ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេសចិន និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ពុធ ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានីភ្នំពេញ ៖ នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ពុធ ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការ​បរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សន្ទនា​យុទ្ធសាស្ត្រ ២​បូក​២ រដ្ឋមន្ត្រី​ការ​បរទេស រដ្ឋមន្ត្រី​ការពារ​ជាតិ កម្ពុជា​-​ចិន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ និង​រីករាយ​ដែល​ជួប​ឯកឧត្តម វ៉ាង យី សា​ជា​ថ្មី​។ សម្ដេច​តេ​ជោ​បាន​ចាត់​ទុក​ឯកឧត្តម​ជា​មិត្ត​ចាស់​របស់​កម្ពុជា​ ដែល​បាន​ធ្វើការ​ជាមួយ​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​។ សម្ដេច​បាន​លើក​ឡើង​អំពី​ដំណើរ​របស់​រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ចិន ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ ២​បូក​២ រវាង​រដ្ឋមន្ត្រី​ការ​បរទេស រដ្ឋមន្ត្រី​ការពារ​ជាតិ កម្ពុជា​-​ចិន គឺ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​មិត្តភាព​ដ៏​រឹង​មាំ​រវាង​កម្ពុជា និង​ចិន​។​ សម្ដេច​បាន​សង្កត់ធ្ងន់​ថា ​ទោះបីជា​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​មានការ​ប្រែប្រួល​យ៉ាងណា​ក្តី ប៉ុន្តែ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​ចិន មិន​មានការ​ប្រែប្រួល​ឡើយ​ ។

ឯកឧត្តម វ៉ាង យី បាន​សម្ដែង​នូវ​ការ​អរគុណ ​ដែល​សម្ដេច​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​និង​សហការី​ បាន​ចូល​ជួប​សម្ដែង​ការ​គួរ​នៅ​ពេល​នេះ​។ ឯកឧត្តម​ពិតជា​រីករាយ​ ដែល​បាន​ជួប​សម្ដេច​តេ​ជោ​ជា​ថ្មី​ម្ដងទៀត ដែល​ជា​មិត្ត​ចាស់​របស់​ចិន​។ ឯកឧត្តម​ក៏​នាំ​មក​ជាមួយ​ នូវ​ការ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ចំពោះ​សម្ដេច​តេ​ជោ​ផង​ដែរ​។ ឯក​បាន​លើក​ឡើង​ថា ឯកឧត្តម​ប្រធានាធិបតី​ក៏​បានដឹង​ថា សម្ដេច​តេ​ជោ ថ្មី​ៗ​នេះ​បាន​ទៅ​កាន់​ប្រទេស​ចិន ​ក្នុង​ការ​តាមដាន​អំពី​ព្រះរាជ​សុខភាព​របស់​ព្រះ​ព្រះមហាក្សត្រ​កម្ពុជា ​។

ឯកឧត្តម វ៉ាង យី បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ថែ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​កម្ពុជា​។ ជាមួយ​គ្នា​នេះ​ឯកឧត្តម​ ក៏​បាន​លើក​ឡើង​ថា សម្ដេច​តេ​ជោ​គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​នូវ​ចំណងមិត្តភាព​រវាង​កម្ពុជា និង​ចិន​ ។

ឯកឧត្តម​ក៏​បាន​សង្កត់​នូវ​ពាក្យ​ថា ​មិត្តភាព​ដែកថែប​រវាង​កម្ពុជា​និង​ចិន គឺ​អាច​កើត​មាន​ឡើង​ គឺ​ដោយសារ​សម្ដេច​តេ​ជោ​ដែល​លោក​បាន​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការ​ពង្រឹង​ចំណងមិត្តភាព​កន្លង​មក ហើយ​បន្ត​ នៃ​ចំណងមិត្តភាព​ដោយ​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​។ ឯកឧត្តម​បាន​លើក​ឡើង​ថា មិត្តភាព​ដែកថែប​នេះ ឯកឧត្តម ស៊ី ជី​ន​ពីង ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា មិនមែន​មិត្តភាព​ដែកថែប​មាន​តែ​ឈ្មោះ​ទេ ប៉ុន្តែ​គឺជា​មិត្តភាព​ដែកថែប​ដែល​បាន​អនុវត្ត​ជាក់ស្ដែង​ជាមួយ​គ្នា​ ។

