អន្តរជាតិ ៖ តម្លៃប្រេងឆៅអន្តរជាតិ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានកើនឡើង បន្ទាប់ពីមានរបាយការណ៍ថា កប៉ាល់ដឹកជញ្ជូនចំនួន៣គ្រឿង រងការវាយប្រហារនៅច្រកសមុទ្រហ័រមូស (Hormuz) ដោយកងកម្លាំងអ៊ីរ៉ង់ កាលពីថ្ងៃទី២២ ខែមេសា ហើយ២គ្រឿងក្នុងចំណោមនោះត្រូវបានរឹបអូស ចំពេលកិច្ចចរចាសន្តិភាពជាប់គាំងរវាងអាមេរិក និងអ៊ីរ៉ង់ នាំឱ្យភាគីទាំងពីរបន្តរឹតបន្តឹងលំហូរពាណិជ្ជកម្មតាមរយៈច្រកសមុទ្រមួយនេះ។ នេះបើតាមប្រភពពី BBC និង Reuters បានចេញផ្សាយ។
ប្រេងឆៅ Brent ស្តង់ដាអឺរ៉ុបបានកើនឡើង ១,២៦ ដុល្លារ ឬ ១,២% តម្លៃ ១០៣,១៧ ដុល្លារអាមេរិកក្នុង១បារ៉ែល គិតត្រឹមម៉ោង១:៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានឡើងដល់លើស ១០០ ដុល្លារជាលើកដំបូងក្នុងរយៈពេលជាង២សប្តាហ៍ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ចំណែកប្រេងឆៅ West Texas Intermediate (WTI) ស្តង់ដាអាមេរិក ក៏បានកើនឡើង ១,២០ ដុល្លារ ឬ ១,៣% ដល់តម្លៃ ៩៤,១៦ ដុល្លារក្នុង១បារ៉ែល។
តម្លៃប្រេងឆៅបានកើនឡើងវិញ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានប្រកាសពន្យារបទឈប់បាញ់ ដើម្បីផ្តល់ពេលបន្ថែមទៀតដល់អ៊ីរ៉ង់ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។
ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែរក្សាការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់ឯណោះវិញ បានបើក ហើយបន្ទាប់មកក៏បានបិទច្រកហ័រមូសឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រហែល ២០% នៃការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ពិភពលោក៕

ចែករំលែកព័តមាននេះ