ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង មូលហេតុបើកបរល្បឿនលឿន មិនប្រកាន់ស្តាំ ។
ករណីនេះកើតឡើងនៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ចេញពីផ្សារជីភូ ទៅសាលាស្រុកចន្ទ្រា ស្ថិតនៅភូមិចំការលាវឃុំព្រៃគគីរ ស្រុកចន្ទ្រា ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1U-9552 លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទបែនដឹកខ្សាច់) ពាក់ស្លាកលេខស្វាយរៀង 3B-9007 បើកបញ្ច្រាសទិសគ្នា យ៉ាងលឿន បានបុកជាមួយម៉ូតូជនរងគ្រោះ ចំពីមុខពេញទំហឹង លាន់ដូចរ រួចកិនម៉ូតូជាប់ពីក្រោមអូសជាង២០ម៉ែត្រ ។ ចំណែកជនរងគ្រោះផ្លោងបោកក្បាលធ្ងន់ធ្ងរស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ។ បន្ទាប់មក សមត្ថកិច្ចធ្វើការវាស់វែង រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកចន្ទ្រា ដើម្បីដោះស្រាយតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