ឯកឧត្តម​ ក៏​បាន​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​អំពី​លទ្ធផល ​នៃ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ ២​បូក​២ រដ្ឋមន្ត្រី​ការ​បរទេស រដ្ឋមន្ត្រី​ការពារ​ជាតិ កម្ពុជា​-​ចិន ដែល​បាន​ប្រជុំ​ជជែក​ពិភាក្សា​គ្នា និង​បាន​សម្រេច​បាន​លទ្ធផល​ល្អ​ៗ​ជា​ច្រើន​ក្នុង​ការ​ពង្រឹង​ទៅ​លើ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​ ។

សម្ដេច​តេ​ជោ​ បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម វ៉ាង យី​។ សម្ដេច​ក៏​បាន​ផ្ដាំ​តាម​រយៈ​ឯកឧត្តម វ៉ាង យី ក្នុង​ការ​សួរសុខទុក្ខ​ទៅ​កាន់​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ផង​ដែរ​។ សម្ដេច​តេ​ជោ​ ក៏​បាន​អរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ផង​ដែរ ដែល​បាន​សួរសុខទុក្ខ​ដល់​សម្ដេច​ ។

សម្ដេច​តេ​ជោ​រីករាយ​ចំពោះ​លទ្ធផល​នៃ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ ២​បូក​២ រដ្ឋមន្ត្រី​ការ​បរទេស រដ្ឋមន្ត្រី​ការពារ​ជាតិ កម្ពុជា​-​ចិន ដែល​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ហើយ​សង្ឃឹមថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ហើយ​ឆ្លងកាត់​តាម​រយៈ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​នេះ អ្វី​ដែល​ជា​ការ​កត់សម្គាល់​សម្ដេច​តេ​ជោ​បាន​ជំរុញ​ទៅ​កាន់​ភាគី​ចិន គឺ​ស្នើ​ឱ្យ​ភាគី​ចិន​បន្ត​នូវ​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ សម្ដេច​បាន​សង្កត់ធ្ងន់​ទៅ​លើ​ចំណុច​ស្នូល​នៃ​ទំនាក់ទំនង គឺ​ទៅ​លើ​សេដ្ឋកិច្ច​ដែល​កម្ពុជា​ចង់​ពង្រឹង​នូវ​ភាព​ធន់​ផ្នែក​សេដ្ឋកិច្ច​នេះ​ឱ្យ​បាន​កាន់តែ​រឹង​មាំ​។ សម្ដេច​តេ​ជោ​ក៏​បាន​អរគុណ​ចំពោះ​មិត្ត​ចិន​ដែល​បាន​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​កន្លង​មក​ជា​ពិសេស​គឺ​ការ​ផ្ដល់​ជំនួយ​ក្នុង​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ការ​ជួយ​របស់​ចិន​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ពង្រឹង​នូវ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យ​បាន​រឹង​មាំ​។

ឯកឧត្តម វ៉ាង យី ក៏​បាន​លើក​ឡើង​ដោយ​សរសើរ​ចំពោះ​ភាព​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បាន​សរសើរ​ពី​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ក៏​ដូច​ជា​វិស័យ​ផ្សេង​ៗ​ទៀត ជា​ពិសេស​គឺ​មាន​អគារ​ខ្ពស់​ៗ អគារ​ធំ​ៗ​ជា​ច្រើន​ដែល​កើត​មាន​ឡើង ហើយ​រដ្ឋាភិបាល​ចិន​នៅ​តែ​បន្ត​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ស្រប​ទៅ​នឹង​សហគមន៍​ជោគវាសនា​រួម​ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ជាមួយ​គ្នា ហើយ​ក៏​ស្រប​ទៅ​នឹង​ផលប្រយោជន៍​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន​ផង​ដែរ​។

ជា​ចុង​ក្រោយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ឲ្យ​ឯកឧត្តម វ៉ាង យី បំពេញបេសកកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ភាព​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