ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​ក្រី​ក្រ​រត់​ចេញ​ពីគ្លី​និក​ចូល​មក​មន្ទីរ​ពេទ្យ​របស់​រដ្ឋ​ដោយ​សារ​សេវា​ថ្លៃ​កប់​ពពក

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​៣​នាក់​ដែល​ក្រោយ​ពេល​ជួប​ គ្រោះថ្នាក់​ត្រូវ​បាន​រថយន្ដ​សា​មុ​យរបស់​​គ្លីនិក​ឯកជនមួយដឹក​យក​ទៅ​ សង្គ្រោះ​នៅ​គ្លី​និក​​របស់​​ខ្លួន​នោះ ​បាន​នាំ​គ្នា​រត់​ចេញ​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​វិញ ដោយសារ​តែ​តម្លៃ​ព្យា​បាល​នៅ​គ្លីនិក​ឯកជន​នោះ​

រាជ​ធានីភ្នំពេញ ៖ ​​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​៣​នាក់​ដែល​ក្រោយ​ពេល​ជួប​គ្រោះថ្នាក់​ត្រូវ​បាន​រថយន្ដ​សា​មុ​យរបស់​​គ្លីនិក​ឯកជនមួយដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លី​និក​​របស់​​ខ្លួន​នោះ ​បាន​នាំ​គ្នា​រត់​ចេញ​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​វិញ ដោយសារ​តែ​តម្លៃ​ព្យា​បាល​នៅ​គ្លីនិក​ឯកជន​នោះ​ថ្លៃ​ហួសហេតុ​ពេកធ្វើ​ឱ្យ​​អ្នកជំងឺ​គ្មាន​ប្រាក់​សម្រាប់​ព្យាបាលឡើយ ។

អ្នករង​គ្រោះ​ដែល​ត្រូវ​រថយន្ដ​សា​មុ​យ​របស់​គី​និក​ទួល​គោក​ដឹក​យក​ទៅ​ព្យាបាល​ពេល​​ជួប​គ្រោះថ្នាក់​ភ្លាម​ៗ បាន​ចេញពី​គ្លីនិកនោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ចំនួន​៣​នាក់ មាន​១-​ឈ្មោះប្រាក់ វិច ភេទ​​ប្រុស អាយុ​​៣៦​ឆ្នាំ ជា​បុ​គ្គលិ​ក​សន្ដិសុខ​ក្រុម​ហ៊ុន​ឆ្មាំ ជិះ​ម៉ូតូឌុប​ប្រពន្ធ​ឈ្មោះវី អាយុ​២៧​ឆ្នាំ ដើម្បី​យក​លុយទៅ​សង​គេ ក៏​បុក​ជាមួយ​រថយន្ដ​នៅ​មុខ​សាលា​ខណ្ឌប្ញស្សីកែវ ធ្វើ​ឱ្យបុរស​ឈ្មោះប្រាក់ វិច សន្លប់​បាត់ស្មារតី ចំណែកប្រពន្ធ​​គ្រាន់តែ​រយះ​​​កែងជើង​បន្ដិច ។ គ្រោះថ្នាក់​នេះត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ទូរស័ព្ទ​ហៅ​រថយន្ដ​សា​មុ​យ​របស់​គ្លីនិកទួល​គោកទៅ​ដឹក​ពីរ​នាក់​ប្ដី​-​ប្រពន្ធ​យក​ទៅ​ព្យាបាល​រយៈពេល​៣​យប់​៣​ថ្ងៃ​បង់ថ្លៃ​ព្យាបាល​អស់​ចំនួន​១.៣៩០ដុល្លារ​អា​មេ​រិ​ក ។ ដោយសារ​តម្លៃ​ព្យា​បាល​ថ្លៃ​ហួសហេតុ​ពេក​ ទើប​សាច់ញាតិ​បាន​សុំ​គ្រូពេទ្យ​ចេញ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យព្រះ​កុសុមៈ ប៉ុន្ដែ​បង់ប្រាក់​មិន​គ្រប់​​ក៏​បាន​យក​ប្លង់​ដី​មក​ដាក់បញ្ចាំ​ឱ្យ​ខាង​គ្លីនិក ។

