សង្គ្រាមអ៉ីរ៉ង់ ៖ តុលាការអ៉ីរ៉ង់ កាលពីថ្ងៃទី២៣ មេសា បានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ថា ចេញផ្សាយព័ត៌មានក្លែងក្លាយពីរឿងនារីអ៉ីរ៉ង់ ដែលលោកថារងការគំរាមកំហែងប្រហារជីវិត តែអាចគេចផុតដោយសារសំណើលោក។

សារព័ត៌មានMIZAN របស់រដ្ឋអំណាចតុលាការអ៉ីរ៉ង់អះអាង នាយប់ថ្ងៃទី២២ មេសា ថា លោកត្រាំមានតែដៃទទេនៅទីលាន ដែលផ្ទុយពីការអះអាងពីជ័យជម្នះគ្រប់យ៉ាងរបស់លោក តាមរយៈព័ត៌មានក្លែងក្លាយ ។ មុននេះ នាថ្ងៃទី២២ មេសា លោកត្រាំអះអាងថា តាមសំណើលោកអាជ្ញាធរ
អ៉ីរ៉ង់ បានបោះបង់ចោលការប្រហារជីវិតនារីបាតុករ៨នាក់ ។ លោកអះអាងទៀតថា ក្នុងចំណោមនារីទាំង៨នាក់នោះ ៤នាក់នឹងត្រូវដោះលែងក្នុងពេលភ្លាមៗ ហើយ៤នាក់ទៀតនឹងត្រូវកាត់ទោសដាក់គុកត្រឹមមួយខែ ។
តាមបណ្ដាញសង្គម TRUTH SOCIAL ប្រធានាធិបតីអាមេរិកបន្តថា នេះជាដំណឹងដ៏ល្អបំផុត ខ្ញុំពិតជាដឹងគុណខ្លាំងដល់អ៉ីរ៉ង់ និងបណ្ដាមេដឹកនាំរបស់ខ្លួន ដែលគោរពតាមសំណើខ្ញុំ។ ប៉ុន្តែក្រុងតេហេរ៉ង់ នាថ្ងៃទី២១ មេសា បានបដិសេធការលើកឡើងដែលថា នារីច្រើននាក់អាចមានទោសប្រហារជីវិត។
លោកត្រាំជាថ្មីម្ដងទៀត បែរជាធ្វើឲ្យមានការយល់ច្រឡំ តាមរយៈការបញ្ចេញព័ត៌មានក្លែងក្លាយ។ តាមពិតទៅក្នុងចំណោមនារីជាច្រើនដែលថាប្រុងប្រហារជីវិត មួយចំនួនត្រូវបានដោះលែងរួចទៅហើយ ចំណែកអ្នកដទៃទៀត ជាកម្មវត្ថុនៃការបន្តកាត់ក្ដី ដែលអាចមានទោសត្រឹមដាក់គុក ៕
ចែករំលែកព័តមាននេះ