ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ថាមពលនៃក្ដីស្រឡាញ់មិនត្រឹមតែផ្ដល់ក្ដីសុខផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួជា «ថ្នាំបំបាត់ការឈឺចាប់» បែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពផងដែរ។
បើតាមការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ UCLA បានរកឃើញថា នៅពេលដែលមនុស្សយើងសម្លឹងមើលរូបថតគូស្នេហ៍ ឬមនុស្សដែលខ្លួនស្រឡាញ់ ខួរក្បាលនឹងបញ្ចេញប្រតិកម្មជួយកាត់បន្ថយកម្រិតនៃការឈឺចាប់ផ្នែករាងកាយបានចន្លោះពី ៣៦% ទៅ ៤៤%។
ការពិសោធតាមរយៈការស្កេនខួរក្បាលបានបង្ហាញថា សូម្បីតែការកាន់ដៃគ្នា ឬគ្រាន់តែសម្លឹងមើលរូបភាពដែលមានតម្លៃចំពោះចិត្ត ក៏អាចជួយឱ្យអារម្មណ៍ឈឺចាប់ខ្លាំងប្រែជាស្រាលស្រទន់ជាងមុនបានយ៉ាងច្រើន។ របកគំហើញនេះបានផ្លាស់ប្តូរការយល់ឃើញរបស់អ្នកជំនាញ ដោយបញ្ជាក់ថា មនោសញ្ចេតនាមានឥទ្ធិពលលើសពីការនៅក្បែរគ្នាដោយផ្ទាល់ ពោលគឺត្រឹមតែរូបភាពតំណាងឱ្យក្ដីស្រឡាញ់ក៏អាចជួយព្យាបាលរបួសចិត្ត និងកាយបានដែរ។ ដូច្នេះ ប្រសិនបើអ្នកត្រូវហែឆ្លងពេលវេលាដ៏លំបាក ឬមានធុរៈដែលបង្កការឈឺចាប់ ហើយមិនអាចនៅក្បែរមនុស្សជាទីស្រឡាញ់បាន ចូរដាក់រូបថតរបស់ពួកគេតាមខ្លួន ព្រោះវាជាឱសថដ៏ល្អសម្រាប់ជួយឱ្យអ្នកឆ្លងផុតគ្រាលំបាកនោះបានយ៉ាងប្រសើរ៕
ចែករំលែកព័តមាននេះ