អ្នក​រង​គ្រោះ​ទី​២​ឈ្មោះយ៉ុ​ម យ៉េន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រោលគោ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ដកណ្ដាល បាន​​​ជិះ​ម៉ូតូឌុប​ក្មួយ​ឈ្មោះជា ធេ​ប ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ ជា ស៊ី​ម ចំរើន​រដ្ឋ ទៅ​លេង​ផ្ទះ​ឪពុក​ធំនៅ​ព្រែក​ព្នៅ​ ក៏បុក​គ្នា​ជាមួយ​រថយន្ដ បណ្ដាល​ឱ្យឈ្មោះ​យ៉ុ​ម យ៉េន សន្លប់ ហើយ​ត្រូវ​រថយន្ដ​សា​មុ​យ​របស់​​គ្លីនិក​ទួល​គោក​ដឹក​យក​ទៅ​ព្យាបាល​នៅ​ទីនោះ ចំណែក​ក្មួយ​ឈ្មោះជា ធេ​ប ត្រូវ​ស្លាប់​បាត់​បង់​ជីវិត ។ រីឯ​ឈ្មោះយ៉ុ​ម យ៉េន ចូល​សម្រាក​​នៅ​គ្លីនិក​នាយប់​ថ្ងៃ​ទី​២៩ កក្កដា ២០១១ ចេញពី​គ្លីនិក​ទៅ​ព្យាបាល​បន្ដ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈនៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀលថ្ងៃ​ទី​៣០ កក្កដា បង់ថ្លៃ​ព្យាបាល​អស់​ចំនួន​​៨៧៥​ដុល្លារ​អា​មេ​រិ​ក ។

អ្នក​រង​គ្រោះ​ទី​៣​ ឈ្មោះកែវ ណា​វី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​២៩ ក្រុម​៧ ភូមិ​១ ផ្លូវ​លេខ​៣៥១ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួល​គោក ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ខណៈ​ពេល​ជិះ​ម៉ូតូឌុប​ចេញពី​ធ្វើការ​ហើយ​ម៉ូតូ គេច​ជាមួយ​រថយន្ដ​ធ្វើ​ឱ្យ​គាត់​ធ្លាក់​ពីលើ​ម៉ូតូ​បាក់ជើង ។ ភ្លាម​ៗ​នោះ ​អ្នក​នៅ​ជិត​កន្លែង​កើត​ហេតុ​បាន​នាំ​គ្នា​លើក​គាត់​ដាក់​ម៉ូតូយក​ទៅ​ចូល​គ្លីនិក​ទួល​គោករយៈពេល​៤​ម៉ោងបង់ថ្លៃ​សេវា​អស់​២១៥​ដុល្លារ​អា​មេ​រិ​ក ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​បី​នាក់​ខាងលើ ម្នាក់​ៗ​សុទ្ធតែ​ត្អូញត្អែរ​ និង​រាងចាល​មិន​ហ៊ាន​ចូល​គ្លីនិក​ឯកជន​ទៀត​ទេ ព្រោះបើ​តែ​ថ្នាក់​ហ្នឹង​ប្រជាពល​រដ្ឋ​ក្រីក្រ​លក់​ដី​ស្រែ​ចម្ការ​យក​មក​បង់​ថ្លៃ​ព្យា​បាល​ក៏​មិន​គ្រប់​ផង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ដ​សា​មុ​យ​របស់​គ្លីនិក​ឯកជន​មួយ​ចំនួន​យប់​ឡើង​បាន​​បើក​ដាក់ពង្រាយ​តាម​ផ្លូវ​ក្នុង​រាជធានីភ្នំពេញ ពេល​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ គឺ​ទៅ​ដល់​មុនគេ ចំណែក​រថយន្ដ​សា​មុ​យ​របស់​មន្ទីរ​ពេទ្យ​រដ្ឋ​ទៅ​មិន​ទាន់ទេ ។ ម្យ៉ាងទៀត​ដោយសារ​ថា​រថយន្ដ​សា​មុ​យ​ឯកជន​ពេល​ដែល​អ្នក​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូរស័ព្ទ​ប្រាប់​ខាងគ្លីនិក​​បានផ្តល់កម្រៃជើងសាមិន​ថា​ អ្នក​នោះ​ពលរដ្ឋសាមញ្ញ ឬ​សមត្ថកិច្ច​ទេ ដូច្នេះ​ហើយ​ទើប​មាន​អ្នក​ចូល​ចិត្ដ​ទូរស័ព្ទ​ហៅ ។ មិនតែ​ប៉ុណ្ណោះ រថយន្ដ​សា​មុ​យ​ឯកជន​ដឹក​តែ​អ្នក​រង​គ្រោះ​មិន​ធ្ងន់ធ្ងរ បើ​ធ្ងន់ធ្ងរ​គឺ​មិន​ដឹក​ទេ សុខចិត្ត​ត្រឡប់​មក​វិញ​រថយន្ដទទេ ។

ជុំវិញ​ករណី​នេះ ជន​រង​គ្រោះ​ទាំង​បី​រូប ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ សូម​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​មេត្ដា​ជួយ​ទប់ស្កាត់​រថយន្ដ​សា​មុ​យ​គ្លីនិក​ឯកជន​ទាំងអស់​ផង និង​ជួយ​ជំរុញ​ឱ្យ​អ្នក​ដែល​ឃើញ​ហេតុការណ៍​ទូរស័ព្ទ​ហៅ​រថយន្ដ​សា​មុ​យ​រដ្ឋដែល​មាន​លេខ​ទូរស័ព្ទ១១៩ ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ​ហៅ​ចូល​មិន​គិត​ប្រាក់ ទោះបី​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក​អត់​មាន​លុយ ក៏​ហៅ​ចេញ​​បានដែរ ៕