ខេត្តកំពង់ស្ពឺ ៖ ម៉ូតូមួយគ្រឿងម៉ាក Cub 70 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1L-9480 ត្រូវបានមន្ត្រីប៉ូលិសក្រុងច្បារមន ប្រទះឃើញនៅក្នុងព្រៃក្បែរមាត់ស្ទឹងព្រែកត្នោត ខាងក្រោយវិទ្យាល័យសុខាផល្លីចម្ងាយប្រហែល២០០ម៉ែត្រ ដោយជនពុំស្គាល់អត្តសញ្ញាណបានប្លុងចោល ហើយត្រូវបានយកទៅរក្សាទុកនៅការិយាល័យកណ្តាលនគរបាលកម្រិតធ្ងន់ដើម្បីសួររកម្ចាស់។
តាមព័ត៌មានពីលោកសម សាក់ អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ឱ្យដឹងថា ម៉ូតូមួយគ្រឿងនេះត្រូវគេយកទៅប្លុងចោលនៅក្នុងព្រៃ ក្បែរមាត់ស្ទឹងព្រែកត្នោត ខាងក្រោយវិទ្យាល័យសុខា ផល្លី ចម្ងាយប្រមាណជា២០០ម៉ែត្រ ក្នុងទឹកដីភូមិពាណិជ្ជកម្ម សង្កាត់ច្បារមន ក្រុងច្បារមន។ លោកបន្តថា ម៉ូតូនេះត្រូវបានប៉ូលិសក្រុងច្បារមន ប្រទះឃើញ និងយកទៅរក្សាទុកតាំងពីថ្ងៃទី២៨ កក្កដា វេលាម៉ោង១៧និង៣០នាទី។
ប្រភពបន្តថា ដោយហេតុរកម្ចាស់ពុំឃើញបែបនេះ ទើបការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ផ្សព្វផ្សាយដល់ម្ចាស់ម៉ូតូដែលមានភិនភាគ ដូចរូបភាពនេះស្រាប់ ដើម្បីមកទទួលពីមន្ត្រីប៉ូលិសដែលរកឃើញ និងរក្សាទុកជូនម្ចាស់ដើមវិញ ។ គេពុំទាន់ដឹងថា តើម៉ូតូនេះត្រូវគេលួច ឬក៏មានមូលហេតុបែបណានោះទេ រហូតមកដល់ពេលនេះពុំឃើញម្ចាស់មកសួរពីព័ត៌មានម៉ូតូរបស់ខ្លួននៅឡើយ។ ការិយាល័យនគរបាលកម្រិតធ្ងន់ព្យាយាមស្វាគមន៍ដល់ម្ចាស់ម៉ូតូដែលបាត់នោះ ដើម្បីមកទំនាក់ទំនងផ្ទាល់យកម៉ូតូទៅវិញ ៕
ចែករំលែកព័តមាននេះ