់ប្រាណ ឬដើរកម្សាន្តនៅលើសួនច្បារលោកស ខេង ខាងមុខភូមិគ្រឹះលោកអភិបាលខេត្ត មានការភ្ញាក់ផ្អើលជិតមួយសបា្តហ៍ហើយ ក្រោយពីពួកគេប្រទះឃើញរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលទើបស្ថាបនារួច និងដាក់តាំងនៅលើសួនច្បារលោកស ខេង ត្រូវជនអគតិយកទឹកថ្នាំមកគូរពន្លេចរូបភាពចេញជាឆ្អឹងជំនីរ និងមានទឹកភ្នែកហូរចេញពីព្រះនេត្រដែលមើលទៅជនពាលម្នាក់នោះមានចេតនាបន្ទាបបន្ថោកលើរូបសំណាកព្រះបាទជ័យវរ្ម័នទី៧យ៉ាងធ្ងន់ធ្ងរបំផុត ។ ទោះជាបែបណា មិនទាន់ឃើញសមត្ថកិច្ច ឬអាជ្ញាធរភ្ញាក់ផ្អើលនៅឡើយទេ គិតត្រឹមវេលារសៀលថ្ងៃទី១ សីហា ។
តាមប្រភពព័ត៌មានពីអ្នកដើរកម្សាន្តលើសួនច្បារខាងលើនេះនិយាយថា គ្មានអ្នកណាបានដឹងពីជនពាលដែលប្រើទឹកថ្នាំគូរលើរូបសំណាកនេះទេ ប៉ុន្តែគេឃើញរូបភាពដ៏អាក្រក់នេះ ជិត១សបា្តហ៍ហើយ ។ ប្រភពដដែលបានបញ្ជាក់ថា អ្នកដើរហាត់ប្រាណលើសួនច្បារលោកស ខេង មួយចំនួនជាសមត្ថកិច្ច ឬជាមន្ត្រីរាជការ តែពួកគេហាក់ដូចមិនយកចិត្តទុកដាក់លើបញ្ហានេះ ឡើយ ម្យ៉ាងទៀតរូបសំណាកនេះស្ថិតនៅពីមុខភូមិគ្រឹះលោកប្រាជ្ញ ចន្ទ អភិបាលខេត្តចម្ងាយប្រហែល៥០ម៉ែត្រប៉ុណ្ណោះ តែគ្មានព័ត៌មានជ្រាបដល់គាត់ឡើយ ។
មន្ត្រីអប់រំមួយរូបដែលបានឈរពិនិត្យមើល រូបសំណាកខាងលើ កាលពីរសៀលថ្ងៃទី១ សីហា បាននិយាយថា រូបគំនូរដែលជនពាលគូរបន្ថែមលើរូបព្រះបាទជ័យវរ័្មនទី៧នេះ គឺមានចេតនាបន្តុះបង្អាប់ខ្លាំងណាស់ ។ មន្ត្រីរូបនោះបន្តថា គេយកទឹកថ្នាំពណ៌សគូររូបឆ្អឹងជំនីរ និងគូរលើផ្ទៃមុខដោយបន្ថែមតំណក់ទឹកភ្នែកដែលមើលទៅព្រះភ័ក្រ្តទាំងមូលហាក់កំពុងទួញសោកអ៊ីចឹង ដែលបញ្ហានេះ អាជ្ញាធរ ឬមន្ត្រីជំនាញគួរតែរួសរាន់ចាត់វិធានការសំអាត បើមិនដូច្នេះទេ រូបសំណាកនេះនឹងទទួលការរិះគន់យ៉ាងខ្លាំងមិនខាន ព្រោះនៅទីនេះ គឺជាទីប្រជុំជន និងជាកន្លែងដើរកម្សាន្ត ។ សូមបញ្ជាក់ថា រូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះ ឧបត្ថម្ភកសាងដោយឧកញ៉ាឌឿន សុវណ្ណ និងលោកជំទាវម៉ែន ស៊ីថា ៕
ចែករំលែកព័តមាននេះ